ភ្នំពេញៈ ក្នុង​សវនាការ​លើក​ទី​ ៤១ លោក​ កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្យាយាម​ឆ្លើយ​សំណួរ​របស់​ក្រុម​សហមេធាវី​របស់លោក​ និង បង្ហាញ​ភ័ស្តុតាង​មួយចំនួន ​ដើម្បី​ដោះ​បន្ទុក​ពី​ការចោទប្រកាន់​ពាក់ព័ន្ធ​ទៅនឹង​បទសន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​ត្រូវរ៉ូវ​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

លោក ចាន់ ចេន សហមេធាវី​របស់លោក កឹម សុខា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី​ ២៥ ឧសភា ថា សវនាការ​លោក កឹម សុខា លើក​ទី ៤១ នេះ​មិនមាន​លក្ខណៈ​ជឿនលឿន​ទៅមុខ​ទៅតាម​អ្វីដែល​ក្រុម​មេធាវី ក៏ដូចជា​កូនក្តី​របស់​លោក​ចង់បាន​នោះទេ​។ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​កត់សម្គាល់ គឺ​ក្រុមប្រឹក្សា​បាន​ផ្តល់​ឱកាស​ឱ្យ​សហមេធាវី​របស់​លោក សួរដេញដោល លោក កឹម សុខា ​ដែលមាន ១២ សំណួរ​។

លោក​បន្តថា សំណួរ​ទាំងនោះ​ពាក់ព័ន្ធ​ទៅនឹង​បទ​ចោទ​ដូចជា​សួរថា​៖ «​តើ​ឯកឧត្តម កឹម សុខា មាន​បាន​ចុះ​កិច្ចព្រមព្រៀង ឬ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ឬ ភ្នាក់ងារ​បរទេស​ឬទេ​?»​។

លោក កឹម សុខា បាន​ឆ្លើយ​នូវ​រាល់​សំណួរ​ទាំងអស់​របស់​មេធាវី​ដោយ​បាន​បង្ហាញថា លោក​មិនបាន​ឃុបឃិត​ជាមួយ​រដ្ឋបរទេស ឬ​ភ្នាក់ងារ​បរទេស ឬ អង្គការ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ​។ ផ្ទុយទៅវិញ​រាល់​សកម្មភាព​ទាំងអស់​របស់​លោក កឹម សុខា ដែល​បានធ្វើ​តាំងពី​ចូល​ឆាកនយោបាយ​នៅក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា គណបក្ស​ហ៊្វុនស៊ិនប៉ិច មជ្ឈមណ្ឌ​សិទ្ធិមនុស្ស​កម្ពុជា​ និង​ក្រោយមក​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ស្ថាប័ន​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ គឺ​មិនបាន​ឃុបឃិត​ជាមួយ​បរទេស​ដូច​ការចោទប្រកាន់​នោះទេ​។ ដោយឡែក អង្គការ​អន្តរជាតិ​មាន USAID ជាដើម​ក៏​ជា​ស្ថាប័ន​មួយ​ដែល​រដ្ឋាភិបាល​ទទួលស្គាល់​ដែរ​។ លោក​ថ្លែងថា៖ «​ឯកឧត្តម កឹម សុខា បានបញ្ជាក់​ច្បាស់​ហើយ​ថា គឺ​អត់​បានធ្វើ​អី​តាម​ការចោទប្រកាន់​របស់​តំណាង​អយ្យការ​ទេ​»​។

លោក​ ចាន់ ចេន បន្តទៀត​ថា សវនាការ​នៅ​ព្រឹក​ថ្ងៃទី​ ២៥ ​ឧសភា លោក កឹម សុខា ក៏បាន​ឱ្យ​ចាក់​វីដេអូ​មួយ​ដែល​បាន​ថ្លែង​នៅ​ខេត្តព្រៃវែង ដើម្បី​គាំទ្រ​នូវ​សម្តី​របស់​លោក​ថា លោក​មិន​ត្រឹមតែ​មិនបាន​ឃុបឃិត​ជាមួយ​បរទេស​ទេ​សូម្បីតែ​រណប​បរទេស​ក៏​លោក​មិន​ធ្វើជា​ដាច់ខាត​។ នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា លោក កឹម សុខា អត់​មាន​ត្រូវរ៉ូវ​ ឬ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា មាន​ភាព​ប្រទូសរ៉ាយ​នោះទេ​។ លោក​បញ្ជាក់ថា​៖ «​អ្វីដែល​ឯកឧត្តម កឹម សុខា ថ្លែង ​១ ​ព្រឹក​នេះ ក៏ដូចជា​កន្លងមក គឺ​ចង់​បង្ហាញថា គាត់​ជា​មនុស្ស​ស្អាតស្អំ អត់​មាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ​»​។

លោក ​ចាន់ ចេន ​ក៏​សង្កេតឃើញ​ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​លើកឡើង​ថា នៅក្នុង​សវនាការ​លើក​នេះ​លោក កឹម សុខា និង​មេធាវី​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ ហាក់បីដូច​ជាមាន​សិទ្ធិ​ពេញលេញ និង​ឱកាស​និយាយ​ច្រើន​នៅក្នុង​សវនាការ ប៉ុន្តែ​តាមច្បាប់​ ជនជាប់ចោទ​មាន​សិទ្ធិ​ទទួល​នូវ​ការជំនុំជម្រះ​ឱ្យបាន​ឆាប់ និង​យុត្តិធម៌​។

លោក​ ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​រាជធានី​-​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សវនាការ​លោក កឹម សុខា នៅ​ថ្ងៃទី​ ២៥ ខែឧសភា មិនមាន​អ្វី​ទៅមុខ​ទេ ដោយហេតុថា ក្រុមប្រឹក្សា​ជំនុំជម្រះ​បានកំណត់​អំពី​ការសាកសួរ​អំពី​ការចុះឈ្មោះ និង​ការប្រកាស​លទ្ធផល​បោះឆ្នោត ប៉ុន្តែ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​បាន​លើក​ជា​សំណួរ​ក៏ដូចជា​បញ្ហា​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​ជនជាប់ចោទ​ទៅវិញ​។ លោក​ថ្លែងថា​៖ «​ករណីនេះ​គឺជា​ការមិន​គោរព​នឹង​ការសម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ម្យ៉ាងទៀត ការសាកសួរ​នេះ​ទៀតសោត​គឺ​បានធ្វើ​រួច​តាំងពី​ចាប់ផ្តើម​សវនាការ​លើក​ទី​ ២​ ឬ​ទី​ ៣ មក​ម្ល៉េះ។ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​សវនាការ​មិនបាន​ទៅមុខ ហើយ​ដែលជា​ទម្លាប់​កន្លងមក មានការ​ចោទប្រកាន់​ថា តុលាការ​មាន​ចេតនា​អូសបន្លាយ​ពេលវេលា​សវនាការ​»​។

តាម​ប្រតិទិន​របស់​តុលាការ សវនាការ​របស់​លោក កឹម សុខា នឹងត្រូវ​បន្តធ្វើ​នៅ​ថ្ងៃទី ​១ ខែមិថុនា ឆ្នាំ​ ២០២២៕

វីដេអូ៖