បន្ទាយមានជ័យៈ ប្រជាកសិករ​នៅ​ខេត្ត​បន្ទាយមានជ័យ​កំពុង​បង្កើន​ការដាំដុះ​ស្រូវពង្រោះ​យ៉ាង​សស្រោកសស្រាំ​ បើទោះ​ជា​មាន​ផលប៉ះពាល់ និង​ខូចខាត​មួយចំនួន ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ដើម​រដូវវស្សា​នេះ​យ៉ាងណាក្តី​។ គិត​ត្រឹម​ថ្ងៃទី ​២៤ ខែឧសភា ការងារ​ភ្ជួរ​រាស់​ដីស្រែ​សម្រេច​បាន​ប្រមាណ​ ៥០ ​ភាគរយ​ខណៈ​ការដាំដុះ​ស្រូវពង្រោះ​សម្រេច​បាន​ប្រមាណ​ ៣៨​ ភាគរយ​នៃ​ផ្ទៃដី​ដាំដុះ​សរុប ២៥២ ៣០០ ​ម៉ឺន​ហិកតា​។ នេះ​បើតាម លោក ប៉ាង វណ្ណាសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​។

លោក​ វណ្ណាសេដ្ឋ បាន​ថ្លែងថា ដោយសារ​មាន​ភ្លៀង​ជោកជាំ​ខ្លាំង​កាលពី​ដើម​រដូវវស្សា​បាន​ធ្វើឱ្យ​ដំណាំ​ស្រូវពង្រោះ​ប្រមាណ​ជាង​ ២ ០០០​ ហិកតា​របស់​ប្រជាកសិករ​នៅ​ឃុំ​រហាត់ទឹក ឃុំ​ចំណោម និង​ឃុំ​អូរប្រាសាទ​នៃ​ស្រុក​មង្គលបុរី ជួប​ប្រឈម​ផលប៉ះពាល់ និង​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​។ ប៉ុន្តែ​មកទល់​ពេលនេះ ស្រូវ​ពង្រោះ​ទាំងនោះ​មិនមាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះទេ បន្ទាប់ពី​មេឃ​បាន​រាំងភ្លៀង​ ៣-៤ ​ថ្ងៃ​កន្លងមកនេះ និង​បន្ទាប់ពី​ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយមខេត្ត​បាន​ជីក​កាយ​ប្រឡាយ និង​អូរ​ធម្មជាតិ​ជាច្រើន​កន្លែង ដើម្បី​បើកមុខ​ទឹក​ឱ្យ​ហូរ​ទៅកាន់​បឹង​ទន្លេសាប​។

លោក​បញ្ជាក់ថា​៖ «​យោងតាម​ទិន្នន័យ​ដែល​ក្រុមការងារ​យើង​ប្រមូលបាន​ផ្ទៃដី​ស្រូវពង្រោះ​ប្រមាណ​ជាង ​១០០​ ហិកតា ក្នុង​ចំណោម​ជាង​ ២ ០០០ ​ហិកតា​របស់​ប្រជាកសិករ​នៅ​ស្រុក​មង្គលបុរី​ដែល​រង​ការ​ជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ដើមរដូវ​វស្សា​នេះ​បាន​រង​ការខូចខាត​ទាំងស្រុង​។ ទោះ​យ៉ាងណា គិត​ត្រឹម​ថ្ងៃទី​ ២៤ ​ឧសភា ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​របស់​ប្រជាកសិករ​នៅ​ទូទាំង​ខេត្ត​បន្ទាយមានជ័យ សម្រេចបាន​ប្រមាណ​ ៣៨ ​ភាគរយ ស្មើនឹង ​៩៥ ៨៧៤ ​ហិកតា​លើ​ផ្ទៃដី​ដាំដុះ​សរុប ២៥២ ៣០០ ​ហិកតា​»​។

លោក​ គៀត វ៉ាន់ម៉ៅ អាយុ ​៥២ ​ឆ្នាំ​ប្រជាកសិករ​នៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ស្រូវពង្រោះ​របស់គាត់​ប្រមាណ​ ៥០ អា បាន​រង​ការ​ខូចខាត​ទាំងស្រុង​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​នៅ​ដើមរដូវ​វស្សា​នេះ​។ លោក​ថ្លែងថា​៖ «​ស្រូវពង្រោះ​លើ​ផ្ទៃដី ១,៧ ​ហិកតា​របស់ខ្ញុំ ​ដែល​បាន​ដាំដុះ​កាលពីដើម​រដូវ​នោះ បាន​រង​ការខូចខាត​អស់​ប្រមាណ​ ៥០​ អា​។ នៅពេលនេះ ខ្ញុំ​បាន​ភ្ជួរ​រាស់ និង​សាបព្រោះ​ពូជស្រូវ​ស្ដារ​ផ្ទៃដី​ស្រូវ​ដែល​រង​ការខូចខាត​នោះ​ឡើងវិញ​ហើយ​បើ​គ្មាន​ផលប៉ះពាល់​ពី​កត្តា​ប្រែប្រួល​អាកាសធាតុ​ទេនោះ វា​អាច​នឹង​ផ្ដល់​ផល​នៅ​ពាក់កណ្ដាល​ឬ ចុងខែ​កញ្ញា​ខាងមុខ​»​។

បើតាម​លោក វ៉ាន់ម៉ៅ គ្រួសារ​របស់គាត់​មាន​ផ្ទៃដី​ធ្វើស្រែ​ចម្ការ​ទំហំ​ ២​ ហិកតា ប៉ុន្តែ​ដី​ប្រមាណ​ ៣០ ​អា ត្រូវបាន​គាត់​រៀបចំ​ជា​ផ្ទះ​សំណាញ់​សម្រាប់​ដាំ​បន្លែ​សុវត្ថិភាព តាម​លក្ខណៈ​បច្ចេកទេស​ទំនើបកម្ម​កសិកម្ម​។

យោងតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម ស្តីពី​សភាពការណ៍​នៃ​ល្បឿន​ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​ ២០២២ នៅ​ទូទាំងប្រទេស គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែឧសភា សម្រេចបាន ចំនួន ៣៥៨ ០៤០ ​ហិកតា ស្មើនឹង ១៣,៦៧ ​ភាគរយ​នៃ​ផែនការ ២៦១ ៩៥០០ ​ហិកតា ក្នុងនោះ​ស្រូវស្រាល​ចំនួន​ ២៤៧ ៩៦២ ​ហិកតា ស្រូវកណ្ដាល​ចំនួន​ ៦០ ៨៣៧ ​ហិកតា ស្រូវធ្ងន់​ចំនួន ​៤៣ ៣៧៧ ​ហិកតា ស្រូវ​ចម្ការ​ចំនួន ​៥០៨​ ហិកតា ស្រូវ​ទ្បើង​ទឹក​ចំនួន​ ៥៣ ៥៦​ ហិកតា​។

របាយការណ៍​បន្តថា ក្នុង​រដូវវស្សា​នេះ ការងារ​បង្កបង្កើនផល ដំណាំ​សាកវប្បកម្ម រួមមាន ពោតស ដំឡូងជ្វា បន្លែ​គ្រប់មុខ ម្ទេស ឪឡឹក ប្រជាកសិករ​អនុវត្ដ​បាន​ចំនួន​ ១២ ៩១៣ ​ហិកតា ស្មើនឹង ២២,៣០ ​ភាគរយ​នៃ​ផែនការ ៥៧ ៩០០ ​ហិកតា ខណៈ​ដំណាំ​ឧស្សាហកម្ម រួមមាន​ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ឈូក អនុវត្ដ​បាន​ចំនួន​ ២៨៤ ៣៥៦ ​ហិកតា ស្មើនឹង ៣៦,៥៤ ​ភាគរយ នៃ​ផែនការ ៧៧៨ ៣០០ ​ហិកតា​។

ក្រសួងកសិកម្ម​ក៏បាន​បញ្ជាក់​ផងដែរ​អំពី​ស្ថានភាព​ទូទៅ​នៃ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ថា ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​កន្លងមកនេះ ផលិតផល​ស្រូវ​បាន​កើនឡើង​ពី ៨,២ ​លាន​តោន នៅ​ឆ្នាំ​ ២០១០ ដល់​ ១០,៨​ លាន​តោន​នៅ​ឆ្នាំ​ ២០១៩ (​មាន​កំណើន​ជា​មធ្យម​ប្រចាំឆ្នាំ​ប្រមាណ​ ៣,១​ ភាគរយ​) ​ហើយ​នៅ​ឆ្នាំ ​២០២១ សម្រេចបាន​ ១២,២១ ​លាន​តោន​៕