The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​រៀបចំ​សិក្ខា​សាលា​វគ្គទី២ ​ដើម្បី​​ចែក​រំលែក​ចំណេះ​ដឹង​ពី​វិស័យ​ភ័ស្តុ​ភារ​កម្ម

ក្រសួង​រៀបចំ​សិក្ខា​សាលា​វគ្គទី២ ​ដើម្បី​​ចែក​រំលែក​ចំណេះ​ដឹង​ពី​វិស័យ​ភ័ស្តុ​ភារ​កម្ម

Content image - Phnom Penh Post
ការបើកសិក្ខាសាលានៅភ្នំពេញទាក់ទងនឹងវិស័យភ័ស្ដុភារកម្មកាលពីថ្ងៃទី២៥ ឧសភា ។ រូបថត ក្រសួងសាធារណការ

ក្រសួង​រៀបចំ​សិក្ខា​សាលា​វគ្គទី២ ​ដើម្បី​​ចែក​រំលែក​ចំណេះ​ដឹង​ពី​វិស័យ​ភ័ស្តុ​ភារ​កម្ម

ភ្នំពេញៈ​ ក្រសួង​សាធា​រណ​ការនិង​ដឹក​ជញ្ជូន​បាន​និង​កំពុង​រៀបចំ​សិក្ខា​សា​លាវគ្គទី២​ ដើម្បី​​ចែក​រំលែក​ចំណេះ​ដឹង​ក្នុង​ការ​កសាង​សមត្ថ​ភា​ព និង​ពង្រឹង​ស្ថា​ប័ន​ ដើម្បី​រៀបចំ​ក្រប​ខ័ណ្ឌ​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​វិស័យ​ភ័ស្តុ​ភារ​កម្ម​ និង​ទិន្ន​ន័យ​ភ័ស្តុ​ភា​រកម្ម​នៅ​កម្ពុជា​ និង​កិច្ច​សហ​ការ​រវាង​កម្ពុ​ជា-ឡាវ-វៀត​ណាម​។

សិក្ខា​សាលា​នេះ​រៀប​ចំ​ឡើង​ដោយ​អគ្គ​នាយក​ដ្ឋាន​ភ័ស្តុភា​រកម្ម​តាម​រយៈ​គម្រោង​សហ​ប្រតិ​បត្តិការ​បច្ចេក​ទេស​នៃ​មូល​និធិ​សហ​ប្រតិប​ត្តិការ​មេគង្គ-​សាធា​រណរដ្ឋ​កូរ៉េចាប់​ពី​ថ្ងៃទី ២​៥ ដល់​ថ្ងៃទី២៧ ខែ ឧសភា ​ឆ្នាំ​ ២០២២ ​ដោយ​មាន​ការ​ចូលរួម​​ផ្ទាល់​និង​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ពី​សិក្ខា​កាម​សរុប ប្រមាណ ៦​០ នាក់។ ក្នុងនោះ​មាន​​ការចូល​រួ​ម​ពីតំណាង​ក្រសួង​ដឹក​ជញ្ជូន​​វៀតណាម តំណាង​ក្រសួង​សាធា​រណ​ការនិង​ដឹក​ជញ្ជូន​នៃ​ប្រទេស​ឡាវ តំ​ណាង​វិទ្យា​ស្ថាន​មេគង្គ​ អ្នក​ជំនាញ​ជាតិ​និង​អន្ត​រជាតិ ផ្នែក​ភ័ស្តុភា​រកម្ម​អគ្គ​នាយ​កដ្ឋាន​ពាក់​ព័ន្ធ ​ក្រោម​ឱវាទ​ក្រសួង​សាធា​រណ​ការនិង​ដឹក​ជញ្ជូន កំព​ង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ សមា​គម​ភ័ស្តុភា​រកម្ម​កម្ពុជា និង​សមា​គម​ដឹកជញ្ជូន​ទំនិញ​ផ្លូវ​គោក​កម្ពុជាផង​ដែរ​។​

លោក ឈៀង ពេជ្រ អគ្គ​នាយក​នៃ​អគ្គ​នាយ​កដ្ឋាន​ភ័ស្តុភា​រកម្មក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូនដែលបាន​ធ្វើជា​អធិប​តី​ក្នុង​ពិធី​បើក​សិក្ខាសា​លា​​នេះ​បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​សិក្ខា​សាលា​​ក្នុងការ​ផ្តល់​ជា​ចំណេះដឹង​ផ្នែក​គ្រប់​គ្រងនិង​ការ​រៀបចំ​ទិន្នន័យ​ស្ថិតិ​វិស័យ​ភ័ស្តុភា​រកម្មទាំង​នៅ​កម្ពុជា ឡាវនិង​វៀត​ណាម ការព​ង្រឹង​កិច្ច​ស​ហប្រតិ​បត្តិ​ការ​នៃ​ប្រទេស​ទាំង៣​ក្នុង​ការ​រួមគ្នា​កសាង​ទិន្ន​ន័យ​មូល​ដ្ឋាន​​ក្នុង​វិស័យដឹក​ជញ្ជូននិង​ភ័ស្តុភា​​រ​កម្ម​។

លោក​បន្តថា៖​«ជា​ពិសេស​កា​រចែករំ​លែកចំ​ណេះដឹ​ង​អនុវត្ត​និងប​ទ​ពិសោធ​រប​ស់អ្នកជំ​នាញ ការ​អន្ត​រជាតិ​ផ្នែក​ភ័ស្តុ​ភារ​កម្មម​ក​ពីទ្វីប​អឺរ៉ុប​និង​អាស៊ី​ដល់សិក្ខា​កាម​សម្រាប់​រយៈ​ពេល​៣​ថ្ងៃនេះ​»។

ជា​មួយ​គ្នានេះ​ដែរ លោក​បាន​ថ្លែង​អំណរ​គុណ​ដល់​សិក្ខា​កាម​ទាំង​អស់ដែល​បាន​ចូល​រួម​យ៉ាង​ផុស​ផុល​ក្នុង​ការ​ជជែក​ពិភាក្សា ​ចែក​រំលែក​បទពិ​សោធ​ និង​ចំណេះ​ដឹង​លើការងា​រ​ប្រមូល ​ចង​ក្រង និង​គ្រប់​គ្រង​ទិន្ន​ន័យ​ដឹក​ជញ្ជូន​និង​ភ័ស្តុ​ភារ​កម្មទាំង​ការ​ចូល​រួម​ផ្ទាល់និង​តាម​​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​។

ប្រ​ធាន​សមា​គមភ័​ស្តុភារ​កម្មក​ម្ពុជា​លោក ស៊ិន ចន្ធី បាន​លើក​ឡើង​ថា ​ការរៀ​បចំ​សិក្ខា​សា​លានេះ​​មានសា​រៈប្រយោជន៍​ណា​ស់និង​ជា​ការ​ចង់បា​នរបស់​ខ្លួន ដើម្បី​ធ្វើឱ្យ​វិស័យ​ភ័ស្តុភារ​កម្មនិង​​ដឹក​​ជញ្ជូន​​កា​ន់តែ​មាន​ការ​ប្រកួត​ប្រជែង​ ទាំង​ចំណេះ​ដឹង​ផ្នែក​ទន់ និង​ផ្នែករឹ​ង​។ ​

លោក​បន្ត​ថា នេះគឺជាគំនិ​តផ្តួ​​ច​​ផ្តើមមួ​យដ៏​ល្អដែ​លធ្វើ​ឱ្យវិស័យ​រដ្ឋនិង​ឯក​ជន បាន​យល់​ពីក្រ​បខ័ណ្ឌកាន់​តែ​ប្រសើរ​ក្នុង​វិស័យ​ភ័ស្តុភារ​កម្ម។​ លោ​កបាន​ប​ញ្ជាក់​ថា ទោះ​បី​វិ​ស័យ​ភ័ស្តុភា​រកម្មនៅ​កម្ពុ​ជាមា​នភាពល្អ​ប្រសើរក្តី ​ប៉ុន្តែក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួនដែល​ត្រូវ​ការ​ដោះ​ស្រាយ​គឺ​បញ្ហារ​ចនា​សម្ព័ន្ធ​ផ្នែក​រឹងនិង​​ផ្នែក​ទន់។​

វិស័យ​ភ័ស្តុភា​រកម្មនៅ​កម្ពុជា​គឺ​ជាវិស័យក្តោ​បទាំង​មូល​ទៅ​លើ​កា​រដឹក​ជញ្ជូន ការ​រៀប​ចំឃ្លាំង​ស្តុក​ទំនិញ ការ​វេចខ្ចប់​។ល។ ដើម្បី​បញ្ជូន​ទំនិញ​ពីអ្នក​ផលិត​រហូត​ដល់​អ្នក​ប្រើ​ប្រាស់ឬ​រហូត​ដល់​រោង​ចក្រ​។

សិក្ខា​សាលា​នេះរៀប​ចំឡើ​ងបន្ត​ពីសិក្ខា​សាលា​វគ្គ​ទី១ដែ​លបាន​ប្រព្រឹត្ត​ទៅនៅខេ​ត្តព្រះ​សីហនុ​កាល​ពីខែមេសា ឆ្នាំនេះ ក្នុង​គោល​បំណង​ដើម្បីក​សាងនិងពង្រឹង​សមត្ថ​ភាព​មន្រ្តីនិង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​វិស័យ​រដ្ឋ​និង​ឯកជន​អំពី​ការរៀបចំ​ចង​ក្រងនិង​ប្រមូល​ទិន្នន័យ​ស្ថិតិ​មូល​ដ្ឋាន ការ​រៀប​ចំ​ក្រប​ខ័ណ្ឌ ត្រួត​ពិនិត្យ និង​វាយ​តម្លៃវិស័យ​ភ័ស្តុភា​រកម្ម​និងទិ​ន្នន័យភ័ស្តុភា​រកម្ម​ក្នុង​ប្រទេស​កម្ពុជា​។

សិក្ខា​សាលា​នេះផ្តោ​តជាសំ​ខាន់លើខ្លឹ​មសា​រៈសំខាន់​ៗជាអាទិ៍​រួមមាន ​សន្ទ​ស្សន៍​នៃកា​រអនុ​វត្តភ័ស្តុភា​រកម្ម​សកល​ កា​រវាស់ស្ទង់ និង​តាម​ដានការ​អនុវត្ត​ភ័ស្តុភា​រកម្មតាម​ច្រករបៀ​ងដឹក​ជញ្ជូន កា​រព្យាករ​ និង​រៀប​ចំដំណោះស្រា​យគំរូ​ សម្រាប់​លំហូរទំ​និញ/កុ​ងតឺន័រ និង​តម្លៃ​ផ្សេងៗក្នុង​វិស័យ​ភ័ស្តុភា​រកម្ម និង​ការ​អនុវត្ត​ជាក់ស្តែ​ងលើ​លំហាត់​ដែល​ដាក់​ឱ្យ​សិក្ខា​កាម​ពិភាក្សា​ជា​ក្រុម ​រួម​ទាំងករណី​សិក្សា​មួយ​ចំនួ​ន​ក្នុង​បណ្តាប្រ​ទេសនៃ​តំបន់​អាស៊ី​៕

អត្ថបទគួរចាប់អារម្មណ៍