ភ្នំពេញៈ មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​ (​ស៊ីម៉ាក់​) ​និង​អង្គការ APOPO ប្រចាំកម្ពុជា ចុះកិច្ច​ព្រម​ព្រៀង​ដៃគូ​​សហ​ប្រតិ​បត្តិការ ក្នុង​ការ​អនុ​វត្ត​គម្រោង​បោស​សម្អាត​គ្រាប់​មីន​ និង​សំណល់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ពីសង្គ្រាម​លើ​ផ្ទៃដី​ប្រមាណ ៤ លាន​ម៉ែត្រ​ការ៉េ នៅ​ក្នុង​ស្រុកចំនួន ៤ ក្នុង​ខេត្ដព្រះវិហារ​​ ដើម្បី​ឱ្យ​អស់​ការ​គំរាម​កំហែង​ដោយ​សារ​​គ្រា​ប់​​មីន​ប្រឆាំង​មនុស្ស​ត្រឹម​​ចុង​ឆ្នាំ ២០២៣​។ នេះ​បើតាម​លោក​ ហេង​ រតនា​ នាយក​ ស៊ី​ម៉ាក់​។​

​លោក​ ហេង​ រតនា​ ថ្លែង​ថា នៅ​ថ្ងៃ​ទី ​២៦ ខែឧសភា នៅទី​បញ្ជា​ការ CMAC ភ្នំពេញ លោក និង​លោក Michael Heiman ប្រធាន​អង្គការ APOPO ប្រចាំកម្ពុជា បានចុះ​ហត្ថ​លេខា​ លើកិច្ច​ព្រម​ព្រៀង​ដៃគូ​សហ​ប្រតិបត្តិការ ក្នុង​ការ​​​អនុ​​វត្ត​គម្រោង​បោស​សម្អាត​គ្រាប់​មីន​ និង​សំណល់យុទ្ធភណ្ឌមិន​ទាន់ផ្ទុះពីសង្គ្រាម ដោយ​​ធ្វើស​មាហ​រ​កម្ម​កំលាំង​ក្រុម​កណ្តុរ​ហិត​មីន កម្លាំង​គ្រឿង​ចក្រ និង​ក្រុម​ស្រាវ​ជ្រាវ​បច្ចេក​ទេស។

លោក​ថ្លែង​ថា​៖ «គម្រោង​នេះ មាន​រយៈ​ពេល ១៨ ខែ​គិត​ចាប់​ពី​ថ្ងៃទី​ ១ ឧសភា ២០២២ ដល់ថ្ងៃទី​ ៣១ ខែ ​ធ្នូ ឆ្នាំ ២០២៣ ដែល​គាំទ្រ​ថវិកា​ដោយ​រដ្ឋាភិបាល​ប្រទេស​ប៊ែល​ហ្ស៊ិច ចំនួន ២៨៤ ៤២២ ដុល្លារ​សហរ​ដ្ឋ​អាមេរិក​»។

បើតាម​លោក ហេង រតនា តាម​រយៈ​គម្រោង​នេះ​​ គឺមាន​ផែនការ​បោស​សម្អាត​ផ្ទៃដី​ចម្ការ​មីន​ឱ្យ​បាន​ប្រមាណ ៤ លាន​​ម៉ែត្រ​ការ៉េ ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ ដែល​ផែន​​ការនេះ​មាន​គោលដៅរំ​ដោះស្រុក​ចំនួន ​៤ ឱ្យ​អស់​ការ​គំរាម​កំហែង​ដោយ​​សារ​គ្រាប់​មីន​​ប្រឆាំង​មនុស្ស​ត្រឹម​ចុង​ឆ្នាំ ២០២៣​។

លោក​បញ្ជាក់​ថា រដ្ឋា​ភិបាល​ប៊ែល​ហ្ស៊ិក​បាន​សម្រេច​ផ្តល់​កញ្ចប់​ថវិកា​គាំទ្រ​កិច្ច​សហ​ការ​រវាង​អង្គការ APOPO និង​អង្គ​​​​ភាព​ស៊ីម៉ាក់​សម្រាប់​រយៈពេល ៥ ឆ្នាំ (២០២២-២០២៦) ក្នុង​ការ​ចូល​រួម​គាំទ្រ​កិច្ច​ខិត​ខំ​របស់​រាជ​រដ្ឋា​ភិបាល ដើម្បី​សម្រេច​ផែន​ការយុទ្ធ​សាស្ត្រ​សកម្មភាព​កំចាត់​មីន​ត្រឹម​ឆ្នាំ ២០២៥ និង​សកម្ម​ភាព​បន្ត​ក្រោយ​ឆ្នាំ​ ២០២៥​៕