
សមត្ថកិច្ចកាន់សត្វទោចដែលបង្ក្រាបបានពីថ្ងៃទី ២៦ ឧសភា។ រូបថត រដ្ឋបាលព្រៃឈើខេត្តសៀមរាប
សៀមរាបៈមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ អង្គការសម្ព័ន្ធសត្វព្រៃ និងអាជ្ញាធរជាតិអប្សរា បង្ក្រាបទីតាំងដាក់លក់សត្វព្រៃគ្មានច្បាប់អនុញ្ញាត ១ កន្លែងនៅជិតចំណុចព្រះអង្គចេកព្រះអង្គចម នៅថ្ងៃទី ២៦ ខែឧសភា ដោយដកហូតវត្ថុតាងសត្វព្រៃមួយចំនួន និងព្រមានចាត់វិធានការផ្លូវច្បាប់ដល់ម្ចាស់ទីតាំង បើនៅតែប្រព្រឹត្តបែបនេះទៀត។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ ខែឧសភាថា ប្រតិបត្តិការបង្ក្រាបនេះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានដកហូតវត្ថុតាងជាសត្វព្រៃមួយចំនួនដូចជា លលកបាយរស់ ១១ ក្បាល កូនលលករស់ ២ក្បាល អណ្តើកស្រែរស់៦ក្បាល មៀមព្រៃរស់ ១ ក្បាល និងអណ្តើកភ្នំរស់ ១ ក្បាល។ វត្ថុតាងទាំងនោះត្រូវបានយកទៅថែរក្សានៅសួនសត្វភ្នំតាម៉ៅ។
លោកបន្តថា ក្នុងប្រតិបត្តិការនេះដែរ មន្ត្រីជំនាញមិនបានផ្តន្ទាទោសដល់ម្ចាស់ទីតាំងនោះទេ គឺឲ្យធ្វើកិច្ចសន្យា និងព្រមានអនុវត្តវិធានការច្បាប់ដោយមិនលើកលែងប្រសិនបើមានការប្រព្រឹត្តបែបនេះទៀត។
លោកថ្លែងថា៖ «នៅកន្លែងព្រះអង្គចេកព្រះអង្គចមគឺច្រើនករណីហើយ ឥឡូវហ្នឹងមានតែពេលក្រោយទៅចាំយើងអនុវត្តច្បាប់ ព្រោះអីការធ្វើកិច្ចសន្យាណែនាំធ្លាប់មានច្រើនដងហើយ មានខាងខ្ញុំផង មានខាងវ៉ាយអេតគេចុះមកជួយណែនាំផង តែនៅតែលួចលក់ ដោយមិនមានការរាងចាលសោះ» ។
នៅថ្ងៃជាមួយគ្នានោះ លោក ម៉ុង ប៊ុនលីម ប្រាប់ថា លោក សេង ដារ៉ា តំណាងអ្នកគ្រប់គ្រងភូមិវប្បធម៌កម្ពុជា ក៏បានប្រគល់ជូនសត្វព្រៃ ដល់មន្ត្រីរដ្ឋបាលព្រៃឈើដែលមានសត្វទោចចំនួន៣ ក្បាល ក្នុងនោះ ទោច ២ ក្បាល បានប្រគល់ជូនទៅអាជ្ញាធរជាតិអប្សរា រក្សាទុកនៅសួនធម្មជាតិតាមផ្លូវទៅអង្គរវត្ត ចំណែកទោច ១ ក្បាលទៀត យកទៅថែរក្សានៅសួនសត្វភ្នំតាម៉ៅ។
លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងទៀតថា សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ ក៏បានប្រគល់កូនឈើគ្រញូងចំនួន ១១៥ ដើម ជូនទៅ គង់ ណាវិន ក្រុមការងារគណៈបក្សថ្នាក់កណ្តាលចុះជួយស្រុកប្រាសាទបាគង ដើម្បីដាំតាមផ្លវទៅកំពង់ភ្លក់ផងដែរ។ ការផ្តល់កូនដើមឈើប្រណីតនេះ គឺដើម្បីដាំលម្អ បង្កើតភាពទាក់ទាញ នៅតំបន់ទេសចរណ៍។
លោកថ្លែងថា៖ «ការផ្តល់កូនឈើប្រណីតនេះ បើយកទៅដាំនៅទីសាធារណៈបានយើងឲ្យ ប៉ុន្តែបើយកទៅដាំធ្វើអីផ្សេងគឺយើងអត់បានឲ្យទេ យើងឲ្យបានតែដាំលម្អតាមផ្លូវតាមអីអ៊ិចឹងទេ» ៕
វីដេអូ៖