ភ្នំពេញៈ អ្នក​នាំពាក្យ​​​ក្រសួង​សុខាភិបាល លោក​ស្រី ឱ វណ្ណឌីន បាន​ឱ្យ​ដឹងនៅ​ថ្ងៃទី​ ២៦ ខែឧសភា ថា អ្នកជំងឺ​អុតស្វា ឬ​ Monkeypox ក៏អាច​បណ្តាល​ឱ្យ​ស្លាប់​ផងដែរ ​ដោយ​សារ​ការ​វិវត្ត​នៃដំបៅ​ពងទឹក​​ នៅលើរាងកាយ​របស់​អ្នក​ជំងឺ​ដែល​អាច​វិវត្ត​ជា​រោគ​និង​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​។​

លោកស្រី​បាន​ឱ្យ​ដឹង​ថា កម្ពុជា​មិន​ទាន់​មាន​ករ​ណី​ជំងឺ​​អុត​ស្វានេះ​ទេ ប៉ុន្តែ​គ្រប់គ្នា​ក៏មិន​ត្រូវ​មាន​ការ​ធ្វេស​ប្រហែស​នោះ​ដែរ​ ដោយ​សារ​​ប្រជា​ពលរដ្ឋ​ដឹង​ហើយ​ថា​ ទាំង​អស់​គ្នា​រស់​នៅ​ជាមួយ​នឹង​មេរោគ​ច្រើន ​រស់នៅ​ជាមួយ​នឹង​វត្ត​មាន​នៃ​ពពួក​បាក់​តេរី​ ​វីរុស​ ដែល​នៅជា​មួយ​នឹង​បរិស្ថាន​ច្រើន ជា​ពិសេស​សត្វ។​​​

លោក​ស្រី ឱ វណ្ណឌីន មាន​ប្រសាសន៍​ថា ៖ «ជំងឺ​អុត​ស្វា អា​ច​បណ្តាល​ឱ្យ​ស្លាប់​បាន ដែល​ក្នុង​ចំណោម​អ្នក​ជំងឺ​ចំនួ​ន​​១០​នាក់ មាន​ស្លាប់​០១​នាក់ ដោយ​សារ​ការ​វិវត្ត​នៃ​ដំបៅ​ពង​ទឹក​ អាច​វិវ​ត្តទៅ​ជា​ក្លាយ​រោគ​និង​ប៉ះពាល់​ដល់​សរី​រាង្គ​ផ្សេងៗ​ទៀត​នៅក្នុង​ខ្លួន​របស់​មនុស្ស នៅពេល​ដែល​មានការ​ប្រហែស​ឬ​មិន​យក​ចិត្ត​ទុក​ដាក់​ ដែល​អាច​ធ្វើ​ឱ្យ​អ្នកជំ​ងឺ​​ស្លាប់​​»។​​

​ជាមួយ​គ្នានេះ​ដែរ លោក​ស្រី​ នៅតែ​បន្ត​ធ្វើការ​អំពាវ​នាវ​ ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​តែ​ចូល​រួម​ទាំង​អស់គ្នា​ក្នុង​ការ​បង្ការ​ជំងឺ​នេះ ទោះបី​ជាកម្ពុជា​មិន​ទាន់​មាន​ជំងឺអុត​ស្វានេះ​ក៏ដោយ​ ​ព្រោះ​វាមិន​​អាច​មើល​ឃើញ​ជាមុន​បាន​ទេ​។

លោកស្រី​បញ្ជាក់​​ថា ៖ «លទ្ធ​ភាព​នៃ​ការឆ្លង​ អា​ចកើត​មាន​គ្រប់​ពេល​វេលា ហើយ​យើង​ដឹង​ហើយ​ថា​ កន្លង​មក​នេះ​ការ​ឆ្លង​គឺមា​ន​តាម​រយៈការ​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ ជាពិសេស​សត្វ​ស្វា សត្វ​ដែល​បំបៅកូន​ដោយ​ទឹក​ដោះ ពពួក​ថវិក​សត្វ ដែល​វាមាន​ផ្ទុក​នូវ​វីរុស​ប្រភេទ​ហ្នឹង​។ កាល​ណា​ យើង​ប៉ះពាល់​ជាមួយ​​វា វានឹង​ឆ្លង​មក​យើង​ ហើយ​គ្រប់គ្នា​​ត្រូវ​ស្វែង​យល់​ពី​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ឱ្យ​ច្បាស់​ផង​ដែរ​»។

​លោក​ស្រី ឱ​ វណ្ណឌីន បាន​បញ្ជាក់​ថា ជំងឺ​នេះ បើអ្នក​ជំងឺ​យកចិត្ត​ទុក​ដាក់​ថែទាំ ព្យាបាល​ វានឹងជា​សះស្បើយ​ក្នុង​រយៈ​ពេលពី​២​ទៅ​៣​សប្តាហ៍​ ហើយជា​ពិសេស​ដំបៅនឹ​ង​ជាបាត់​ទៅ​វិញ​ដែរ។ ​

លោក ម៉ម ប៊ុន​ហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល បាន​លើក​ឡើង​ តាម​រយៈ​សេចក្តី​ណែនាំ​ពីវិធាន​ការ​ការពារ​ជា​មុន​នូវ​ការចម្លង​ជំងឺ​អុត​ស្វា​ ថា ប្រជា​ពលរដ្ឋ​គ្រប់រូប​ត្រូវ​អនុវត្ត​អនា​ម័យ​ខ្លួន​ប្រាណ​និង​រស់នៅ​ស្អាត ដោយ​ធ្វើ​អនា​ម័យ​ដៃ​ជាមួយ​សា​ប៊ូឬ​ជែល អាល់​កុល និង​អនុវត្ត​ការការ​ពារ​ការ​ចម្លង​តាម​ផ្លូវ​ដង្ហើម​។

លោក​បាន​បញ្ជាក់ថា ៖ «ត្រូវ​ចៀសវាង​ ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ ជាមួយ​អ្នក​ដែល​មាន​ជំងឺ​នេះ ឬបុគ្គល​ដែល​សង្ស័​យ​រួម​ទាំង​ការរួម​ភេទ ជាពិសេស​ការប៉ះ​ពាល់​ស្បែក ឬកន្លែង​ដែល​មាន​ចេញ​ពងទឹក​បែក​ជាដើម រហូត​ដល់ជំងឺ​បាន​ជាសះ​ស្បើយ»។

លោក​រដ្ឋ​មន្រ្តី ក៏បាន​ណែនាំ​ឱ្យ​គ្រប់​មន្រ្តី​ពេទ្យ​ នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ទាំង​រដ្ឋនិង​ឯក​ជន ត្រូវ​លើក​កម្ពស់​ការ​យល់​ដឹង​និង​ការ​អប់រំ​អ្នក​កំដរ​អ្នកជំងឺ​ ព្រម​ទាំង​បុគ្គលិក​សុខាភិ​បាល ត្រូវ​ធ្វើ​ជាចាំបាច់​ដើម្បី​​ទប់​ស្កាត់​និង​បញ្ឈប់​ការ​ចម្លង​បាន​ទាន់​ពេល​វេលា។​

ជាពិសេស​បុគ្គលិក​សុខា​ភិបាល ​ត្រូវ​តែ​អនុវត្ត​វិធាន​ការ​ការ​ផ្ទាល់​ខ្លួន​យ៉ាង​ម៉ឺង​ម៉ាត់ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ ដោយមាន​ការ​គ្រប់​គ្រង​ការ​ចម្លង​មេរោគ​ឆ្លង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ឱ្យ​បាន​ត្រឹមត្រូវ៕