ភ្នំពេញៈ ថ្លែង​ពី​ទីក្រុង​ដាវ៉ូសទី​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត ក្នុង​ភាពថ្លៃថ្នូរ ដោយ​ធ្វើឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​នយោបាយ​អព្យាក្រឹត គ្មាន​អំពើហិង្សា និង​ការគំរាម​កំហែង​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់ថា ក្នុង​យុទ្ធនាការ​នៃ​ការឃោសនា​បោះឆ្នោត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ពុំមាន​បាតុភាព​អ្វី​កើតឡើង​នោះទេ និង​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ស្ងប់ស្ងាត់ និង​អព្យាក្រឹតភាព​ខាង​នយោបាយ​។

លោក​ថ្លែងថា «​ខ្ញុំព្រះករុណា ខ្ញុំ សូម អំពាវនាវ​ដល់​ជនរួមជាតិ និង​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ធ្វើ​សកមុ្មភាព​ដោយ​ភាពថ្លៃថ្នូរ ហើយ​ធ្វើយ៉ាងណា​ឱ្យ​ការបោះឆ្នោត​របស់​យើង​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​នយោបាយ​អព្យាក្រឹត​។ គ្មាន​អំពើហិង្សា គ្មាន​ការគំរាម​កំហែង ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ប្រជាជន​ជ្រើសរើស​នូវ​ថ្នាក់ដឹកនាំ​របស់​ខ្លួន​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា ការរីកចម្រើន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាមរយៈ​ការបោះឆ្នោត​ជា​ទៀងទាត់ និង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នឹងមាន​ភាពរឹងមាំ​។

ជុំវិញ​យុទ្ធនា​ការឃោសនា​រក​សំឡេង​ឆ្នោត​នេះដែរ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​នឹង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​គណបក្ស​នយោបាយ​ទាំង ១៧ និង ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ពិនិត្យ​មើល​សភាពការណ៍​ទូទៅ​ជុំវិញ​ដំណើរការ​នៃ​ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី ​៥ ឆ្នាំ ​២០២២ នៅ​ថ្ងៃទី​ ២៧ ខែឧសភា​។

លោក​ សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប. ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ២៥ ឧសភា​ថា ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ គ.ជ.ប. បានកំណត់​យក​ពេលវេលា​សមស្រប​មួយ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី​ដំណើរការ​នៃ​ការឃោសនា​បោះឆ្នោត និង​ដោះស្រាយ​រាល់​បញ្ហា និង​សំណូមពរ​ពី​គណបក្ស​នយោបាយ និង​ភាគី​ពាក់ព័ន្ធ​។

លោក​ថ្លែងថា​៖ «​នៅ​អំឡុង​ពេលនេះ យើង​អាចធ្វើ​ការវាយតម្លៃ​បាន​អំពី​ស្ថានភាព​ទូទៅ​នូវ​ដំណើរការ​ឃោសនា​បោះឆ្នោត ប្រព្រឹត្ត​ទៅ​បែបណា​? មាន​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ល្អ​ដែរ​ទេ​?»​។

លោក​បន្ថែមថា​៖ «​ហើយ​មានការ​រំលោភ​ទៅលើ​គោលការណ៍​នៃ​ការឃោសនា​បោះឆ្នោត​យ៉ាងណា​ដែរ និង​មាន​បណ្តឹង​ទាក់ទង​ទៅនឹង​ការឃោសនា រក​សំឡេង​របស់​គណបក្ស​ដែរឬទេ​? ​និង​អ្វីខ្លះ​ជា​បញ្ហា​ប្រឈម​នៅក្នុង​យុទ្ធនាការ​ឃោសនា បោះឆ្នោត​កន្លងមកនេះ​»​។

លោក​ថា កិច្ចការ​ទាំងអស់​នេះ មិនចាំបាច់​តម្រូវឱ្យ​បញ្ចប់​យុទ្ធនាការ​នៃ​ការឃោសនា​បោះឆ្នោត​ក្នុង​រយៈពេល ​១៤​ ថ្ងៃ​នោះទេ គឺ គ.ជ.ប. ជ្រើស​រើសយក ក្នុង​រយៈពេល​ ៧​ ថ្ងៃនេះ ដើម្បី​ធ្វើការ​វាយតម្លៃ និង​ធ្វើការ​កែលម្អ​។ ជាមួយ​គ្នានេះ ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា ដើម្បី​ធ្វើឱ្យ​ដំណើរការ​ឃោសនា​បោះឆ្នោត​បន្តទៀត​មាន​លក្ខណៈ​ល្អ និង​រលូន​ជាមួយ​នឹង​ការយល់​គ្នា​ទៅវិញ​ទៅមក​។

បើតាម​លោក​ សោម សូរីដា កិច្ចប្រជុំ​នេះ ក៏​ដើម្បីឱ្យ​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត គ្រប់​លំដាប់​ថ្នាក់​។ កិច្ចប្រជុំ​នេះ ក៏​នឹង​ដោះស្រាយ​នូវ​រាល់​សំណូមពរ និង​កង្វល់​របស់​គណបក្ស​នយោបាយ និង​ភាគី​ពាក់ព័ន្ធ​ជុំវិញ​ដំណើរការ​ឃោសនា​បោះឆ្នោត​នេះ​។

គ.ជ.ប. នៅ​ថ្ងៃទី​ ២៥ ឧសភា ក៏បាន​ក្រើនរំឭក​ដល់​គណបក្ស​នយោបាយ ឬ​/​និង​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឱ្យ អនុវត្តតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​(​ច.ប.ឃ.ស​) បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ (​ប.ន.វ.ស​) ក្រោយពី​ស្ថាប័ន​បោះឆ្នោត បាន​កត់​សម្គាល់​ឃើញ​នូវ​សកម្ម​ភាពមិន​ត្រឹមត្រូវ​មួយចំនួន​របស់​គណបក្ស​នយោបាយ​។

អនុលោម​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ការឃោសនា​បោះឆ្នោត​មាន​គោលបំណង​ឱ្យ​គណបក្ស​នយោបាយ​ដែល​បាន​អនុញ្ញាត​ឱ្យ​ចុះបញ្ជី​បេក្ខជន និង​បេក្ខជន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍ​ឃុំ​-​សង្កាត់​ដល់​អ្នកបោះឆ្នោត​។ ការឃោសនា បោះឆ្នោត​មាន​រយៈពេល​ ១៤​ ថ្ងៃ ហើយ​គ្រប់​សកម្មភាព​ឃោសនា​ត្រូវ​បញ្ឈប់ ២៤ ​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត​។

លោក​ អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៥ ឧសភា ថា ការបើក​កិច្ចប្រជុំ​ជាមួយ​គណបក្ស​នយោបាយ និង​ភាគី​ពាក់ព័ន្ធ​របស់ គ.ជ.ប. គឺជា​រឿង​មួយ​ល្អ​។ ប៉ុន្តែ ការផ្តល់​យោបល់​ទៅហើយ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​កម្រិតណា​នោះ លោក​មិនទាន់​ហ៊ាន​បរិយាយ​នោះទេ​។

លោក​ថ្លែងថា​៖ «​កាលណា គជប មាន​កិច្ចប្រជុំ និង​ជួប​ជាមួយ​នឹង​តំណាង​គណបក្ស​នយោបាយ​ ដើម្បី​ទទួលយក​នូវ​មតិយោបល់ ឬក៏​មាន​បញ្ហា​ណា ដែល​បាន​កើតឡើង​នៅតាម​មូលដ្ឋាន ចំពោះ​ការឃោសនា​របៀប​ម៉េច គឺជា​រឿង​មួយ​ល្អ​។ ខ្ញុំ​មើលឃើញ​មានការ​យកចិត្ត​ទុកដាក់​ច្រើន​»​។

បើតាម​លោក​ អ៊ូ ច័ន្ទរ័ត្ន លោក​សង្កេតឃើញ​ដំណើរការ​ឃោសនា​របស់​គណបក្ស​នយោបាយ​នានា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ នៅ​អំឡុង​ពេលនេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​គ្មាន​អំពើ​ហិង្សា ដែល​ខុសប្លែក​ពី​អាណត្តិ​មុនៗ និង​ជាពិសេស​មានការ​យកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​ជាតិ គ.ជ.ប. និង​ថ្នាក់ដឹកនាំ​នៅ​មូលដ្ឋាន​ច្រើន​។

លោក​ សំ សុគន្ធាមី នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ​(​និកហ្វិច​) លោក​នឹងចូលរួម​ដោយផ្ទាល់ ដើម្បី​ស្តាប់​សភាពការណ៍​នៃ​ការឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​នានា​។ លោក​សំណូមពរ​មួយចំនួន​ដល់​គណៈ​-​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឱ្យមាន​ការដោះស្រាយ​ចំពោះ​ការបំផ្លាញ​ស្លាក​សញ្ញា​របស់​គណបក្ស​នយោបាយ​មួយចំនួន​នៅ​ខេត្តសៀមរាប​។

លោក​ថា​៖ «​ជាមួយ​គ្នានេះ ខ្ញុំ​ក៏​នឹង​ស្នើ​ដល់ គ.ជ.ប. ប្រាប់​ទៅ​គណៈកម្មការ​រៀបចំ ការបោះឆ្នោត​រាជធានី​-​ខេត្ត​ត្រូវធ្វើ​យ៉ាងណា​ឱ្យមាន​ការផ្សព្វផ្សាយ​ និង​មាន​ភាពរលូន​ដោយ​ស្មើភាព​គ្នា​ទៅដល់​គណបក្ស​នយោបាយ​ទាំងអស់ ដែល​ចូលរួម​ការប្រកួត​ប្រជែង​ការបោះឆ្នោត​នេះ​»​។

ទោះជា​យ៉ាងណា លោក​ថា​ដំណើរការ​ឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​ក្នុងអំឡុង​ពេលនេះ​មិនមាន​អ្វី​ជា​បញ្ហា និង​កត់សម្គាល់​នោះទេ​។ គណបក្ស​នយោបាយ​នានា បាន​ឃោសនា ដោយ​ហែក្បួន​មាន​ឡាន មាន​ម៉ូតូ និង​ចុះ​ចែក​ខិត្តប័ណ្ណ​គោលនយោបាយ​របស់ខ្លួន​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។

សេចក្តី​ប្រកាស​ព័ត៌មាន របស់ គ.ជ.ប. កាលពី​ថ្ងៃទី​ ២៤ ឧសភា ឱ្យដឹងថា តាម​ការសង្កេតឃើញ​ថា ការឃោសនា​បោះឆ្នោត​ថ្ងៃទី​ ៤ ​នេះ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​មាន​ការហែក្បួន​តិចតួច​ប៉ុណ្ណោះ​។ ប៉ុន្តែ​សកម្មភាព​នៃ​ការជួបប្រជុំ ការចែក​ខិត្តប័ណ្ណ​តាម​ផ្ទះ ការចាក់​មេក្រូ​ផ្សព្វផ្សាយ គឺ​នៅតែ​ផុលផុស​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ស្ថានភាព​ទូទៅ​នៃ​ដំណើរការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ក្នុង​ថ្ងៃទី ​៤ ​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ គ្មាន​អំពើ​ហិង្សា និង​គ្មាន​ការគំរាម​កំហែង​។

បើតាម គ.ជ.ប. ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ មាន​រយៈពេល​ ១៤ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២១ ខែឧសភា ដល់​ថ្ងៃទី​ ៣ ខែមិថុនា ឆ្នាំ​ ២០២២​។ ការធ្វើ​សកម្មភាព​ឃោសនា​ត្រូវ​គោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី រួមទាំង​សេចក្ដីណែនាំ​របស់ គ.ជ.ប. ៕