ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ស្នើឱ្យ​គណបក្ស​ភ្លើងទៀន​ពិនិត្យ​ឡើងវិញ​ចំពោះ​ការសម្រេច​តែងតាំង លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស ព្រោះ​ផ្ទុយ​នឹង​លក្ខន្តិកៈ​គណបក្ស​​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួង​មហាផ្ទៃ និង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។

តាមរយៈ​លិខិត​លេខ​ ១២-៣០/ ​សជណ ផ្ញើជូន​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើងទៀន​ពីថ្ងៃ​ទី​ ២៥ ខែឧសភា លោក ស ខេង បាន​សរសេរ​ថា «​ខ្ញុំ​សូម​ជម្រាបជូន​លោក​ប្រធាន​គណបក្ស​ថា ក្រសួង​មហាផ្ទៃ​បាន​ពិនិត្យ​ឃើញថា ការសម្រេច​តែងតាំង លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន​​តាមរយៈ​សេចក្ដី​សម្រេច​ដូច​ចុះ​ក្នុង​យោង​ខាងលើ​គឺជា​ការអនុវត្ត​ផ្ទុយ​នឹង​ប្រការ​ ២០ និង​ប្រការ​ ៣៣ ​នៃ​លក្ខន្តិកៈ គណបក្ស​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួង​មហាផ្ទៃ និង​លិខិត​លេខ ៥៧៩ សជណ ចុះ​ថ្ងៃទី​ ៩ ខែមីនា ឆ្នាំ​ ២០២២ របស់​ក្រសួង​មហាផ្ទៃ ព្រមទាំង​បញ្ញត្តិ​មាត្រា​ ២៦ ​ថ្មី​នៃ​​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។

លោក ស ខេង បន្តថា​៖ «​ដូច្នេះ​​ក្រសួង​មហាផ្ទៃ​ស្នើឱ្យ​គណបក្ស​ភ្លើងទៀន​ត្រូវធ្វើ​ការពិនិត្យ​ឡើងវិញ និង​អនុវត្តតាម​លក្ខន្តិកៈ គណបក្ស​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ និង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​គណបក្ស​​នយោបាយ​។ ​អាស្រ័យ​ហេតុនេះ សូម​លោក​ប្រធាន​គណបក្ស​ជ្រាប និង​ចាត់ចែង​អនុវត្ត​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​»​។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៥ ខែ​ឧសភា ថា ក្នុង​លិខិត​នេះ​បាន​​ចែង​យ៉ាងច្បាស់​ពី​មាត្រា​លក្ខន្តិកៈ និង​ច្បាប់ ដែល​គណបក្ស​នេះ​​បានធ្វើ​ផ្ទុយ ហើយ​គណបក្ស​ភ្លើងទៀន​ក៏ដូចជា​លោក សុន ឆ័យ ក៏​បានដឹង​រួចហើយ​ដែរ ។

លោក​ថា​៖ «​គណបក្ស​ភ្លើងទៀន​ក៏មាន​អ្នកចេះ​ច្បាប់​ដែរ ហើយ​ពិសេស លោក សុន ឆ័យ ខ្លួនឯង​ក៏​ចេះ​ច្បាប់​ដែរ​។​ ការធ្វើ​យ៉ាងម៉េច​? ​គាត់​យល់​ខ្លួន​គាត់​ហើយ​។ បើសិនជា​មិន​អនុវត្ត​តាម​ក៏​គាត់​យល់​ខ្លួន​គាត់​ដែរ​។ យើង​មិនអាច​ថា បាន​ទេ មាន​​តែ​អ្នក​ខុសច្បាប់​ទេ បាន​គាត់​ដឹង​រឿង​ហ្នឹង​»​។

លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍ តាមរយៈ​ទូរស័ព្ទ​នៅពេល​ដែល​លោក​កំពុង​ដឹកនាំ​ឃោសនា​បោះឆ្នោត​ពី​ខេត្ត​ស្ទឹងត្រែង​នៅ​ថ្ងៃទី​ ២៥ ខែឧសភា ថា លោក​មិនទាន់​ទទួលបាន​លិខិត​នេះ និង​​មិនទាន់​បាន​ពិនិត្យថា វា​ខុស​ត្រង់ចំណុច​ណាមួយ​នោះទេ ។ ទោះជា​យ៉ាងណា បើ​ពិនិត្យ​ទៅ​មាន​ឃើញ​ខ្វះ​ចំណុច​ណាមួយ​នោះ គណបក្ស​នឹង​បំពេញ​ជូន​​ទៅ​ក្រសួង​ឡើងវិញ​។

លោក​ថា​៖ «​ធម្មតា​ការ​តែងតាំង​សមាសភាព​ក្នុង​គណបក្ស​មិន​ពាក់ព័ន្ធ​នឹង​ទោសទណ្ឌ​អី​ទេ​។ វា​គ្រាន់តែ​ខ្វះខាត​ចំណុច​ណា​​មួយ​ តែ​ខ្ញុំ​មិនទាន់​ដឹងថា​ខុស​អី​ទេ​។ យើង​ក៏​អរគុណ​ក្រសួង​មហាផ្ទៃ​ដែរ ដែល​បាន​រំឭក​យើង​។ យើង​នឹង​ឆែក​មើល បើ​មាន​ខុស​អី យើង​បំពេញ​បន្ថែម រួច​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ​វិញ​»​។

មាត្រា ២៦ ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ចែងថា គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​រួចហើយ​ត្រូវ​បញ្ជូនទៅ​ក្រសួង​មហាផ្ទៃ​នូវ​បញ្ជី​ឈ្មោះ​ប្រធាន និង​អនុប្រធាន​នៃ​គណបក្ស​នយោបាយ​ក្នុងករណី​ដែលមាន​អនុប្រធាន និង​សមាសភាព​នៃ​គណៈកម្មាធិការ​នាយក​ ​ឬ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​ ឬ​អង្គការ​សមមូល​នឹង​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​គណបក្ស​​នយោបាយ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ជីវប្រវត្តិ​សង្ខេប ដែល​​មាន​បិទ​រូបថត​ទំហំ​ ៤ x៦​។

មាត្រា​នេះ​បន្តថា ការផ្លាស់ប្ដូរ​ប្រធាន ឬ​អនុប្រធាន​នៃ​គណបក្ស​នយោបាយ ឬ​សមាសភាព​នៃ​គណៈកម្មាធិការ ឬ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​ ឬ​អង្គការ​សមមូល​នឹង​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ អចិន្រៃ្តយ៍​នៃ​គណបក្ស​នយោបាយ​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍​​អក្សរ​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​ភ្ជាប់​នូវ​ជីវប្រវត្តិ​សង្ខេប​របស់​សមាសភាព​ថ្មី​ដែល​មាន​បិទ​រូបថត​ទំហំ ៤ x៦ ៕

វីដេអូ៖