ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ប្រាប់​ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​ (​អ.ស.ប​) ថា កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ជួយ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​អំពើហិង្សា​ជា​អចិន្រៃ្តយ៍ ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ដែល​ត្រូវការ​បំផុត និង​ជំរុញ​ឱ្យ​មាន​កិច្ចសន្ទនា​ពី​ភាគី​ពាក់ព័ន្ធ​។

លោក​ ហ៊ុន សែន លើកឡើង​ដូច្នេះ​ក្នុងជំនួប​ជាមួយ​លោកស្រី Noeleen Heyzer ប្រេសិត​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ស្តីពី​មីយ៉ាន់ម៉ា​ក្នុង​ឱកាស​ដែល​លោក​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ២០២២ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២២-២៦ ខែឧសភា នៅ​ទីក្រុង​ដាវ៉ូសក្លូស្ទ័រ (Davos-Klo-sters) ប្រទេស​ស្វ៊ីស​។

លោក​ កៅ គីមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត បន្ទាប់ពី​ការមកដល់​កម្ពុជា​វិញ​របស់​លោក​ ហ៊ុន សែន នៅ​ថ្ងៃទី​ ២៦ ខែឧសភា ថា​៖ «​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ [​ថា​] ថ្វី​ដ្បិត​ការងារ​ពាក់ព័ន្ធ​នៅ​មីយ៉ាន់ម៉ា​នេះ​ជា​ការងារ​សំខាន់ ប៉ុន្តែ​ជា​ការងារ​មិនមែន​ងាយស្រួល​ទេ​។ ទោះបី​យ៉ាង​ម៉េច​ក៏ដោយ គឺ​សម្តេចតេជោ នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា កម្ពុជា​នៅតែមាន​ការប្តេជ្ញាចិត្ត​នៅក្នុង​ការជួយ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ជាពិសេស​ទៀត នៅក្នុង​ការអនុវត្ត​តួនាទី​របស់​ប្រទេស​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​»​។

លោក​បន្តថា លោក ហ៊ុន សែន បានបញ្ជាក់​ពី​ចំណុច​អាទិភាព​ចំនួន ​៣ ក្នុង​ការជួយ​ដល់​ប្រទេស​មីយ៉ាន់ម៉ា ដែល​ទី​ ១ គឺ​បញ្ចប់​អំពើហិង្សា​នៅ​មីយ៉ាន់ម៉ា ដោយ​ធ្វើយ៉ាងណា​ឱ្យមាន​បទ​ឈប់​បាញ់​ជា​អចិន្រៃ្តយ៍​។ ទី ​២ ​គឺ​ធ្វើ​​យ៉ាងណា​ជួយផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​ដែល​ត្រូវការ​ជំនួយ​ចាំបាច់ ហើយ​ទី​ ៣​ គឺ​ការជំរុញ​ការសន្ទនា​ដោយ​ស្ថាបនា និង​ការចូលរួម​ដោយ​ភាគី​ពាក់ព័ន្ធ​។

បើតាម​លោក កៅ គីមហួន លោកស្រី Noeleen Heyzer បាន​អរគុណ​ដល់​លោក ហ៊ុន សែន ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា ដោយ​លោកស្រី​សង្ឃឹមថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា​នឹង​ស្តាប់​នូវ​យោបល់​របស់​លោក ហ៊ុន សែន ហើយ​លោកស្រី​បាន​បញ្ជាក់ថា អ្វីដែល​សំខាន់​នៅពេលនេះ គឺ​រក​មធ្យោបាយ​ ដើម្បី​កាត់បន្ថយ​អំពើហិង្សា​ដែល​ប្រព្រឹត្ត​ទៅលើ​ជន​ស៊ីវិល​នៅ​មីយ៉ាន់ម៉ា​។

លោក កៅ គីមហួន បានឱ្យ​ដឹងថា​៖ «​លោកជំទាវ [Noeleen Heyzer] ក៏បាន​មាន​គោលជំហរ​ដែរ​ថា អ្វីដែល​កម្ពុជា​កំពុង​ធ្វើ​នេះ​គឺ​ឆ្លុះបញ្ចាំង​ការខិតខំ​របស់​ប្រទេស​កម្ពុជា ជាពិសេស​ទស្សនកិច្ច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ផ្ទាល់ ជំនួប​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម មីន អ៊ុងឡាំង​ [​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​] ២​លើក​តាម​ប្រព័ន្ធ​វីដេអូ​»​។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​ ៧-៨ ដើមខែ​មករា លោក ហ៊ុន សែន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា ដោយបាន​ជួប​ជាមួយ​លោក​ មីន អ៊ុងឡាំង ដែល​បានសម្រេច​ពន្យារពេល​បទឈប់​បាញ់​រហូតដល់​ចុងឆ្នាំ​ ២០២២ និង​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បញ្ឈប់​អំពើហិង្សា​។

នៅក្នុង​ជំនួប​នេះ លោកស្រី Noeleen Heyzer ថ្លែងប្រាប់​លោក ហ៊ុន សែន ថា​ពេលនេះ លោក​ មីន អ៊ុងឡាំង បាន​អញ្ជើញ​លោកស្រី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​នាពេល​ខាងមុខ ដែល​លោកស្រី​ត្រៀម​នឹង​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នេះ ហើយ​លោកស្រី​ក៏បាន «​សុំ​យោបល់​មួយចំនួន​» ​ពី​លោក ហ៊ុន សែន អំពី​ការងារ​ពាក់ព័ន្ធ​នឹង​​មីយ៉ាន់ម៉ា​នេះ​។ នេះ​បើតាម​លោក កៅ គីមហួន​។

កាលពី​ចុងខែ​មករា លោក ហ៊ុន សែន បាន​ជួប​ជាមួយ​លោក មីន អ៊ុងឡាំង ជា​លើក​ទី​ ២ តាម​ប្រព័ន្ធ​វីដេអូ​ដោយ​លោក​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​អំពើហិង្សា​នៅ​មីយ៉ាន់ម៉ា ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​នេះ​កាលពីដើម​ខែមករា ហើយ​លោក​ក៏បាន​ដាក់សំណើ​ចំនួន ៤ ​ចំណុច ឱ្យ​លោក មីន អ៊ុងឡាំង អនុវត្ត​ដើម្បី​ឈានទៅ​ដោះស្រាយ​វិបត្តិ​ក្នុង​ប្រទេស​នេះ​។

រីឯ​នៅ​ពី​ដើមខែ​ឧសភា​នេះ លោក​ក៏បាន​ជួប​ជាមួយ​លោក មីន អ៊ុងឡាំង ជា​លើក​ទី​ ៣ តាម​ប្រព័ន្ធ​វីដេអូ​ផងដែរ ដោយបាន​ជជែក​គ្នា​ដើម្បី​ពន្លឿន​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច​របស់​អាស៊ាន​ ឬ​ហៅថា​កុងសង់ស៊ីស​។

ក្នុងជំនួប​នៅ​ប្រទេស​កម្ពុជា​កាលពីដើម​ខែមេសា លោក​ ហ៊ុន សែន និង​លោកស្រី Noeleen Heyzer បានបញ្ជាក់​ពី​សកម្មភាព​ដែល​ភាគី​ទាំង​ ២ ​ត្រូវធ្វើ​ជាបន្ទាន់​នោះ​គឺ​ការបញ្ឈប់​អំពើហិង្សា​នៅ​មីយ៉ាន់ម៉ា និង​នាំយក​ជំនួយ​មនុស្សធម៌​ជូន​ដល់​ប្រជាជន​មីយ៉ាន់ម៉ា​ដែល​កំពុង​ត្រូវការ​។

លោក យង់ គិមអេង ប្រធាន​​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៦ ខែឧសភា​ថា ប្រសិនបើ​ចំណុច​អាទិភាព​ទាំង​ ៣ ​នេះ អនុវត្តបាន វា​គឺជា​រឿង​មួយ​ដែល​សំខាន់បំផុត​ពីព្រោះ​វា​គឺជា​អ្វីដែល​ប្រជាជន​​មីយ៉ាន់ម៉ា​កំពុង​ត្រូវការ​។ វា​ក៏​អាស្រ័យ​ទៅលើ​ភាគី​ពាក់ព័ន្ធ​របស់​មីយ៉ាន់ម៉ា​ដែរ​ថា តើ​ភាគី​ទាំងនោះ​ទទួលយក​លក្ខខណ្ឌ​ទាំង​ ៣ ​នេះ​ដោយ​របៀប​ណា​។

លោក​ថា​៖ «​អាស៊ាន​ដែល​កម្ពុជា​ជា​ប្រធាន​អាច​រិះរក​វិធីសាស្ត្រ​យ៉ាងម៉េច​សម្រាប់​ឱ្យមាន​ដំណើរការ​ក្នុង​ចំណុច​មួយៗ ជាពិសេស​គឺ​បទ​ឈប់​បាញ់ ហើយ​និង​ការសន្ទនា​នេះ​គឺ​សំខាន់​។ កាលណា​មាន​បទ​ឈប់​បាញ់ មាន​ការសន្ទនា​គ្នា​ហ្នឹង ជំនួយ​មនុស្សធម៌​នឹង​មិនមាន​ឧបសគ្គ​ទេ​។

ប៉ុន្តែ​វិធីសាស្ត្រ​ឱ្យមាន​ការសន្ទនា​ឱ្យ​ឈប់​បាញ់​ប្រហែលជា​​មានការ​លំបាក​ហើយ​ដែល​ត្រូវ​គិត​អំពី​សេណារីយោ​ឱ្យបាន​ច្រើន​ក្នុងការ​សន្ទនា​នៅក្នុង​ការឈាន​​ទៅដល់​បទ​ឈប់​បាញ់​»៕