ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូលរួម​ជាមួយ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល និង​ឥស្សរជន​ជាន់ខ្ពស់​មកពី​បណ្ដា​ប្រទេស​អាស៊ី​ដទៃទៀត​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​ ២៧ ស្ដីពី «​អនាគត​របស់​អាស៊ី​»​ នៅ​ថ្ងៃទី​ ២៦-២៧ ខែឧសភា នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​តាម​ប្រព័ន្ធ​វីដេអូ​។

សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី​ ២៥ ខែឧសភា​ថា សន្និសីទ​នេះ​ធ្វើឡើង​ក្រោម​មូលបទ «​ការកំណត់​ឡើងវិញ​នូវ​តួនាទី​របស់​ទ្វីបអាស៊ី នៅក្នុង​ពិភពលោក​ដែល​បែកខ្ញែក​» ​ក្នុង​ទម្រង់​រូបវន្ត​ផង និង​តាម​ប្រព័ន្ធ​អនឡាញ​ផង​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា លោក​ ហ៊ុន សែន ​នឹង​ថ្លែង​ពី​ការស្តារ​សេដ្ឋកិច្ច-​សង្គម​ឡើងវិញ​ក្រោយពី​វិបត្តិ​ជំងឺ​កូវីដ ១៩ ការបន្ត​ដាក់​សម្ពាធ​លើ​បរិយាកាស​សន្តិសុខ​សកល ការប្រកួត​ប្រជែង​ភូមិសាស្ដ្រ​នយោបាយ​រវាង​មហាអំណាច និង​សារៈសំខាន់​នៃ​ពហុភាគី​និយម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដោយ​ផ្អែកលើ​វិធាន​ច្បាប់​។ លោក​ក៏​នឹង​គូសបញ្ជាក់​ផងដែរ​អំពី​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​ កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ និង​អំពើ​ភេរវកម្ម​ឆ្លងដែន និង​តួនាទី​របស់​អាស៊ាន រួមទាំង​កម្ពុជា​ក្នុង​ការកសាង​អនាគត​ដ៏​ត្រចះត្រចង់​សម្រាប់​ទ្វីបអាស៊ី និង​ពិភពលោក​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​ការអញ្ជើញ​ចូលរួម​តាម​ប្រព័ន្ធ​វីដេអូ​របស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​នៅក្នុង​សន្និសីទ​អន្តរជាតិ​ខាងលើ​នឹង​ឆ្លុះបញ្ចាំង​អំពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ដើរតួនាទី​ដ៏​សកម្ម​នៅក្នុង​ការកសាង​អនាគត​ប្រកប​ដោយ​និរន្តរភាព​មួយ​សម្រាប់​អាស៊ី និង​ពិភពលោក ជាពិសេស​នៅក្នុង​បុព្វហេតុ​ស្តារឡើងវិញ​ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២៥ ខែឧសភា​ថា អ្វីដែល​កម្ពុជា​អាច​ចែករំលែក​ក្នុង​វេទិកា​នេះ​ជាមួយ​ប្រទេស​ផ្សេងទៀត គឺពាក់ព័ន្ធ​នឹង​បទពិសោធ «​ប្រកប​ដោយ​ភាពជោគជ័យ​» របស់​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ- ១៩ និង​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ដែលជា​មេរៀន​ដ៏​សំខាន់​មួយ​។

លោក​ថ្លែងថា កម្ពុជា​ក៏​នឹង​ផ្តោតលើ​សារៈសំខាន់​ពាក់ព័ន្ធ​នឹង​គោលការណ៍​ពហុភាគី​និយម ពីព្រោះ​បញ្ហា​ប្រឈម​ជាច្រើន ដែល​ចាំបាច់​ត្រូវការ​សាមគ្គីភាព​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់នេះ រាប់ទាំង​ជំងឺ​រាតត្បាត​កូវីដ- ១៩​បញ្ហា​បម្រែបម្រួល​អាកាសធាតុ បញ្ហា​បរិស្ថាន​ក៏ដូចជា​បញ្ហា​កង្វល់​សន្តិសុខ​អន្តរជាតិ​ផ្សេងទៀត​ដូចជា​អំពើ​ភេរវកម្ម​ជាដើម​។ កម្ពុជា​អាច​នឹង​លើកឡើង​ពាក់ព័ន្ធ​ជាមួយនឹង​សណ្តាប់ធ្នាប់​ពិភពលោក​ដែល​ពឹង​ផ្អែកលើ​ច្បាប់ (Rule-based global order)​។ លោក គិន ភា ថ្លែងថា​៖ «​ដូចជា​វិបត្តិ​នៅ​អ៊ុយក្រែន​នេះ​វា​បង្ហាញ​ពី​ភាពចលាចល​នៃ​សណ្តាប់ធ្នាប់​ពិភពលោក​ដែល​ចាំបាច់​ត្រូវតែ​នាំគ្នា​ពង្រឹង​ទៅលើ​គោល​កាណ៍​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​»៕