​ភ្នំពេញៈ ស្ថា​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា គ្រោង​ដាក់​អ្នកសង្កេតការណ៍​បោះឆ្នោត​យ៉ាងហោចណាស់ ២០ ​នាក់ ក្នុងនាម​ជា​ភ្ញៀវ​ពិសេស​របស់​ គ​.​ជ​.​ប សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្ស​ឃុំ​សង្កាត់​អាណត្តិ​ទី៥ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។​

លោក ហង់ ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៦ ខែឧសភាថា មន្ត្រី​នៃ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត កាលពី​ថ្ងៃទី ២៥ ខែឧសភា ​បាន​ជួប​ជាមួយនឹង​មន្ត្រី​មកពី​ស្ថានទូត​ជប៉ុន ពិភាក្សា​អំពី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី៥ ដោយ​ក្នុងនោះ ភាគី​ជប៉ុន​នឹងដាក់​អ្នកសង្កេតការណ៍ ក្នុងនាម​ជា​ភ្ញៀវ​ពិសេស ប៉ុន្តែ មិន​ធ្វើ​របាយការណ៍​នោះទេ។​

លោក​បន្តថា ក្រោយពី​ពិភាក្សា ភាគី​ជប៉ុន​នឹង​រៀបចំ​បញ្ជី​ឈ្មោះ​ក្រុម​អ្នកសង្កេតការណ៍ បញ្ជូនមក​ គ​.​ជ​.​ប ដែល​ពួកគាត់​មាន​សិទ្ធិ​ឃ្លាំមើល និង​សង្កេត​ការ​ណ៍ ការបោះឆ្នោត​នៅ​គ្រប់​មណ្ឌលបោះឆ្នោត​ទាំងអស់ ប៉ុន្តែ មិន​ធ្វើ​របាយការណ៍​នោះទេ​។ ក្រុម​អ្នកសង្កេតការណ៍​នេះ មិន​លើសពី ២០ រូប​នោះទេ​។

​លោក ហង់ ពុទ្ធា ថ្លែងថា គ.ជ.ប មាន​គោ​ការណ៍ ឱ្យមាន​អ្នកសង្កេតការណ៍​ជា​ភ្ញៀវ​ពិសេស​ ដូច្នេះ ក្រុម​អ្នកសង្កេតការណ៍​មកពី​ស្ថានទូត​ជប៉ុន​នេះ គឺជា​ភ្ញៀវ​ពិសេស ដែល​បាន​ស្ម័គ្រចិត្ត​ក្នុងការ​ចូលរួម​សង្កេតការណ៍ និង​ឃ្លាំមើល​ការបោះឆ្នោត​នៅពេល​ខាងមុខ​។

លោក​ថ្លែងថា​៖ «​គាត់​មាន​សិទ្ធិ​ដើរ​ឃ្លាំមើល​ការបោះឆ្នោត នៅពេលដែល​ឃើញ​ភ្ញៀវ​ពិសេស ប្រធានការិយាល័យ​បោះឆ្នោត គាត់​នឹងធ្វើ​ការសម្របសម្រួល ហើយ​ប​។ គ​.​ជ​.​ប បាន​ជំរាប​ពី​នីតិ​វិធី នៃ​ការដាក់​ហើយ ហើយនៅរង់ចាំ​គាត់​ដាក់​ក្រុម​ប៉ុន្មាន​រូប​។ ​ប៉ុន្តែ ខ្ញុំ​គិតថា មិន​លើសពី ២០ ​រូប​ទេ»​។

លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន នៅ​ថ្ងៃទី ២៧ ខែឧសភា នេះ បាន​ស្វាគមន៍ និង​រីករាយ​ចំពោះ​ភាគី​ជប៉ុន​ដែល​បាន​ចូលរួម​ដាក់​អ្នកសង្កេតការណ៍ បើទោះបី មិន​ឱ្យធ្វើ​របាយការណ៍​ណាមួយ​ក៏ដោយ ពី​ជប៉ុន បាន យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​តាំងពីដើម​រៀងមក​។​

លោក​ថ្លែងថា​៖ «​ការចូលរួម​បើទោះបីជា​មិនមាន​ការចេញ​សេចក្តីថ្លែងការណ៍ ក៏​វា​ជាការ​តាមដាន​មួយ​ដែល​ជប៉ុន​អាច​យកទៅ​ពិនិត្យ​ក្នុងការ​កែលម្អ​ស្ថា​ប័​បោះឆ្នោត​នេះ ឱ្យ​ល្អ​ប្រសើរឡើង​នៅពេល​ក្រោយ​ទៀត​»​។​

លោក សំ សុគន្ធា​មី ប្រធានអង្គការនីហ្វិកប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៦ ខែឧសភា​ថា អ្នកសង្កេតការណ៍​ជប៉ុន គ្រាន់តែ​ឃ្លាំមើល និង​សង្កេតមើល​ជាទូទៅ ដោយ​មិនមាន​ការពង្រាយ​ក្រុមការងារ​ច្រើន​នោះទេ ។ ជាមួយគ្នានេះ ក៏​មិន​ចេញ​សេចក្តី​ថ្លែង​ការ​ណាមួយ​នោះដែរ​។​

លោក​ថ្លែងថា​៖ « វា​ល្អ​ហើយ សម្រាប់​ការបោះឆ្នោត ដែលមាន​ជប៉ុន​ចូល​ឃ្លាំមើលគេ​មិន​ចេញ​សេ​ក្តី​ថ្លែងការណ៍​មែនតែគេ​នឹង​កត់សម្គាល់​នៅ​ការបោះឆ្នោត​។ ហើយ EU ក៏​នឹង​សួរ​យោបល់​ខាង​ជប៉ុន ដែរ​។ និយាយ​រួម វា​ក្រៅផ្លូវការ មែន ប៉ុន្តែ គេ​អាច​ផ្តល់យោបល់​នៅពេល​ក្រោយ​បាន​»៕