
ម៉ូតូថ្មីប្រភេទផ្សេងគ្នារបស់កម្មករដែលចតទុកនៅក្នុងរោងចក្រ ៤៣ គ្រឿងត្រូវភ្លើងឆេះ។ រូបថត ហ្វេសប៊ុក
ស្វាយរៀងៈ មន្ត្រីនគរបាលបានថ្លែងឱ្យដឹងកាលពីម្សិលមិញថា ម៉ូតូថ្មីប្រភេទផ្សេងៗគ្នាចំនួន ៤៣ គ្រឿង ដែលកម្មករចតទុកនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀងត្រូវបានឆេះខូចខាតស្ទើរតែទាំងអស់ កាលពីរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២។
លោក កែម តារា អធិការរងទទួលផែនសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងបាវិតបានប្រាប់ភ្នំពេញប៉ុស្តិ៍ឱ្យដឹងនៅថ្ងៃទី ២៥ ខែឧសភា ថា មូលហេតុដែលបណ្ដាលឱ្យមានភ្លើងឆេះ គឺកើតចេញពីចរន្តអគ្គិសនី ឆេះខ្សែភ្លើងម៉ូទ័របូមទឹក ពេលកម្មករប្រុសស្រីបានសម្រាកពីការងារសម្រាប់អាហារថ្ងៃត្រង់។
លោកបន្តថា៖ «ម៉ូតូទាំងនោះជាម៉ូតូរបស់ក្រុមកម្មករដែលពួកគាត់ជិះទៅធ្វើការ»។
លោក កែម តារា ថ្លែងថា អគ្គិភ័យបានរលត់ទៅវិញដោយមិនបានប្រើរថយន្តពន្លត់អគ្គិភ័យឡើយ។ ក្រោយហេតុការណ៍កម្លាំងសមត្ថកិច្ចបានពិនិត្យ និងរាប់ចំនួនម៉ូតូដែលត្រូវភ្លើងឆេះទាំងស្រុងមានចំនួន ៤៣ គ្រឿង ហើយម៉ូតូ ១១ គ្រឿងទៀតត្រូវខូចខាតមធ្យម។ ករណីនេះមិនទាន់ដឹងថា ខាងរោងចក្រកាត់ដេរនឹងមានដំណោះស្រាយយ៉ាងណាទេ ប៉ុន្តែអាជ្ញាធរកំពុងព្យាយាមសម្របសម្រួលក្នុងការងារនេះហើយ។
លោកមេធាវី យុង ផានិត ថ្លែង ថា បើមានករណីបែបនេះ គឺភាគីខាងរោងចក្រត្រូវតែទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិរបស់កម្មកររោងចក្រទាំងស្រុង។
លោកថ្លែងថា៖ «បញ្ហានេះកម្មករបានយកសម្ភារផ្ទាល់ខ្លួនមកបម្រើការឱ្យរោងចក្រ អ៊ីចឹងត្រូវតែទទួលខុសត្រូវរាល់ការបាត់បង់រាល់ការខូចខាត។ ព្រោះការឆេះនោះស្ថិតក្នុងបរិវេណរោងចក្រ»៕