
លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិដែលកំពុងជាប់ឃុំ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ សភាស៊ើបសួរព្រហ្មទណ្ឌសាលាឧទ្ធរណ៍ភ្នំពេញនៅព្រឹកថ្ងៃទី ២៦ ឧសភា បានប្រកាសសាលដីកាជាអសាធារណៈ និងចំពោះមុខជនត្រូវចោទឈ្មោះ សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិមិនឱ្យនៅក្រៅឃុំតាមអំណាចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២២។
នៅក្នុងបន្ទប់សវនាការដែលបានប្រកាសសាលដីកាដោយលោកចៅក្រម ឃុន លាងម៉េង នោះ ត្រូវបានលោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទឈ្មោះសៀមភ្លុក ប្រាប់ ភ្នំពេញ ប៉ុស្តិ៍តាមទូរស័ព្ទនៅថ្ងៃទី ២៦ ឧសភា បន្ទាប់ពីបានចូលស្តាប់ការប្រកាសសាលដីកាថា សំណុំរឿងនេះលោកចៅក្រមបានលើកឡើងថា សភាស៊ើបសួរព្រហ្មទណ្ឌសាលាឧទ្ធរណ៍ភ្នំពេញមិនអនុញ្ញតឱ្យកូនក្តីរបស់លោកបាននៅក្រៅឃុំបណ្តោះអាសន្នទេ ដោយលើកហេតុផលថាអាចធ្វើឱ្យប៉ះពាល់ដល់នីតិវិធីរបស់តុលាការ។
លោកថ្លែងថា៖ «អ៊ីចឹងតុលាការសម្រេចរក្សាគាត់នៅក្នុងពន្ធនាគាររក្សាក្នុងការឃុំខ្លួនដើម្បីទុកជូនតុលាការចាត់ការតាមនីតិវិធី។ខ្ញុំនឹងទៅជួបលោកសៀម ភ្លុក ក្នុងពន្ធនាគារដើម្បីផ្តល់ការប្រឹក្សាច្បាប់ហើយគាត់មានសិទ្ធិប្តឹងសារទុក្ខទៅកំពូល។ បើគាត់សម្រេចប្តឹងសារទុក្ខទៅកំពូលខ្ញុំនឹងប្តឹងសារទុក្ខជូនគាត់»។
បើតាមលោក ជូង ជូងី លោកសៀម ភ្លុក ត្រូវបានសភាស៊ើបសួរព្រហ្មទណ្ឌសាលាឧទ្ធរណ៍ភ្នំពេញបើកសវនាការជំនុំជម្រះនៅថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២២ បន្ទាប់ពីលោកបានដាក់ពាក្យបណ្តឹងតាមការពឹងពាក់ពីលោក សៀម ភ្លុក ក្រោយពីសាលាដំបូងរាជធានីភ្នំពេញច្រានចោលមិនឱ្យនៅក្រៅឃុំ។ លោកសៀម ភ្លុក ត្រូវបានតុលាការរាជធានីភ្នំពេញចោទបទក្លែងបន្លំនិងបទប្រើប្រាស់លិខិតក្លែងពាក់ព័ន្ធនឹងឯកសារចុះបញ្ជីគណបក្សបេះដូងជាតិនៅក្រសួងមហាផ្ទៃ។
តាមអង្គហេតុបង្ហាញថា កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្រសួងមហាផ្ទៃបានបដិសេធសំណើសុំចុះឈ្មោះក្នុងបញ្ជីបង្កើតគណបក្សនយោបាយរបស់ស្ថាបនិកគណបក្សបេះដូងជាតិនិងចោទប្រកាន់ថា បានក្លែងស្នាមមេដៃ និងមានចេតនាទុច្ចរិត។
លោក សៀម ភ្លុក ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនកាលពីខែមេសា ឆ្នាំ ២០២២ ហើយក្រោយមកត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារព្រៃសពាក់ព័ន្ធបទចោទ ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងពាក់ព័ន្ធនឹងការបង្កើតគណបក្សបេះដូងជាតិ។
យោងតាមដីកាដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ២៦ ឧសភា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយលោកចៅក្រម លិ សុខា បានបង្ហាញថា សំណុំរឿងស៊ើបសួររបស់សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លើឈ្មោះ សៀម ភ្លុក ភេទប្រុស អាយុ ៥២ ឆ្នាំពីបទក្លែងបន្លំនិងបទប្រើប្រាស់លិខិតក្លែងប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ ២០២១។បទល្មើសដែលមានចែងនិងផ្តន្ទាទោសតាមមាត្រា ៦២៦,៦២៧ និងមាត្រា ៦២៨ នៃក្រម
ព្រហ្មទណ្ឌ៕