ភ្នំពេញៈ អ្នក​រត់ម៉ូតូឌុប លោក​ ចាន់ សាមឿន អាយុ​ ៣៩​ ឆ្នាំ ជា​ពលរដ្ឋ ដែល​ទទួលបាន​ការផ្តល់​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​អំឡុងពេល​ជំងឺ​កូវីដ​ ១៩​។ មកដល់​ពេលនេះ ថវិកា​ចំនួន ​៦៨៣,៦៤​ លាន​ដុល្លារ​អាមេរិក ត្រូវបាន​ផ្តល់ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។

បុរស​រត់​ម៉ូតូឌុប​រូបនេះ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៦ ខែឧសភា ថា លោក​បានទទួល​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ចាប់តាំងពី​ខែមិថុនា ឆ្នាំ​ ២០២០ ដែល​កម្មវិធី​នេះ​ចាប់ផ្តើម​ពីដំបូង​រហូត​មកដល់​សព្វថ្ងៃ​នេះ​។

លោក​ប្រាប់ថា​៖ «[​ខ្ញុំ​] ​ទទួលបាន​ថវិកា ចំនួន​ ២០ ​ម៉ឺន​រៀល ក្នុង​ ១​ ខែ សម្រាប់​ចំណាយ​ក្នុង​គ្រួសារ​ដែលមាន​កូន​ ៣​ នាក់ ក្នុងបន្ទុក​ផងដែរ​។ លុយ​ទាំងនេះ​វា​មិន​ច្រើន​ទេ សម្រាប់​អ្នក​ដែលមាន​ជីវភាព​ល្អ តែ​សម្រាប់​ខ្ញុំ គឺ​ច្រើន ហើយ​បាន​ជួយ​សម្រាប់​ខ្ញុំ​ចំណាយ​ថ្លៃ​បន្ទប់ជួល​ប្រចាំខែ​ផងដែរ​»​។

ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នូវ​ការរីក​រាលដាល​មេរោគ​កូវីដ​ ១៩ ជាង​ ២​ ឆ្នាំ​កន្លងមកនេះ លោក​ ចាន់ សាមឿន និង​គ្រួសារ​ដែល​រស់នៅក្នុង​សង្កាត់​ទួលសង្កែ​ទី​ ១ ខណ្ឌ​ឫស្សីកែវ ជួប​ការលំបាក​ច្រើន​។ ពួកគេ​ត្រូវ​បាត់បង់​ចំណូល​ស្ទើរ​ទាំងស្រុង ដែល​ ១ ​ថ្ងៃ​លោក​រកចំណូលបាន​ពី​ការរត់​ម៉ូតូឌុប ពី​ ១​ ម៉ឺន​ទៅ​ ២ ​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ លោក​ ចាន់ សាមឿន និយាយថា​៖ «​វា​ជា​កម្មវិធី​ល្អ ដែល​រដ្ឋ​បាន​ជួយ​ដល់​ប្រជាជន​ក្រីក្រ​ពេល​មានទុក្ខ​លំបាក ទោះ​មិន​ច្រើន តែ​វា​ប្រសើរ​ជាង​មិនបាន​អ្វី​ទាំងអស់​»​។

គួររំឭកថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ជំងឺ​កូវីដ​ ១៩ ត្រូវបាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០២០ ដែល​រហូតមកដល់​បច្ចុប្បន្ន​អនុវត្ត​បាន​ចំនួន ​៩ ជុំ មាន​ ២៣​ លើក​រួចមក​ហើយ​។

ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​នៅ​ថ្ងៃទី​ ២៤ ខែមិថុនា ឱ្យដឹងថា រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង​ ២ ៧៣៤ ​ប៊ីលាន​រៀល ឬ​ស្មើនឹង​ ៦៨៣,៦៤​ លាន​ដុល្លារ​អាមេរិក ចាប់ពី​ថ្ងៃ​ទី​ ២៥ ខែមិថុនា ឆ្នាំ​ ២០២០ រហូតដល់​ថ្ងៃទី​ ២៤ ខែឧសភា ឆ្នាំ​ ២០២២​។

ក្រសួង​បន្តថា សម្រាប់​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជុំ​ទី​ ៩ លើក​ទី​ ២ នឹង​ចាប់ផ្តើម ពីថ្ងៃ​ទី​ ២៥ ខែឧសភា រហូតដល់​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០២២ ដែលមាន​រយៈពេល​ ៣០ ​ថ្ងៃ​។ គ្រួសារ ដែល​នឹងត្រូវ​ទទួល​ត្រូវ​ទៅ​បើកប្រាក់​នៅតាម​បញ្ជរ​វីង​ណាមួយ ដោយ​មិន​តម្រូវ​ឱ្យទៅ​សាលាឃុំ សង្កាត់ សាជាថ្មី​ទៀត​ទេ​។

ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​លើកឡើង​ថា កម្មវិធី​ជំនួយ​សង្គម​នេះ​មិនមែន​ជា​កម្មវិធី​មាន​លក្ខណៈ​អចិន្រៃ្តយ៍​នោះទេ​។ នេះ​ជា​កម្មវិធី​ជំនួយ​សង្គម​ពិសេស​មួយ ដែល​រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​បន្ថែម និង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ សំដៅ​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​ក្រីក្រ ដែលមាន​បណ្ណសមធម៌ (​ក្រ-១ និង​ក្រ-២) ​និង​អ្នក​ទទួលរង​ផលប៉ះពាល់​ ដោយសារ​ជំងឺ​កូវីដ​ ១៩ ដោយ​រួមបញ្ចូល​ផងដែរ នូវ​អ្នក​បាត់បង់​ការងារ ឬ​អ្នក​បាត់បង់​ចំណូល​ត្រូវ​ធ្លាក់ខ្លួន​ទៅក្នុង​ភាព​ទីទាល់ក្រ​ឡើងវិញ​ផងដែរ​៕