ភ្នំពេញៈ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ឱ្យដឹងថា រដូវវស្សា​ឆ្នាំនេះ ក្រសួង​កំពុង​យកចិត្ដ​ទុកដាក់​លើ​ការងារ​គ្រប់គ្រង​ទឹក​នៅតាម​អាងទឹក​សំខាន់ៗ ដើម្បី​បញ្ចៀស​ទឹកជំនន់ និង​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ពេល​រដូវប្រាំង​មកដល់​ ឬ​នៅពេល​អាកាសធាតុ​មានការ​ប្រែប្រួល​។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ថ្លែង​កាលពី​ថ្ងៃទី​ ២៦ ​ឧសភា​នេះ​ថា បច្ចុប្បន្ននេះ​បញ្ហា​ចំពោះមុខ គឺ​ការគ្រប់គ្រង​ទឹក សម្រាប់​មួយផ្នែក​ផ្គត់ផ្គង់​លើ​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​ ១ ​ផ្នែក​ទៀត ​សម្រាប់​ផ្គត់ផ្គង់​ដំណាំ​ស្រូវ​ក្រោយ​រដូវវស្សា​កន្លងផុត​ទៅ​។

លោក​ថ្លែងថា ថ្វីដ្បិតតែ​បច្ចុប្បន្ន​ចូល​ដល់​រដូវវស្សា ប៉ុន្តែ​ការគ្រប់គ្រង​ទឹក​នេះ គឺ​មិនអាច​ធ្វេសប្រហែស​បាន​ទេ​ ប្រសិន​បើ​អាកាសធាតុ ប្រែប្រួល ខ្លាំង ហើយ​តំបន់​ខ្លះ​គ្មាន​ភ្លៀង​ធ្លាក់ បើ​ចេះតែ​បង្ហូរទឹក​ចោល​គ្មាន​ការគ្រប់គ្រង​ត្រឹមត្រូវ នៅពេល​ប្រឈម​ជាមួយ​នឹង​បញ្ហា​អាកាសធាតុ គឺអាច​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ទឹក​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​ការគ្រប់គ្រង​ទឹក​នៅក្នុង​រដូវវស្សា គឺ​ដើម្បី​ធ្វើយ៉ាងណា​គ្រប់គ្រង​ទឹក​បំពេញ​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ហើយ​ប្រសិន​បើ​មាន​កន្លែង​ណា​ដែលមាន​បញ្ហា​ប្រឈម​នឹង​ទឹកជំនន់ ក៏​យើង​មាន​វិធានការ​មុន​។ បានន័យថា បញ្ចេញ​ទឹក​ចាស់​ចោល​ខ្លះ​មុននឹង​ទឹក​ថ្មី​មកដល់​។ នេះ​គឺជា​របៀប ក៏ដូចជា​យុទ្ធសាស្ត្រ​នៅក្នុង​ការគ្រប់គ្រង​ទឹក​របស់​យើង​នៅក្នុង​រដូវវស្សា​នេះ​»​។

លោក​ថា ពេល​រដូវប្រាំង​មកដល់​ក៏​កាន់តែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត ខណៈ​នៅ​កម្ពុជា​មានតែ​ ២ ​រដូវ​ទេ គឺ​រដូវប្រាំង និង​រដូវវស្សា ក្នុងនោះ​រដូវវស្សា​ជាទូទៅ​រដូវវស្សា​ចាប់ផ្ដើម​នៅ​ពាក់​កណ្ដាល​ខែ ​៥ ហើយ​បញ្ចប់​នៅ​ពាក់​កណ្ដាលខែ​ ១១​។ ចាប់ពី​ពាក់​កណ្ដាលខែ​ ១១ មកដល់​ពាក់​កណ្ដាលខែ​ ៥ ​វិញ គឺជា​រដូវប្រាំង​។

លោក យុត្ថា ថា​៖ «​រដូវប្រាំង​កម្ពុជា​យើង​មាន​តម្រូវការ​ប្រើប្រាស់​ទឹក​ខ្ពស់ជាង​រដូវវស្សា ដោយសារ​រដូវ​នេះ​មិនមាន​ទឹកភ្លៀង​ជំនួយ​ទេ​។ ហើយ​ទឹក​នៅតាម​បណ្ដា​ស្ទឹង ទន្លេ បឹង​មួយចំនួន ពិសេស​ទីជនបទ ក៏​រីងស្ងួត​ខ្លះ​ដែរ​។ ដូច្នេះ​ប្រភពទឹក​សំខាន់ៗ​របស់​យើង​គឺ​យើង​ត្រូវតែ​ថែរក្សា​ទុកឱ្យ​បាន​ខ្ពស់បំផុត មិនអាច​បូម ពង្រីង ដើម្បី​ផល​ត្រី​បន្ដិចបន្តួច​ទេ យើង​ត្រូវតែ​រក្សា​ទឹក​ទុក​»​។

លោក​បានឱ្យ​ដឹងថា កំណើន​ស្រូវប្រាំង​របស់​កម្ពុជា គឺមាន​ការកើនឡើង​ជា​បន្ត​បន្ទាប់ពី​ ១​ ឆ្នាំទៅ ​១ ​ឆ្នាំ ខណៈ​បច្ចុប្បន្ននេះ​ការធ្វើ​ដំណាំ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​បាន​កើនឡើង​ដល់​ជាង ៦០​ ម៉ឺន​ហិកតា​ហើយ​នៅក្នុង​ ១ ​ឆ្នាំ ដូចជា​នៅ​ខេត្ដ​ព្រៃវែង និង​ខេត្ដ​តាកែវ គឺជា​ខេត្ដ​ដែល​ផលិត​ស្រូវប្រាំង​ធំជាងគេ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ សម្រាប់​ខេត្ដ​ព្រៃវែង​ក្នុង​ផែនការ​របស់​ខេត្ដ​ការធ្វើ​ស្រូវប្រាំង​មាន​ចំនួន​ជាង ៧ ម៉ឺន​ហិកតា​ដូចគ្នា​ទៅនឹង​ខេត្ដ​តាកែវ​ដែរ​។ ប៉ុន្ដែ​ការធ្វើ​ស្រូវ​នា​រដូវប្រាំង ឆ្នាំ​ ២០២១-២០២២ នេះ​គ្រាន់តែ​ខេត្ដ​ព្រៃវែង​មួយ​កើន​ឡើងដល់​ជាង ១១ ​ម៉ឺន​ហិកតា​។ កំណើន​នេះ​មកពី​ប្រព័ន្ធធារាសាស្ដ្រ​ខ្នាត​ធំ និង​ប្រព័ន្ធ​មេ​នៃ​ប្រព័ន្ធ​ធារាសាស្ដ្រ​ទន្លេ​វ៉ៃ​គោ​បាន​សាងសង់​រួច​។

លោក​បញ្ជាក់ថា​៖ «​កាលពី​ដើមឡើយ​ពលរដ្ឋ​យើង​ធ្វើ​ស្រូវ​តែ​រដូវវស្សា​ទេ ដោយសារ​ខ្វះ​ទឹក​នៅ​រដូវប្រាំង អត់​មាន​ប្រភពទឹក​ធ្វើ​ស្រូវ​ទេ ហើយ​ផ្ទៃដី​ធ្វើ​ស្រូវ ៧៥ ០០០ ​ហិកតា គឺជា​ផ្ទៃដី​ស្រូវប្រាំង​មានន័យថា​នៅ​រដូវវស្សា​គឺ​ទឹក​ជន់​លិច​ទាំងអស់​។ ហើយ​ដល់ពេល​ទឹក​ចាប់ផ្ដើម​ស្រក​ទើប​ពលរដ្ឋ​ចាប់ផ្ដើម​ធ្វើស្រែ​បណ្ដេញ​ទឹក​»​។

លោក យុត្ថា ថ្លែងថា ដំណាំ​ស្រូវ​រដូវប្រាំង​អាច​នឹងមាន​ការ​កើនឡើង​បន្ដិចបន្តួច​ទៀត​នៅ​ឆ្នាំ​ ២០២២-២០២៣ ដោយសារតែ​ប្រព័ន្ធធារាសាស្ដ្រ​នៅ​ប្រព័ន្ធ​វ៉ៃ​គោ​មានទឹក​អាចឱ្យ​ពលរដ្ឋ​ធ្វើស្រែ​នៅ​រដូវប្រាំង ដូច្នេះ​ផ្ទៃដី​ធ្វើស្រែ​ក្រោយពី​ពលរដ្ឋ​ប្រមូលផល​ស្រូវ​រដូវវស្សា​រួច​ហើយនឹង​បន្តធ្វើ​ស្រូវប្រាំង​ម្ដងទៀត​។ ចំណែក​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស តាម​ផែនការ​គិតទុក​ជាមុន​រយៈពេល ៤-៥ ​ឆ្នាំ​ខាងមុខ ផ្ទៃដី​ស្រូវប្រាំង​នឹង​អាច​ហក់​ឡើង​ទៅដល់ ១ ​លាន​ហិកតា​។ លោក​បានឱ្យដឹងថា កាលពី​មុន ខេត្ដ​ចំនួន​ ៣ គឺ​បាត់ដំបង បន្ទាយមានជ័យ និង​ប៉ៃលិន ក្នុង ១ ​ឆ្នាំៗ​ផ្ទៃដី​ធ្វើ​ស្រូវ​ប្រាំង​មានតែ ៥០០ ​ហិកតា​ប៉ុណ្ណោះ ប៉ុន្ដែ​ឥឡូវនេះ​គ្រាន់តែ​ស្រុក​មង្គលបុរី​មួយ​ស្ថិតក្នុង​ខេត្ដ​បន្ទាយមានជ័យ ពលរដ្ឋ​ធ្វើ​ស្រូវប្រាំង​ជិត​ ១០ ​ម៉ឺន​ហិកតា ក្នុងនោះ​ពលរដ្ឋ​ខ្លះ​ធ្វើ​ស្រូវ​ប្រាំង​ចំនួន​ ២​ លើក​ក៏មាន​។

លោក​បញ្ជាក់ថា​៖ «​ទោះបី​នៅក្នុង​រដូវវស្សា​ក៏ដោយ វិធានការ​គ្រប់គ្រង​ទឹក​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច ដើម្បី​បម្រើ​គោលដៅ​ចំនួន​ ២ គឺ​ទី​ ១ ក្នុង​គោលដៅ​កាត់បន្ថយ​ទឹកជំនន់ ទី​ ២ បំពេញ​សេចក្ដី​ត្រូវការ​សម្រាប់​ការប្រើប្រាស់​ទាំង​ក្នុង​វិស័យ​កសិកម្ម និង​ការប្រើប្រាស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​»​។

លោក​បានឱ្យ​ដឹងថា បច្ចុប្បន្ន រដូវប្រាំង គ្រាន់តែ​បណ្ដា​ស្រុក និង​ក្រុង នៅ​តាម​ដងស្ទឹង​សង្កែ ដូចជា​ស្រុក​រតនមណ្ឌល ស្រុក​បាណន់ ស្រុក​ឯកភ្នំ និង​ក្រុង​បាត់ដំបង​មាន​តម្រូវការ​ទឹក ២០​ លាន​ម៉ែត្រគុប​នៅក្នុង ១ ខែៗ​។ ដូច្នេះ​បើ​គ្មាន​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​ទឹកបាន​ល្អ គឺ​មិនអាច​រក​ទឹក​មក​ផ្គត់ផ្គង់​តម្រូវការ​ប្រជាពលរដ្ឋ​បានទេ​។ នេះ​សម្រាប់​តម្រូវការ​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន បើ​ថ្ងៃ​អនាគត​តម្រូវការ​ទឹកនឹង​មានការ​កើនឡើង​បន្ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​គិតគូរ បើ​ចប់​រដូវវស្សា ចូល​ដល់​រដូវប្រាំង ធនធានទឹក ក្រៅ​ផ្គត់ផ្គង់​តម្រូវការ​ដល់​ការស្រោចស្រព​ទឹក​ដែល​យើង​ត្រូវ​រក្សាទុក​សម្រាប់តែ ៤ ​ក្រុង​-​ស្រុក​នេះ យ៉ាង​ហោចណាស់ ១០០ ​លាន​ម៉ែត្រគុប​សម្រាប់តែ​ផ្គត់ផ្គង់​តែ​លើ​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​តែមួយ​មុខ​ទេ​»​។

លោក យុត្ថា បញ្ជាក់ថា ចំណុច​សំខាន់​នៃ​ការគ្រប់គ្រង​ទឹក​គឺ​ពឹង​ផ្អែកលើ​បណ្ដា​អាងទឹក​សំខាន់ៗ​នៅតាម​ខេត្ដ​ផ្ទាល់​ក្នុង​នោះ​មាន​ខេត្ដ​មួយចំនួន​មាន​អាង​ស្ដុក​ទឹក​ទុក សម្រាប់​ផ្គត់ផ្គង់​ទៅ​ដល់​ខេត្ដ​ដទៃទៀត​ដូចជា ខេត្ដ​ឧត្ដរមានជ័យ​ជា​រៀងរាល់ឆ្នាំ​អាង​ស្ដុក​ទឹក​ក្នុង​ខេត្ដ​នេះ​បាន​រក្សា​ទឹក​ទុក​យ៉ាងតិច​បំផុត ៦០០ ​លាន​ម៉ែត្រគុប​ក្នុង ១ ​ឆ្នាំ សម្រាប់​ផ្គត់ផ្គង់​ទៅដល់​អន្តរខេត្ដ​ក្បែរ​គ្នា​ដូចជា​ខេត្ដ​សៀមរាប​ជាដើម ពីព្រោះ​តម្រូវ​ការប្រើ​ទឹក​ក្នុង​ខេត្ដ​នេះ​មាន​តិច ការធ្វើ​ស្រូវប្រាំង​មាន​មិន​ដល់ ១ ​ពាន់​ហិកតា​ផង​នៅ​ទូទាំង​ខេត្ដ​។

លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួម​នឹង​មន្ដ្រី​នៃ​រដ្ឋបាលខេត្ត​បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​ព្រមទាំង​ក្រុមមន្ត្រី​បច្ចេកទេស កាលពី​ថ្ងៃទី​ ១៥ ខែឧសភា​នេះ បាន​ចុះ​ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​។ បេសកកម្ម​នេះ​ក្រុមការងារ​បាន​វាយតម្លៃ​ស្ថានភាព​ទឹក​នា​ដើម​រដូវវស្សា​ឆ្នាំ ​២០២២ ដែល​ឆ្នាំនេះ​ភ្លៀង​បាន​ធ្លាក់​ឆាប់​ជាង និង​បរិមាណ​ច្រើនជាង​បណ្តា​ឆ្នាំ​កន្លងទៅ​។

ជាក់ស្តែង​បច្ចុប្បន្ន​ទំនប់​អាង​កំពីងពួយ មាន​បរិមាណ ទឹក ៦០ ​លាន​ម៉ែត្រគុប ស្មើនឹង ៤០% នៃ​កម្រិត​ស្តុក​ទឹក​អតិបរមា ១៥០ ​លាន​ម៉ែត្រគុប​។ តាមរយៈ​បេសកកម្ម​នេះ​លោក​ក៏បាន​ណែនាំ​បច្ចេកទេស​កែលម្អ​នូវ​ចំណុច​ខ្វះខាត​ក្នុង​ការកសាង​គម្រោងការ​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធធារាសាស្ត្រ​អាង​កំពីងពួយ ក្នុងស្រុក​បាណន់ ខេត្ត​បាត់ដំបង ដែល​កំពុង​ជំរុញ​ការងារ​សាងសង់​យ៉ាងសកម្ម​រហូត​មកដល់​ពេលនេះ​សម្រេចបាន​ប្រមាណ ៨០% នៃ​ផែនការ​។

លោក គានហោ ក៏បាន​ចុះ​ពិនិត្យ​ប្រព័ន្ធធារាសាស្ត្រ​នៃ​គម្រោង​អភិវឌ្ឍន៍ ទំនប់​សាលា​តាអន​ស្ថិតក្នុង​ស្រុក​ឯកភ្នំ និង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។ គម្រោង​អភិវឌ្ឍន៍ ទំនប់​សាលា​តាអន ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ​។ គម្រោង​នេះ​បាន​ចាប់ផ្តើម​ធ្វើការ​សាងសង់​កាលពី​ខែមករា ឆ្នាំ​ ២០១៩ រហូតដល់​ពេលនេះ​សម្រេចបាន​ប្រមាណ ៩៧% ដែល​នឹង​គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នាពេល​ដ៏ខ្លី​ខាងមុខ​។ គម្រោង​នេះ​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា ​១១​ ពាន់​ហិកតា និង​ស្រូវប្រាំង​ ៤ ៧០០ ​ហិកតា​៕