ភ្នំពេញៈ មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិ​ភាពនៅ​ព្រឹក​ថ្ងៃទី ​២៦​ ខែ ឧសភា ឆ្នាំ​ ២០​២២ បាន​ប្រារព្ធ​ទិវា​អន្តរ​ជាតិ​រំឭក​គោរព​វិញ្ញា​ណក្ខន្ធ​កង​កម្លាំង​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វ​ហេតុ​សន្តិ​ភាព​ក្នុង​បេសក​កម្ម​ចំនួន​ ៧២​ គិត​ចាប់ពី​ ឆ្នាំ​ ១៩៤៨​ មក​។

នៅ​ក្នុងពិធីដែល​ប្រារព្ធ​នៅ​ខេត្ត​កំពង់​ស្ពឺ លោក សែម ​សុវណ្ណនី ​អនុ​ប្រធាន​គណៈ​កម្មាធិកា​រ​ជាតិ​និង​ជា​អគ្គ​នាយក​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិ​ភាព​បាន​ថ្លែង​ថា ជា​រៀង​រាល់​ឆ្នាំ​នា​ថ្ងៃទី​២៩ ​ខែឧសភា ​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិ​ភាព សហ​ការ​ជា​មួយ​តំណាង​អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជានិង​តំណាង​ស្ថាន​ទូតនា​នា​ដែល​មាន​និវេសន​ដ្ឋាននៅ​កម្ពុជា​តែង​តែ​ចូល​រួម​ប្រារព្ធ​គោរព​វិញ្ញា​ណ​ក្ខន្ធដើម្បី​រំឭក​គុណូប​ការៈ​ ដល់​វីរ​យុទ្ធ​ជន-យុទ្ធ​នារី នៃ​កង​រក្សា​សន្តិ​ភាពដែល​បាន​ធ្វើ​ពលី​កម្ម ​លះ​បង់​សាច់​ស្រស់​ ឈាម​ស្រស់ ​ក្នុង​បុព្វ​ហេតុ​សន្តិ​ភាព​ ហើយ​បាន​កត់ត្រា​ទុកជា​ប្រវត្តិ​សាស្ត្រ​នៃ​មនុស្ស​ជាតិ​ទាំង​នៅ​ទីបញ្ជា​ការ​ធំ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ក្នុង​ទីក្រុង​ញូវ​យ៉កនិង​ក្នុង​បណ្តា​ប្រទេស​ដែល​ជា​សមា​ជិករបស់​អង្គ​ការ​សហ​ប្រជា​ជាតិ​។

លោក​ថ្លែង​ថា៖«យោង​តាម​របាយ​ការ​ណ៍​របស់​កង​កម្លាំងរ​ក្សា​សន្តិភាព​អង្គកា​រសហប្រជាជា​តិចាប់​តាំងពី​ឆ្នាំ​១៩៤៨​មក​ មាន​យុទ្ធជន យុទ្ធ​នារី​ចំនួន​៤២០០​នាក់បាន​ពលី​ដើម្បី​បុព្វ​ហេតុ​សន្តិភាព​ក្នុង​បេសក​កម្ម​

រក្សា​សន្តិ​ភាព​អង្គការ​សហ​ប្រជាជាតិ​ក្នុងនោះ​ក៏មាន​នាយ​ទាហាន​កម្ពុជា​យើង​ចំនួន​ ១០ ​នាក់ផង​ដែរ»​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ឧបនាយក​រដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ បាន​ថ្លែង​ថា ទិវា​នេះ​គឺជា​ព្រឹត្តិ​ការណ៍​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​យុទ្ធ​ជននិង​យុទ្ធ​នារី​ទាំង​ឡាយដែល​បាន​ពលី​ជីវិត​ក្នុង​ការ​បំពេញ​បេស​កកម្ម​រក្សា​សន្តិភាព​របស់​អង្គកា​រសហប្រ​ជាជាតិ​នៅលើ​ពិភព​លោក ជា​យុទ្ធ​ជន និង​យុទ្ធ​នារី មកពី​ប្រទេស​នជិត​ឆ្ងាយ ​ដើម្បី​ជួយ​រក្សា និង​ស្តារ​សន្តិ​ភាព​ជូន​ប្រជា​ជននៃ​ប្រទេស​ទី​ទៃ​។

លោក​បាន​បញ្ជាក់​ថា៖« ទិវា​នេះ ក៏​ជា​ឱកាស​មួយ ដើម្បី​ផ្តល់​កិ​តិ្ត​យស​ដល់​យុទ្ធ​ជន និង​យុទ្ធ​នារី​កម្ពុជា ចំនួន​ ៨ ៣០២ ​នាក់ ដែល​បាន​បញ្ចប់​និង​កំពុង​បំពេញ​បេសក​កម្ម នៅតាមប្រទេស​មាន​ជម្លោះ ​ក៏ដូច​ជា​រំឭក​ដល់​វិញ្ញាណ​ក្ខន្ធ​នាយ​ទា​ហាន​កម្ពុជាចំនួន​ ១០​ នាក់ ក្នុង​ចំណោមកម្លាំង​រក្សា​សន្តិ​ភាព​ចំនួន​ ៤ ២០០ ​នាក់ដែល​​បាន​បាត់​បង់​ជីវិតក្នុង​ការ​បំពេញ​កាតព្វ​កិច្ច ​មនុស្ស​ធម៌ សន្តិភាព និង​មិត្ត​ភាព​អន្តរ​ជាតិ ក្រោម​ទង់​អង្គ​ការ​សហ​ប្រជា​ជាតិ ​ចាប់​តាំងពី​ឆ្នាំ​ ១៩៤៨ ​មក»​។

ការ​ប្រារព្ធ​ទិវា​អន្តរ​ជាតិ​រំឭក​គោរព​វិញ្ញាណ​ក្ខន្ធ​កង​កម្លាំង​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជា​ជាតិដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វ​ហេតុ​សន្តិ​ភាពសម្រាប់​ឆ្នាំ​នេះ ​អង្គការ​សហ​ប្រជា​ជាតិ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​ ២៩ ខែ​ ឧសភា ​ឆ្នាំ​ ២០២២ ក្រោម​ប្រធាន​បទ «មនុស្ស សន្តិ​ភាព​ វឌ្ឍន​ភាព ដែល​ជា​អំណាច​នៃ​ភាព​ជា​ដៃគូ»​។ នេះ​បើ​តាម​ប្រសា​សន៍​របស់​អ្នក​ស្រី Paulin Tamesis អ្នក​សម្របស​ម្រួល​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​។ ​

អ្នកស្រី​បាន​ថ្លែង​ថា៖​ «ការលះ​បង់​របស់​ពួក​គាត់​បាន​បង្ហាញ​ពី​ស្មារតី​បង្រួប​បង្រួម​ជាតិ ​បើទោះ​បី​កំពុង​បំពេញ​ភារ​កិច្ច​ក្នុង​បេសក​កម្មដែល​ប្រឈម​នឹង​ហានិ​ភ័យ​ខ្ពស់​យ៉ាង​ណា​ក៏​ដោយគឺ​ពួក​គាត់​ធ្វើ​ដើម្បីផ្តល់ ​សន្តិ​សុខ​ជូន​ប្រ​ទេស​ដែល​ងាយ​រង​គ្រោះ»​៕