ពោធិ៍សាត់ៈ ក្នុង​រយៈ​ពេល​ជាង​ ២​ ខែ​កន្លង​មក​នេះ ជនសង្ស័យ ​២៥ ​នាក់ ​ក្នុង​ចំណោម ​៤៨​ នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប​ សម្រេច​​ឃុំខ្លួន ​ដាក់​ក្នុង​ពន្ធនាគារ​ ​ពាក់​ព័ន្ធ​​បទ​ល្មើស​ជលផល​ ខណៈ​ ១៩ ​នាក់​ទៀត​ ត្រូវ​បាន​តុលាការ​ចេញ​ដីការ​ស្វែង​រក​ចាប់​ខ្លួ​ន​ក្នុងបទ​ល្មើស​ដូចគ្នា​នេះ។ នេះ​បើយោង​តាម​ទិន្ន​ន័យ ស្ដីពីការ​បង្ក្រាប​បទ​ល្មើស​ជលផល​ ក្នុង​ខេត្តជុំវិញ​បឹង​ទន្លេសាប​ របស់​រដ្ឋបាល​ជល​ផល ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​​ថ្ងៃទី​ ២៦ ខែ ឧ​សភា ឆ្នាំ ​២០២២។

តាម​រយៈ​តារាង​ទិន្នន័យ​នេះ បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​ជាង​ ២​ ខែកន្លង​ម​កនេះ ដោយ​គិត​ចាប់​ពីថ្ងៃ​ទី ​២ ខែ​មិនា ដល់​ថ្ងៃទី ២៥ ​ខែ ឧសភា​ ឆ្នាំ​ ២០២​២ គណៈ​កម្មការ​ចម្រុះ​ថ្នាក់​ជាតិ​សម្រាប់​បង្ការ​ទប់​ស្កាត់ និង​ស្រាវ​ជ្រាវ បង្ក្រាប​បទ​ល្មើស​ជល​ផល​ សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ បាន​បង្ក្រាប​ចាប់​រឹប​អូស​វត្ថុតាង​នៃបទ​ល្មើសនេ​សាទ​ រួមមាន​អួន​អូស​ចំនួន​៤០ វ​ង់ ម៉ាញ់ ១៤​ វង់ ឧបករណ៍​ឆក់ (ត្រជាក់ និង​ក្ដៅ) ១ ២​៧០ ​គ្រឿង ឈឹប​យន្ត​ ២១ ​គ្រឿង អួន​ហ៊ុម ១៦ ​វង់ របាំង​ស្បៃមុ​ង​ និង​សាច់​អួន​សរុប ៧​១ ៦៤០ ​ម៉ែត្រ លប​លូស្បៃមុ​ង ៧៣៧​ មាត់​ បង្គោល​សម្រាស់ ៧៣ ២​៧៤​ ដើម និង​រឹប​អូស​មធ្យោ​បាយ​នៃបទ​ល្មើស​រួមមាន​​កាណូត ​៥៨ ​គ្រឿង និង​ម៉ាស៊ីន (ដែល​មាន​កម្លាំង​ពី ៨-១២ ​សេស) ៤៣​ គ្រឿង​​។

ក្នុង​យុទ្ធនាការ​នៃ​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ ​ក្នុង​ខេត្ត​ជុំវិ​ញ​បឹង​ទន្លេ​សាប​នេះ ខេត្ត​ពោធិ៍​សាត់​ និង​ខេត្ត​សៀម​រាប ត្រូវ​បាន​គេកត់​សម្គាល់​ថា មានភាព​ «សកម្ម​» ជាង​គេ ដោយ​ក្នុ​ងរយៈ​ពេល​ដូច​គ្នា​នេះ នៅ​ខេត្ត​ពោធិ៍​សាត់​ បាន​បង្ក្រាប​ចាប់​ជន​ប្រព្រឹត្ត​បទ​ល្មើស​ជលផល​ចំនួន ​២១ ​នាក់ ក្នុ​ង​នោះ ​២០​ នាក់​ ត្រូវ​បាន​បញ្ជូន​ទៅតុលាការ​ ហើយ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ ចំនួន​ ១៤​ នាក់ ដោយ​ចោទ​ប្រកាន់​តាមមាត្រា​ទី៨៩ និង មាត្រា ​៩៨ ​នៃច្បាប់​ស្ដីពីជល​ផល។

ក្រៅពីនេះ​​បាន​​ចេញដីកាកោះ​ហៅជន​សង្ស័យចំនួន​​ ៦ ​នាក់​ផ្សេង​ទៀត​ មកចូល​ឆ្លើយបំភ្លឺ​ជុំវិញក​រណីនេ​សាទខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​ត្រី​ពូជ ដោយ​ប្រើ​ឧបករណ៍​ឆក់។​

​នៅ​ខេត្តសៀម​រាប​បង្ក្រាប​ចាប់​ជន​សង្ស័យ​បាន​ចំនួន ១៥​ នាក់ បញ្ជូន​ទៅ​តុលា​ការ ហើយ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​​ពន្ធនាគារ​ ​ចំនួន​ ៥ ​នាក់ ដោយ​ចោទ​ប្រកាន់​តាម​មាត្រា​ទី៨៩ និង មាត្រា ​៩៨ ​នៃច្បាប់​ស្ដីពីជល​ផល និង​ចេញ​ដីកា​កោះហៅ​មកឆ្លើយ​បំភ្លឺ​ជុំវិញ​កា​រ​ប្រព្រឹត្តិ​បទ​ល្មើស​ជល​ផល​ចំនួន​ ១០ ​នាក់​។

យោង​តាមមា​ត្រា​ ៨៩ និង​មាត្រា​ ៩៨​ នៃ​ច្បាប់​ស្ដីពី​ជល​ផល ជន​ជាប់​ចោទ​ ក្នុង​បទ​ល្មើស​ជល​ផល​ទាំង​នោះ​ អាច​នឹង​ត្រូវ​ប្រឈម​ការផ្តន្ទា​ទោសជាប់​​ពន្ធនាគារ​ ពី ៣ ​ឆ្នាំទៅ​ ៥ ឆ្នាំ ហើយ​វត្ថុតាង​នៃ​បទ​ល្មើស​ទាំង​អស់​ត្រូវ​រឹប​អូស​ទុក​ជាសម្បត្តិ​រដ្ឋ។

ជុំវិញ​ករណី​បង្ក្រាប​បទ​ល្មើស​នេសាទ​នេះ​ដែរ លោក ភុំ វិមល នាយ​ខណ្ឌរ​ដ្ឋ​បាល​ជល​ផល ​ខេត្ត​ពោធិ៍សាត់​ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា កាល​ពីថ្ងៃទី ២៥ ​ខែឧស​ភា ​ក្រុម​ការ​ងារ ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ពោធិ៍សាត់ ​បាន​រួម​សហការ​ជាមួយ​កម្លាំង​សមត្ថ​កិច្ច​មូល​ដ្ឋាន ចុះ​ស្រាវ​ជ្រាវ​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​នេសាទ និង​ការកា​ប់រុករាន​ទន្ទ្រាន​ ដីព្រៃលិច​ទឹក នៅ​តំបន់​បឹង​ទន្លេ​សាប​នៃ​ភូមិ​សាស្ត្រ ស្រុក​ក្រគរ ស្រុក​កណ្ដៀង ដោយ​បាន​រុះរើ និង​រឹប​អូស​វត្ថុតាង​នៃបទ​ល្មើស រួម​មានលូស្បៃមុង​ ២៦ ​មាត់ របាំង​ស្បៃមុង​ ២​១​ ខ្សែ មាន​ប្រវែង​សរុប ១ ៩៥០ ម៉ែត្រ ល​បប្រើស​ ១០០ ចំនួន​ ៩ ​ខ្សែ របាំង​សាច់​អួនចំនួន ​៣​ ខ្សែ មាន​ប្រវែង​សរុប ​១ ២៥០ ​ម៉ែត្រ បង្គោល​​សម្រាស់​ចំនួន ១ ០០៥​ ដើម និង​ចាក់​លែង​កូនត្រី​ចម្រុះ​ប្រភេទ មួយ​ចំនួនធំ​ ចូលទៅ​ក្នុង​ទឹកបឹង​ទន្លេសាប​វិញ ។

លោក​បាន​បញ្ជាក់​ថា៖ «​រដូវ​នេះជា​រដូវ​ត្រីពង​កូន ហើយ​ទឹកបឹ​ង ព្រែក ស្ទឹង ទន្លេ ក៏កំពុង​ចាប់​ផ្ដើម​ជន់​ឡើង​ជាបណ្ដើរៗ​ផង​ដែរ ដោយសារ​រដូវ​នេះ ​ជារដូវវ​ស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន ដូច្នេះ​កម្លាំ​​ង​សមត្ថកិច្ច​ចម្រុះ​របស់​យើង​ ចាំបាច់​បង្កើន​ការ​ចុះ​ល្បាត ស្រាវ​ជ្រាវ​និង​បង្ក្រាប​បទ​ល្មើស​ជាប្រ​ចាំ និង​ដោយ​គ្មាន​ការ​លើកលែង​ឡើយ​ ដែល​ការ​បង្ក្រាប​នេះ គឺធ្វើ​ឡើង​ក្នុង​គោល​បំណង​ ដើម្បី ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ធន​ធាន​មច្ឆជាតិ និង​ជីវ​ចម្រុះ​ក្នុង​តំបន់​បឹង​ទន្លេសាប​ឡើង​វិញ សម្រាប់​ជាប្រយោ​ជន៍ដល់​មនុស្ស​ជាតិ​គ្រប់​ជំនាន់។

ក្នុង​អំឡុង​នៃការ​ចុះ​សួរ​សុខ​ទុក្ខ និង​ផ្ដល់​អំណោយ​ជាគ្រឿង​បរិភោគ​ ឧបភោគ​ដល់​កង​កម្លាំង​អន្តរាគមន៍​ថ្នាក់​ជាតិ​ ប្រចាំការ​នៅ​ទីបញ្ជា​ការ​កន្លែង​អភិរក្ស​ជល​ផ​ល​កំពង់ភ្លុក​ នៃបឹង​ទន្លេ​សាប ស្រុក​ប្រាសា​ទ​បាគង ខេត្ត​សៀម​រាប កាល​ពីរសៀល​ថ្ងៃទី ​២៥ ខែឧសភា លោក ណៅ ធួក រដ្ឋលេខា​ធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសា​ទ និង​ជាអនុ​ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង បាន​មាន​ប្រសាសន៍​ថា ចាប់​តាំងពី​ពេល​ដែល​ប្រមុខ​រាជ​រដ្ឋា​ភិបា​ល​ បង្កើត​គណៈ​កម្មការ​អន្តរ​ក្រសួង ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅបឹង​ទន្លេសាប ​មាន​រយៈពេ​ល ១ខែ​កន្លងមក​នេះ ឃើញ​ថា​ បទ​ល្មើស​នេសាទ ​មានការ​ថយ​ចុះជា​លំដាប់ ពោល​គឺមាន​តែ ១១​ ករណី និង​ប្រជានេសាទ​បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ឧបករណ៍​ឆក់​ចំនួន ៤៩​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ទន្ទឹ​ម​នឹង​នេះ​លោក​បាន​ណែនាំ​ដល់​មន្ត្រីជ​ល​ផល ត្រូវ​សហការ​គ្នា​លើ​ក​ផ្លាក​សញ្ញា​ដាក់​នៅ​តាម​ទីសាធា​រណៈ ទីប្រជុំជ​នដោយរាយ​ឈ្មោះ​ឧបករណ៍​នេសាទ​ដែល​អាច​ប្រើ​ប្រាស់​បាន​ និង​មិន​អាច​ប្រើ​ប្រាស់​បាន​ក្នុង​រដូវ​បិទ​ការ​នេសាទ ​ដើម្បី​ឱ្យ​ប្រជា​នេសាទ​បាន​យល់​ដឹង​កាន់​តែច្បាស់​ចៀស​វាងការ​ប្រព្រឹត្ត​បទ​ល្មើស​ក្នុង​រដូវ​បិទ​នេសាទ​នេះ​។

លោក​បាន​បញ្ជា​ក់​ថា៖ «ក្នុង​រដូវបិទ​នេសាទ​រយៈ​ពេល ៤ ខែ ដែល​នឹង​មក​ដល់​ចាប់​ពីថ្ងៃទី ​០១ ខែមិ​ថុនា រហូត​ដល់​ដំណាច់ខែ​កញ្ញា ដែល​ជារដូវ​មច្ឆាជាតិ​ពង​កូន ការ​នេសាទ​គ្រប់​ប្រភេ​ទ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​នេសាទ​ឡើយ លើក​លែង​តែ​ការ​នេសាទ​ជាលក្ខណៈ​គ្រួសារ ការ​ប្រើប្រាស់​ឧបករណ៍​តាម​ការ​កំណត់​ដូចជា សន្ទូច ទ្រូ សំណាញ់ ឆ្នុក លប សាច់​មង​មាន​ក្រឡា ១​ ហ៊ុន​កន្លះ​ឡើង​ទៅ​»៕