The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អតីត​បុគ្គលិក​ណាហ្គាវើលដ៍​ ៥ នាក់​ទៀត ​ក្នុង​ចំណោម ៤០០ នាក់ ​ដែលត្រូវបាន​បញ្ឈប់ពីការងារ ព្រម​​ទទួល​ប្រាក់​បំណាច់

អតីត​បុគ្គលិក​ណាហ្គាវើលដ៍​ ៥ នាក់​ទៀត ​ក្នុង​ចំណោម ៤០០ នាក់ ​ដែលត្រូវបាន​បញ្ឈប់ពីការងារ ព្រម​​ទទួល​ប្រាក់​បំណាច់

Content image - Phnom Penh Post
មន្ត្រីក្រសួងការងារ ជួបជាមួយតំំណាងក្រុមហ៊ុនណាហ្គាវើលដ៍ និងតំណាងសហជីព ដើម្បីរកដំណោះស្រាយវិវាទការងារ រវាងកម្មករ និងក្រុមហ៊ុន កាលពីថ្ងៃទី ១៨ ឧសភា។ រូបថត ក្រសួងការងារ

អតីត​បុគ្គលិក​ណាហ្គាវើលដ៍​ ៥ នាក់​ទៀត ​ក្នុង​ចំណោម ៤០០ នាក់ ​ដែលត្រូវបាន​បញ្ឈប់ពីការងារ ព្រម​​ទទួល​ប្រាក់​បំណាច់

ភ្នំពេញៈ ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈប្រកាសថា ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល​ដ៍​ ចំនួន​ ៥ នាក់​បន្ថែម​ទៀត ​ក្នុង​ចំណោម​ ៤០០ នាក់ ​ដែលត្រូវបាន​បញ្ឈប់​ពី​ការងារ ​បានមក​ទទួល​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា ​រីឯ​ខាង​ក្រសួង​ក៏​កំពុង​ស្វែងរក​ឱកាស​ការងារ​ថ្មី​ជូន​ដល់​អ្នក​ទាំង​នោះ​ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ឱ្យដឹងថា ​នៅ​ថ្ងៃ​ទី ២៥ ​ឧសភា ​ឆ្នាំ ២០២២ ​អតីត​បុគ្គលិក​ចំនួន ​៥ រូប​បន្ថែម​ទៀត ​រួមមាន ​ លោក ​ផាន់ សុធី ​លោក​ សៅ សម្បត្តិ​ លោក​ស្រី អ៊ុក សោភ័ណ ​លោក​ សេង វណ្ណារិទ្ធិ ​និង​ លោក​ រស់ សុភ័ក្រ ​ក្នុង​ចំណោម​អតីត​បុគ្គលិក​ដែលបាន​គោរព​ស្នើ​សុំ​អន្តរាគមន៍ ​បានមក​ទទួល​យក​ដំណោះស្រាយ ​តាមរយៈ​ការធ្វើ​លិខិត​ព្រមព្រៀង​ទទួលយក​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ពី​ក្រុមហ៊ុន​រួច​ហើយ។

សេចក្តី​ប្រកាស​ឱ្យដឹងថា​៖ «ដូច​នេះ​គិត​មកដល់​ថ្ងៃនេះ​មាន​អតីត​បុគ្គលិក​សរុប​ចំនួន​ ១៩២ រូប ​ក្នុង​ចំណោម ​៣៧៣ ​រូប ​ដែលបាន​ទទួលយក​នូវ​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ ​ដែល​ធ្វើឱ្យ​ចំនួន​អតីត​បុគ្គលិក​ដែល​មិនព្រម​ទទួល​យក​សំណង​នៅ​សល់​ត្រឹម​ ១៨១ រូប»។

សេចក្តី​ប្រកាស​បន្តថា ​ទីភ្នាក់ងារ​ជាតិ​មុខរបរ ​និង​ការងារ​(NEA) ​នៃ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ បាន​ទទួល​ប្រវត្តិរូប​សង្ខេប​ពី​អតីត​បុគ្គលិក​ទាំងនោះ ​ហើយ​ក៏បាន​និងកំពុង​ជួយ​ស្វែងរក​ឱកាស​ការងារ​ថ្មី​សម្រាប់​បងប្អូន​អតីត​បុគ្គលិក​ផង​ដែរ។

បើ​តាម​ក្រសួង​ការងារ​ នាពេល​កន្លងមក ​មាន​បងប្អូន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​មួយចំនួន​បានគោរព​ស្នើសុំ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង ​ជួយ​អន្តរាគមន៍​ឱ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ស្របតាម​ច្បាប់​ស្តីពី​ការងារ ​ចំពោះ​បងប្អូន​អតីត​បុគ្គលិក​ដែល ​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ និង​ស្វែងរក​ឱកាស​ការងារ​ថ្មី ​ដើម្បី​ទទួលបាន​ប្រាក់​ចំណូល​ទៀងទាត់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

ក្រសួង​បន្តថា ​ដោយ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ការងារ​ បានធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន ​ហើយ​ពិនិត្យ​ឃើញថា ​ការទូទាត់​ចំនួន​៤ចំណុច ​គឺបាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់ ​និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការបញ្ឈប់​ពី​ការងារ​រួម។

លោក ​ទេស រុក្ខាផល ​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ សម្រាប់​ដោះស្រាយ​កូដកម្ម ​បាតុកម្ម​នៅតាម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ​(គ.ក.ប) ​ប្រាប់​ភ្នំពេញប៉ុស្តិ៍ថា​ អតីត​បុគ្គលិក​ ៥ នាក់​នោះ ​បានមក​ស្តាប់​ការធ្វើ​បទបង្ហាញ ​និង​រូបមន្ត​គណនា​ពី​របៀប​ទូទាត់ ​ពី​មន្រ្តី​ជំនាញ ​កាលពី​សប្តាហ៍​មុន​មក​ម្ល៉េះ។ លុះ​នៅ​ថ្ងៃទី ២៥​ ខែឧសភា ​ទើប​គាត់​សម្រេចចិត្ត​ទៅ​ទទួល​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ។

លោក​ថ្លែងថា​៖ «គាត់​មក​ស្តាប់​បទបង្ហាញ ​ ហើយ​គាត់​គិតថា ​ការទូទាត់​នោះ​ត្រឹមត្រូវ​តាម​រូបមន្ត​ដោយ​ច្បាប់ ​ហើយ​គាត់​មើលឃើញ​ថា ​ការទូទាត់​ប្រសើរ​ជាង​ច្បាប់ ​ទើប​គាត់​សម្រេច​ចិត្ត​ទទួលយក​ដោយ​ស្ម័គ្រចិត្ត ​គ្មាន​នរណា​ទៅ​បង្ខំ​គាត់​កើត​ទេ​ ព្រោះ​គេ​ត្រូវ​ចុះហត្ថលេខា​រៀង​ខ្លួន»។

លោក​បន្តថា ​សម្រាប់​ក្រសួង​ការងារ ​ស្វាគមន៍​ចំពោះ​អតីត​បុគ្គលិក ​ដែល​នៅ​សេសសល់​មក​ស្តាប់​រូបមន្ត​នៃ​ការគណនា ​និង​ការពន្យល់​បន្ថែម។ រីឯ​ក្រុមហ៊ុន​ណាហ្គាវើល​ដ៍​នៅ​បើកចំហ​ចំពោះ​ការមក​ទទួល​ប្រាក់​បំណាច់។

លោក​បញ្ជាក់ថា​៖ «កន្លងមក​ភាគច្រើន​ដែល​នៅ​សេសសល់​មិន​ទាន់​ទទួល​យក​កញ្ចប់​ថវិកា​នោះ ​ដោយសារ​គាត់​មិន​ចង់​ស្តាប់​ការពន្យល់ ​ហើយ​គេ​ប្រាប់ថា​ទូទាត់​មិន​ត្រូវ។ យើង​សួរ​ថា ​មិនត្រូវ​យ៉ាងម៉េច​ គាត់​ថា​អត់ដឹង​ នេះ​ដែល​ជា​បញ្ហា។ អ្នកខ្លះ​គាត់​អត់ដឹង​ថា​បាន​ថវិកា​ប៉ុន្មាន​ទេ ​ប៉ុន្តែ​មាន​គេ​ប្រាប់​គាត់​ថា ​ការទូទាត់​នោះ​មិន​ត្រូវ​ទេ ​ត្រូវបាន​ច្រើន ​គាត់​រំពឹង​ថា​បាន​ច្រើន»។

ទោះ​យ៉ាងណា ​លោក ​ទេស រុក្ខាផល ​ឱ្យដឹងថា ​ការទូទាត់​ប្រាក់​បំណាច់​នោះ ​អាស្រ័យ​ទៅ​លើ​កិច្ចសន្យា​ការងារ​ដោយ​ផ្អែក​ទៅតាម​ផ្នែក​នៃ​បុគ្គល​នីមួយៗ ​និង​អតីតភាព​ការងារ ​របស់​គាត់។ លោក​បង្ហើបថា ​អតីត​បុគ្គលិក​ខ្លះ​ក៏​ទទួល​បាន​ប្រាក់​បំណាច់​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ។

លោក​ ស៊ឹង សែនករុណា ​មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​ នៃ​សមាគម​ អាដហុក ​ថ្លែងថា ​ការទទួល​យក​ប្រាក់​បំណាច់​នោះ​គឺជា​ការសម្រេច​ចិត្ត​របស់​ក្រុម​កូដករ។ លោកថា​៖ «វា​មិនមែន​ជាអ្វី​ចម្លែក​នោះ​ទេ​ចំពោះ​ការទទួល​យក ​ព្រោះ​ការដោះស្រាយ​នីមួយៗ ​អ្នក​ព្រម​ទទួលយក​ក៏​យកទៅ ​ហើយ​អ្នក​ចង់​បន្ត​ទាមទារ ​គឺជា​សិទ្ធិ​របស់​ពួក​គាត់»។

លោក​បន្ថែមថា ​មូល​ហេតុ​ដំណោះស្រាយ​ រវាង​ភាគី​ក្រុមហ៊ុន ​និង​អតីត​បុគ្គលិក​ នៅ​បន្ត​ជាប់គាំង​ ដោយសារ​ភាគី​ទាំង​ ២ ​មិនទាន់​សម្បទាន​ឱ្យគ្នា​ទៅវិញ​ទៅមក។ លោក​ជំរុញ​ដល់​ក្រសួង​ការងារ​ដែល​សម្រប​សម្រួល​ក្នុង​កិច្ច​ការងារ​នេះ​គួរ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការដោះ​ស្រាយ។

សូម​ជម្រាបថា ​កិច្ចប្រជុំ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ រួម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​លើក​ទី១១​ ដែលរៀបចំ​ដោយ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​កាលពី​ថ្ងៃទី ១៨ ​ខែឧសភា ​នៅតែ​មិនទាន់​ទទួលលទ្ធ​ផលវិជ្ជមាន​ ដោយសារ​ភាគី​ទាំង ២​ នៅ​រក្សា​ជំហរ​រៀង​ខ្លួន​ ដោយ​មិនទាន់​ឈាន​ដល់​ចំណុច​សម្បទាន​ឱ្យគ្នា​នៅ​ឡើយ។

ក្នុង​នោះ​ភាគី​សហជីព​ និង​អតីត​បុគ្គលិក ​ស្នើឱ្យ​ក្រុមហ៊ុន​ទទួល​យក​ពួកគេ ​ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ចូល​ធ្វើ​ការ​វិញ។ រីឯ​ក្រុមហ៊ុន​នៅ​រក្សា​ជំហរ ​មិនអាច​ទទួលយក​បាន​ទេ ​ដោយសារ​ចំនួន​បុគ្គលិក​ដែល​កំពុង​បំពេញ​ការងារ​ នៅតែ​លើស​ពី​ចំនួន​តម្រូវការ​ជាក់​ស្តែង៕

អត្ថបទគួរចាប់អារម្មណ៍