ភ្នំពេញៈ ​មន្ទីរ​សង្គមកិច្ច​រាជធានី-​ភ្នំពេញ​ និង​ដៃគូ​កំពុង​រក​វិធី​ជួយ​ស្ដ្រី​ម្នាក់​ជា​មេម៉ាយ​កូន​ ៥​ នាក់ បន្ទាប់ពី​កូនស្រី​គាត់​ម្នាក់​អាយុ​ ៥​ ឆ្នាំ ត្រូវបាន​ស្ដ្រី​ម្នាក់​ដែល​យកទៅ​ចិញ្ចឹម​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​ ខណៈ​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​កុមារ (​ក.ជ.ក​) ​ថ្កោលទោស​ និង​ស្នើឱ្យ​ដាក់ទោស​ធ្ងន់ធ្ងរ​ដល់​ជនសង្ស័យ ។ ការ​ថ្កោលទោស​នេះ​បន្ទាប់ពី​ស្រី្ត​ម្នាក់​ឈ្មោះ ចាន់ ធីតា អាយុ​ ៣៧ ​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​លេខ​ ១៣ ផ្លូវ​ ២១៩ ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ ១ ខណ្ឌទួលគោក រាជធានី-​ភ្នំពេញ​បាន​ប្រើ​អំពើ​ហិង្សា​លើ​កុមារី​ឈ្មោះ​ កង ស្រីកា អាយុ​ ៥ ​ឆ្នាំ ដែលជា​អ្នក​បម្រើ​តាម​ផ្ទះ ពីថ្ងៃ​ទី​ ២០ ខែឧសភា បន្ទាប់ពី​សុំ​ពី​ម្ដាយ​បង្កើតបាន​ ១ ​ឆ្នាំ​។

សេចក្តី​ថ្លែងការណ៍​របស់ ក.ជ.ក ចុះ​ថ្ងៃទី​ ២៤ ខែឧសភា បាន​ថ្កោលទោស​ដាច់អហង្ការ ដោយ​មិនអាច​ទទួល​យកបាន​ដាច់ខាត​ចំពោះ​ការប្រព្រឹត្ត​​អំពើហិង្សា​ដោយ​ចេតនា​យ៉ាង​អមនុស្សធម៌​ដែល​បង្កឡើង​ដោយ​ឈ្មោះ ចាន់ ធីតា ។ ក.ជ.ក ក៏ដូចជា​សាធារណជន​ពិតជា​មាន​ក្ដី​រន្ធត់​ និង​អាណិត​កុមារី​ដ៏​កម្សត់​នេះ​ណាស់​ដែល​ទទួលរង​គ្រោះ​ដោយ​អំពើហិង្សា​យ៉ាង​អមនុស្សធម៌​។

ក.ជ.ក ថា «​អំពើ​នេះ​បាន​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​កុមារ ជាពិសេស សិទ្ធិ​ទទួលបាន​នូវ​កិច្ចការពារ​ដែល​ប្រទេស​កម្ពុជា​បានផ្តល់​សច្ចាប័ន​ និង​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លើសពីនេះ ក.ជ.ក ដែលជា​ស្ថាប័ន​សម្របសម្រួល​លើ​ការងារ​សិទ្ធិ​កុមារ​​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​តុលាការ​ដាក់​​ទោស​ជនសង្ស័យ​តឹងរ៉ឹង​បំផុត ដើម្បី​កុំឱ្យ​អំពើ​ដ៏​អាក្រក់​នេះ​កើតមាន​ក្នុង​សង្គមជាតិ​បន្តទៀត​។

ជាមួយ​គ្នានេះដែរ ក.ជ.ក ​ក៏​កោត​សរសើរ​ និង​អរគុណ​ចំពោះ​សមត្ថកិច្ច​ដែល​បាន​ឃាត់ខ្លួន​អ្នក​ប្រើ​អំពើហិង្សា​រូបនេះ​បាន​ទាន់ពេល​ផងដែរ​។

ពាក់ព័ន្ធ​នឹង​ករណីនេះ​កាលពី​​យប់​ថ្ងៃទី​ ២៣ ខែឧសភា នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​ ១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​បាន​ឃាត់ខ្លួន ឈ្មោះ ចាន់ ធីតា ហៅ ធីតា នៅមុខ​ផ្ទះ​លេខ​ ១៣Eo​ ផ្លូវ​លេខ​ ២១៩ ​ភូមិ​ ៣ ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី ​១ រាជធានី​ភ្នំពេញ បន្ទាប់ពី​ជនសង្ស័យ​បាន​ប្រើ​ដៃ​វាយ​លើ​ផ្ទៃមុខ និង​ប្រើ​ដែក​តម្ពក់​ព្យួរ​ខោអាវ​វ៉ៃ​លើ​ក្មេងស្រី កង ស្រីកា ពីថ្ងៃ​ទី​ ២០ ខែឧសភា ។

អធិការនគរបាល​ខណ្ឌ​ទួល​លោក សុខ ហេង បានឱ្យដឹងថា ជនសង្ស័យ ដែល​ទទួល​ក្មេងស្រី​រងគ្រោះ​មក​រស់នៅ​ជាមួយ​ជា​អ្នកលក់​កាហ្វេ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ​ និង​ចាត់​ការបន្ត​តាម​នីតិវិធី​។

លោក​ថា​៖ «​យើង​កំពុង​កសាង​សំណុំ​​រឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​ពីបទ​ទារុណកម្ម​ និង​អំពើ​ឃោរឃៅ​ (​ប្រើ​ដៃ​វាយ​លើ​ផ្ទៃមុខ និង​ប្រើ​ដែក​តម្ពក់​សម្រាប់​ព្យួរ​ខោអាវ​វ៉ៃ​លើ​ក្មេងស្រី​រងគ្រោះ​បណ្ដាល​ឱ្យ​របួស​ធ្ងន់ធ្ងរ​) »​។

ទោះបីជា​យ៉ាងណា លោក​មិនទាន់​ប្រាប់​ពី​មូលហេតុ​ដែល​នាំឱ្យ​ស្រី្ត​រូបនោះ​​ឈានដល់​ប្រើ​អំពើហិង្សា​នៅឡើយ​ទេ ដោយ​លោក​បាន​បញ្ជាក់ថា រឿងនេះ​ពាក់ព័ន្ធ​ជំនាញ​សួរចម្លើយ ។

ក៏ប៉ុន្តែ​លោក​បានឱ្យ​ដឹងថា ចំពោះ​ក្មេងស្រី​រងគ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ​ ដើម្បី​បញ្ជូន​ទៅ​ព្យាបាល​របួស ។

លោកស្រី មុំ ចាន់ដានី ប្រធាន​មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ ថ្លែងថា​ខាង​មន្ទីរ​បាន​សហការ​ជាមួយ​អង្គការ​មិត្តសម្លាញ់​បញ្ជូន​ក្មេង​ស្ត្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​រាជធានី​តាំងពី​ថ្ងៃកើតហេតុ​មក​ម្ល៉េះ តែ​បច្ចុប្បន្ន​បញ្ជូនមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។

លោកស្រី​បន្តថា បន្ទាប់ពី​មាន​ហេតុការណ៍​នេះ ក្រុមការងារ​ស្វះស្វែង​រក​​ឃើញ​ស្ត្រី​ជា​ម្តាយ​ក្មេង​នោះ ឈ្មោះ កេង សុភា អាយុ​ ៣៦ ​ឆ្នាំ ដែល​កំពុងស្នាក់នៅ​ផ្ទះជួល​មួយកន្លែង​នៅ​ភ្នំពេញ​ដោយ​គាត់​ជា​ស្ត្រី​មេម៉ាយ​មានកូន​ក្នុងបន្ទុក​រហូតដល់​ ៥ ​នាក់​។

លោកស្រី​ថា​៖ «​គាត់​ជា​គ្រួសារ​ទីទ័លក្រ​គាត់​បានឱ្យ​កូន​របស់ខ្លួន​ទៅ​ស្រី្ត​​ដែលជា​ជនសង្ស័យ​ដោយ​ជនសង្ស័យ​ប្រាប់ថា ស្រឡាញ់​ចង់​យកទៅ​ថែទាំ​ហើយក៏​មិនបាន​ដឹងថា យក​កូន​ទៅ​​ប្រើ​អំពើហិង្សា​ទេ​»​។

លោកស្រី​ថា​៖ «​ក្មេងស្រី​នោះ​មិន​ជាប់​​សាច់ញាតិ​របស់​ជនសង្ស័យ​ឡើយ​​និយាយ​ឱ្យ​ស្រួល​ស្តាប់​ក្មេងស្រី​នោះ​ជា​អ្នកបម្រើ​តាម​ផ្ទះ ហើយ​ជា​កុមារ ព្រោះ​​គេ​យកទៅ​មើល​កូន​គេ​ទើប​កើត ជួយ​យោលអង្រឹង ក្មេង​នោះ​ស្នាក់​នៅផ្ទះ​ជនសង្ស័យ​បាន​ជាង​ ១ ​ឆ្នាំ »​។

យ៉ាងណាក្ដី លោកស្រី មុំ ចាន់ដានី សម្រាប់​ពេលនេះ មន្ទីរ​សង្គមកិច្ច​ និង​​អង្គការ​មិត្តសម្លាញ់​បាន​ជួយ​ថែទាំ​សុខភាព​ក្មេងស្រី និង​កំពុង​ស្វែងរក​​បន្ទប់​ជួល​ឱ្យ​ក្រុមគ្រួសារ​ក្មេង​នោះ​ស្នាក់នៅ​បណ្តោះអាសន្ន ។

លោកស្រី​ថា​៖ «​យើង​ជួយ​គាត់​បឋម​នោះ គឺ​ជួយ​ត្រឹម​ការហូបចុក និង​ការ​ស្នាក់នៅ​របស់​ស្ត្រី​ជា​ម្តាយ​កុមារ យើង​កំពុងតែ​គិតថា ជួយ​អី​គាត់​បន្ថែមទៀត​ឱ្យ​មាន​ជីវភាព​ប្រសើរឡើង​»​។

ពាក់ព័ន្ធ​ផ្លូវច្បាប់​វិញ លោកស្រី​ថា ករណី​ឱ្យ​កូន​ទៅ​ស៊ីឈ្នួល​បម្រើ​គេ​តាម​ផ្ទះ​​នេះ ដោយសារ​ពលរដ្ឋ​អត់​យល់ថា​​នេះ​ជា​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ក្មេង​ទើប​ចាញ់បោក​ជនសង្ស័យ ប៉ុន្ដែ​មន្ទីរ​​បាន​ណែនាំ និង​ឱ្យ​ម្តាយ​ធ្វើ​កិច្ចសន្យា​​បញ្ឈប់​ទង្វើ​នេះ​ផងដែរ​។

លោកស្រី​ថា​៖ «​បើ​យើង​គិតថា យក​គាត់​ទៅ​ដាក់ទោស​ទណ្ឌ​ទៀត​ ចុះ​កូនកំព្រា ​៤ ​នាក់​ទៀត​កំពុង​អត់​ឪពុក​ផង ហើយ​ម្តាយ​ជាប់ទោស​ទៀត អ៊ីចឹង​តើ​នឹង​ទៅជា​យ៉ាងណា​? ​ត្រង់នេះ​ដែល​យើង​ត្រូវ​គិត​ដែរ គាត់​គិតថា គេ​យក​កូន​គាត់​ទៅ​រស់នៅ​ជាមួយ​គេ គាត់​គិតថា​គេ​ជួយ​គាត់ អ៊ីចឹង​បាន​ថា មនុស្ស​គាត់​មិន​យល់​ច្បាប់​។ ប្រាកដ​ណាស់ យើង​ពន្យល់​ផ្លូវច្បាប់​ដល់​គាត់​ថា​នេះ​ជា​ការលក់ដូរ​កូន ហើយ​គាត់​យំ​ស្រែក​ព្រោះ គាត់​មិនដឹង ហើយ​គាត់​នេះ​ហើយ​ចូលរួម​ដាក់​ពាក្យបណ្តឹង​សស្រោកសស្រាំ​ជាមួយ​យើង​»​។

លោកស្រី​ សោម វឌ្ឍនា ប្រធាន​ផ្នែក​ផ្តល់​សេវាកម្ម​គាំពារ​កុមារ​នៃ​អង្គភាព​ការពារ​កុមារ​ (child protection unit) ​ថ្លែងថា ដោយសារ​មិនទាន់​មាន​សំណុំ​រឿងនេះ​ក្នុង​ដៃ ដូច្នេះ​មិនទាន់​អាច​សន្និដ្ឋាន​នោះទេ​។ ក៏ប៉ុន្តែ​លោកស្រី​ចូលរួម​អបអរសាទរ​ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​ និង​ការ​ថ្កោលទោស​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​កុមារ​ពាក់ព័ន្ធ​ការប្រើ​ហិង្សា​លើ​កុមារ​នេះ​៕

វីដេអូ៖