ភ្នំពេញៈ ​លោក​ អាលី បាដានេ ជា​ប្រធាន​ផ្នែក​និរន្តរភាព​ប្រព័ន្ធ​ស្បៀង​អង្គការ​សហប្រជាជាតិ​ ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​ (UNIDO) ​ដែល​អង្គការ​នេះ​បានរួម​ចំណែក​យ៉ាងសកម្ម​លើ​កិច្ចអភិវឌ្ឍន៍​ជាច្រើន​វិស័យ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​​ឆ្នាំ​ ២០១៣ មក ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព គាំទ្រ​ដល់​មន្ទីរពិសោធន៍​ ដើម្បី​សម្រេចបាន​ការទទួលស្គាល់​គុណភាព ធនធាន​សមុទ្រ និរន្តរភាព​បរិស្ថាន និង​ថាមពល​កកើត​ឡើងវិញ​។

បច្ចុប្បន្ន អង្គការ​ UNIDO ​កំពុងតែ​អនុវត្ត​គម្រោង​ដ៏ធំ​មួយ​ដែល​ទទួលបាន​ការគាំទ្រ​ពី​​សហភាព​អឺរ៉ុប​គាំទ្រ​ដល់​វិស័យ​ជលផល​ក្នុង​ការលើកតម្លៃ​ផលិតផល​ជលផល ជំរុញ​ខ្សែចង្វាក់​តម្លៃ និង​ធានាថា ផលិតផល​ម្ហូបអាហារ​ទាំងនោះ​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ចរាចរ​នៅលើ​ទីផ្សារ​ក្នុងស្រុក តំបន់ និង​សកលលោក ជាពិសេស​សហភាព​អឺរ៉ុប​។

លោក​ អាលី បាដានេ​ (AliBadarneh)​ បាន​ដឹកនាំ​ការងារ​នេះ​តាំងពី​ឆ្នាំ​ ២០០៨ ​រហូតមក ដោយបាន​បង្កើត​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់ UNIDO លើ​ការកសាង​សមត្ថភាព​សុវត្ថិភាព​ចំណីអាហារ​ជាមួយ​ដៃគូ​សំខាន់ៗ​នៅក្នុង​តំបន់ និង​ទូទាំង​ពិភពលោក​ក្នុងនោះ​មាន​​ទាំង​កម្ពុជា​ផង​។

បច្ចុប្បន្ន​លោក​កំពុង​ដឹកនាំ​ក្រុម​អ្នកជំនាញ​រៀបចំ និង​គ្រប់គ្រង​ផលបត្រ​នៃ​គម្រោង​ក្នុង​វិស័យ​ដែល​ទាក់ទង​នឹង​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ សុវត្ថិភាព​ចំណីអាហារ ជលផល កសិកម្ម ជីវចម្រុះ និង​ការអភិវឌ្ឍ​ប្រព័ន្ធ​ទីផ្សារ​។

ភ្នំពេញ​ប៉ុស្ដិ៍ បាន​សម្ភាស​លោក បាដានេ ដើម្បី​បង្ហាញ​អំពី​បេសកកម្ម និង​ការងារ​ដែល UNIDO បាននិង​កំពុង​ធ្វើ​នៅ​កម្ពុជា ដែល​ក្នុងនោះ​មាន​កិច្ចសហការ​រវាង UNIDO ជាមួយ​រដ្ឋាភិបាល និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ការគាំទ្រ​របស់​ UNIDO ​ដល់​កម្ពុជា​ជាដើម​។ ខាងក្រោម​នេះ​ជា​កិច្ចសម្ភាសន៍​តាមរយៈ​សំណួរ​ដូចតទៅ ៖

សូម​លោក​បង្ហាញ ដោយ​សង្ខេប​អំពី​បេសកកម្ម និង​ការងារ​ដែល UNIDO បានធ្វើ​នៅ​កម្ពុជា​នាពេល​កន្លងមក ​

អង្គការ UNIDO បានរួម​ចំណែក​យ៉ាងសកម្ម​លើ​កិច្ចអភិវឌ្ឍន៍​ជាច្រើន​វិស័យ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ២០១៣ ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​គុណភាព គាំទ្រ​ដល់​មន្ទីរពិសោធន៍​ ដើម្បី​សម្រេចបាន​ការទទួលស្គាល់​គុណភាព​ធនធាន​សមុទ្រ និរន្តរភាព​បរិស្ថាន និង​ថាមពល​កកើត​ឡើងវិញ​។ នាពេល​បច្ចុប្បន្ន អង្គការ​ UNIDO ​កំពុងតែ​អនុវត្ត​គម្រោង​ដ៏ធំ​មួយ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប គាំទ្រ​ដល់​វិស័យ​ជលផល​ក្នុង​ការលើក​តម្លៃ​ផលិតផល​ជលផល ជំរុញ​ខ្សែចង្វាក់​តម្លៃ និង​ធានាថា ផលិតផល​ម្ហូបអាហារ​ទាំងនោះ​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ចរាចរ​នៅលើ​ទីផ្សារ​ក្នុងស្រុក តំបន់ សកលលោក ជាពិសេស​សហភាព​អឺរ៉ុប​។

តើ​អ្វីខ្លះ​ជា​បេសកកម្ម​របស់ UNIDO ដែល​បាន និង​កំពុង​ធ្វើ​នៅ​កម្ពុជា​?

បេសកកម្ម​របស់​យើង​មិន​ថា​ក្នុង​អាណត្តិ​មុន​ ឬ​ពេលនេះ​ទេ​គឺ​ផ្អែកលើ​ក្របខ័ណ្ឌ​នៃ​កម្មវិធី​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស (PCP Cambodia) ​របស់​អង្គការ UNIDO នៅ​កម្ពុជា ដែល​ផ្តើម​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​ ២០១៧ មក​។ កម្មវិធី​នេះ​បានរួម​ចំណែក​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ (IDP២០១៥-២០២៥) និង​គោលដៅ​រួម​ក្នុងការ​ប្រែក្លាយ​ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០​។

បេសកកម្ម​របស់​យើង​នាពេល​​នេះ​គឺ​ផ្តោត​ជាពិសេស​លើ​ការពិនិត្យ​មើល​ឡើងវិញ​លើ​វឌ្ឍនភាព​គម្រោង​ទាំងនោះ​ក៏ដូចជា​ពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល ភាគី​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍ សំដៅ​បង្កើត​ឱ្យមាន​កិច្ចសហការ​ដ៏រឹងមាំ​មួយ​រួមចំណែក​សម្រេច​បាន​ការ​អភិវឌ្ឍ​ធុរកិច្ច​កសិកម្ម​នៅ​កម្ពុជា​។

តើ UNIDO មាន​កិច្ចសហការ​បែបណាខ្លះ​ជាមួយ​រដ្ឋាភិបាល​ក្នុង​នោះ​មាន​ក្រសួង​ស្ថាប័ន​ណាខ្លះ​?

ជានិច្ចកាល អង្គការ UN-IDO តែងតែ​ប្រើប្រាស់​យន្តការ​ពិគ្រោះ​យោបល់ និង​សហប្រតិបត្តិការ​ក្នុងការ​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្របខ័ណ្ឌ PCP Cambodia ដូច​បាន​រៀបរាប់​ខាងលើ​គឺជា​តឹកតាង​ស្រាប់​ដែល​គូសបញ្ជាក់​ពី​កិច្ចសហការ​របស់​យើង​ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​ជំនាញ និង​សេដ្ឋកិច្ច ក៏​ដូច​ការនាំចេញ តាមរយៈ​កិច្ច​គាំទ្រ​លើ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​កសិកម្ម​ (​ផ្សារភ្ជាប់​ទៅនឹង​វិស័យ​ទេសចរណ៍​) ​ពិពិធកម្ម​ឧស្សាហកម្ម នវានុវត្តន៍ និង​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​។ ​តួយ៉ាង​យើង​កំពុង​តែ​ធ្វើការ​ជាមួយ​រដ្ឋបាល​ជលផល​ ដើម្បី​លើកកម្ពស់​ខ្សែចង្វាក់​តម្លៃ​ផល និង​ផលិតផល​ក្រោយ​ជលផល​នាពេល​បច្ចុប្បន្ន​។

បន្ថែម​លើ​នេះ យើង​ក៏​កំពុង​ធ្វើការ​ជាមួយ​អង្គភាព​ជំនាញ​ផ្សេងទៀត​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងពាណិជ្ជកម្ម​ (​កាំកុងត្រូល​) ​ជួយ​ទៅដល់​មន្ទីរពិសោធន៍​របស់​អង្គភាព​ទាំងនេះ ដើម្បី​ទទួលបាន​ការទទួល​ស្គាល់​គុណភាព​ជា​អន្តរជាតិ​។ ​ខ្ញុំ​សូម​ផ្តល់​ឧទាហរណ៍​ជូន​តាមរយៈ​គម្រោង​នាពេល​ថ្មីៗ​នេះ យើង​ទើបបាន​រៀបចំ​បង្កើត និង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ថ្នាល​ស្រាវជ្រាវ នវានុវត្តន៍ និង​បច្ចេកវិទ្យា​អាហារ ដោយ​ផ្តល់ឱកាស​​ឱ្យ​ក្រសួង​ពាក់ព័ន្ធ សាកល​វិទ្យាល័យ គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ និង​តំណាង​ពី​វិស័យ​ឯកជន​បាន​ធ្វើការ​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ប្រតិបត្តិករ​ម្ហូបអាហារ​ពី​វិស័យ​ឯកជន​ជួបប្រទះ​ដោយ​ក្នុងនោះ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​សិក្សា​ស្រាវជ្រាវ​បំពេញ​តួនាទី​ស្រាវជ្រាវ និង​នវានុវត្តន៍​ ដើម្បី​ផ្តល់​ជា​ដំណោះស្រាយ​ជួយ​ដល់​វិស័យ​ឯកជន​។

តើ​កន្លងមក​ UNIDO​ បាន​អនុវត្ដ​គម្រោង​អ្វីខ្លះ​នៅ​កម្ពុជា​? ​គម្រោង​ទាំងនេះ​បាន​ដើរតួនាទី​​សំខាន់​បែបណាខ្លះ​ក្នុងការ​ចូលរួម​ជួយ​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​?

តាមរយៈ​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស អង្គការ UNIDO បាន​អនុវត្ត​សកម្ម​ភាព​ជាច្រើន​ជួយ​ដល់​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ម្ហូបអាហារ និង​កសិកម្ម​ប្រកប​ដោយ​ចីរភាព ប្រព័ន្ធ​ទីផ្សារ​បរិយាប័ន្ន លើកកម្ពស់​កាលានុវត្តន៍​ភាពធុរកិច្ច​សម្រាប់​ពលរដ្ឋ​នៅ​តំបន់​ជនបទ និង​ពង្រឹង​ទីផ្សារ​តាមរយៈ​ការចងភ្ជាប់​វិស័យ​ឧស្សាហកម្ម​ទៅនឹង​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​។

នៅ​កម្ពុជា​ជា​គោលដៅ យើង​មានបំណង​អភិវឌ្ឍ និង​លើក​កម្ពស់​ខ្សែចង្វាក់​តម្លៃ​កសិកម្ម​ដើម្បី​ទទួលបាន​ភាព​ប្រកួតប្រជែង និង​ទីផ្សារ​កាន់តែ​ប្រសើរ​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា​​ដែល​នឹង​រួមចំណែក​ដល់​ការបង្កើត​ការងារ ប្រាក់ចំណូល និង​សេដ្ឋកិច្ច​។ នាពេល​ថ្មីៗ​នេះ យើង​បាននិង​កំពុង​គាំទ្រ​ដល់​សហគ្រាស​ជលផល​ខ្នាតតូច​ និង​មធ្យម​ប្រមាណ​ ៤០ ​តាមរយៈ​ការបណ្តុះបណ្តាល​ស្តីពី​​សុវត្ថិភាព​ម្ហូបអាហារ​ការ​អភិវឌ្ឍ​ធុរកិច្ច និង​លទ្ធកម្ម​សម្ភារ​បរិក្ខារ ដើម្បី​បង្កើន​ផលិតភាព​របស់​សហគ្រាស​ទាំងនោះ​។

អ្វីដែល​ខ្ញុំ​មិនគួរ​បំភ្លេច​នោះ​គឺថា សហគ្រាស​ដែល​ទទួល​បាន​ការគាំទ្រ​ពី​កិច្ច​អន្តរាគមន៍​របស់​យើង​ភាគច្រើន​ត្រូវបាន​ចាត់ចែង​ ឬ​ដឹកនាំ​ដោយ​ស្ត្រី​ ឬ​ស្ត្រី​​ជា​ម្ចាស់​ផ្ទាល់​តែម្តង​។

តើ UNIDO ផ្តោត​ការគាំទ្រ​របស់ខ្លួន​លើ​ការងារ និង​អ្នក​ពាក់ព័ន្ធ​ណាខ្លះ ហើយ​បាន​ចូលរួម​ដោះស្រាយ​លើ​បញ្ហា​អ្វី​ដែរ​?

សហគ្រាស​ធុរកិច្ច​កសិកម្ម​របស់​កម្ពុជា​មាន​ការ​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ជាច្រើន ដូចជា កង្វះខាត​បច្ចេកវិទ្យា សម្ភារ​បរិក្ខារ ចំណេះដឹង និង​ជំនាញ​ហិរញ្ញវត្ថុ​ក៏ដូចជា ក្របខ័ណ្ឌ​ច្បាប់ និង​គោលនយោបាយ​គាំទ្រ ដែល​ជា​ឧបសគ្គ​រាំងស្ទះ​មិនឱ្យ​ពួកគេ​អាច​ចូលទៅ​កាន់​ទីផ្សារ​ល្អប្រសើរ​បាន​។ ​អន្តរាគមន៍​របស់​អង្គការ UNIDO គឺ​ផ្តោតលើ​ទិដ្ឋភាព​ទាំងនេះ ដោយ​ផ្តោតលើ​បញ្ហា​ប្រទាក់ក្រឡា​ដូចជា​សមភាព​យេនឌ័រ និង​បរិស្ថាន​ក្នុងពេល​ទន្ទឹមគ្នា​ផងដែរ​។

តើ UNIDO បាន​ចូលរួម​លើកកម្ពស់​វិស័យ​កសិធុរកិច្ច​នៅ​កម្ពុជា​បែបណា​ខ្លះ​?

អង្គការ​ UNIDO កំពុង​ធ្វើការ​ជាមួយ​អង្គភាព​ជំនាញ​របស់​វិស័យ​ជលផល​ ដើម្បី​លើក​កម្ពស់​ភាព​ប្រកួតប្រជែង​តាមរយៈ​តម្លៃបន្ថែម​ប្រព័ន្ធ​វិញ្ញាបនបត្រ ការកែលម្អ​បច្ចេកវិទ្យា បង្កើន​ផលិតភាព និង​ជំនាញ​។ ជា​តួយ៉ាង​នាពេល​នេះ​យើង​កំពុង​រៀបចំ​បញ្ចប់​ប្រព័ន្ធ​វិញ្ញាបនបត្រ ហៅ​កាត់​ថា និមិត្ត​សញ្ញា​គុណភាព​កម្ពុជា ​(CQS) ​ដើម្បី​បញ្ជាក់​ពី​សុវត្ថិភាព​របស់​ផលិតផល​ដែល​នឹង​ជួយ​ដល់​សហគ្រាស​ទទួលបាន​វិញ្ញាបនបត្រ អាច​លក់​ផលិតផល​ខ្លួន​ក្នុងតម្លៃ​មួយ​ខ្ពស់ជាង​មុន​ ​និង​ឈានចូល​ទៅកាន់​ទីផ្សារ​ជាតិ និង​តំបន់​បាន​កាន់តែ​ប្រសើរ​។ ​យើង​ធ្វើការ​ជាមួយ​សមភាគី​ពី​ស្ថាប័នរដ្ឋ​រៀបចំ​បង្កើត​​គោលនយោបាយ និង​ក្របខ័ណ្ឌ​គតិយុត្ត វិនិយោគ​លើ​ការអភិវឌ្ឍ​មូលធន​មនុស្ស ដើម្បី​ធានាថា យើង​អាច​ផលិត និង​ផ្គត់ផ្គង់​ផល និង​ផលិតផល​ជលផល​ដែលមាន​គុណភាព សុវត្ថិភាព​កាន់តែ​ប្រសើរ​នៅលើ​ទីផ្សារ​។

តើ​ទិសដៅ​នា​ថ្ងៃ​អនាគត UNIDO នឹង​បន្ត​ចូលរួម​ជួយ​លើ​វិស័យ​ណាខ្លះ​ទៀត​នៅ​ប្រទេស​កម្ពុជា​?

សុខភាព​បរិស្ថាន និង​មនុស្ស ពិតជា​មាន​ភាព​ពាក់ព័ន្ធ​យ៉ាងខ្លាំង​ទៅនឹង​សុខភាព​របស់​ប្រព័ន្ធ​អាហារ រួមទាំង​កត្តាសេដ្ឋកិច្ច និង​វប្បធម៌​។ ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​ UNIDO នាពេលខាងមុខ​ក្នុង​វិស័យនេះ សំដៅ​បង្កើត​ឱកាស​ការងារ និង​ប្រាក់ចំណូល​ដោយ​ពង្រឹង​និរន្តរភាព​ជីវភាព​រស់នៅ​ និង​សនិ្តសុខ​ស្បៀង​ក្នុងពេល​​ដំណាល​គ្នា​ផងដែរ​៕