ភ្នំពេញៈ គណៈកម្មការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ នៃ​ក្រសួង​មហាផ្ទៃ​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​ ៤ ជូន​មន្ត្រី​ព្រមទាំង​ក្រុមគ្រួសារ និង​អតីតមន្ត្រី​នៃ​ក្រសួង​នេះ ដែល​បាន​ចូលនិវត្តន៍ នៅ​ថ្ងៃទី​ ៣០ ឧសភា នៅ​មន្ទីរពេទ្យ​ ១៦ ឧសភា​។

លោក​ សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ឱ្យដឹង​ពីថ្ងៃទី​ ២៦ ឧសភា ថា គណៈកម្មការ​បង្ការ ទប់ស្កាត់​ជំងឺ​កូវីដ​នឹង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី ​៤ ជូន​មន្ត្រី​មាន​ទាំង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ មន្ត្រី​នគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រី​ពន្ធនាគារ ក្រុមគ្រួសារ និង​អតីតមន្ត្រី​ចូលនិវត្តន៍​ផងដែរ​។

លោក​ថា​៖ «​អ្នក​ដែល​នឹង​ទទួល​ដូស​ទី​ ៤​ នេះ គឺជា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ រួចរាល់ ដោយមាន​គម្លាត​ចាប់ពី​ ៤​ ខែ​ឡើង ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៤​ នៅឡើយ នៅ​មន្ទីរពេទ្យ​ ១៦ ឧសភា ចាប់ពី​ថ្ងៃទី ​៣០ ខែឧសភា តទៅ​»​។

គួរ​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ចាប់​ផ្តើមធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៤ ជូន​មន្ត្រី​ជួរមុខ អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់ ក្រុម​គ្រូពេទ្យ​ជួរមុខ និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស កាលពី​ដើម​ខែមករា ឆ្នាំ​ ២០២២ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​ Pfizer​។

តាម​របាយការណ៍​ក្រសួង​សុខាភិបាល​គិត​ត្រឹម​យប់​ថ្ងៃទី​ ២៥ ឧសភា អ្នក​ដែល​បាន​ចាក់​ដូស​ទី​ ៤​ មាន​ជាង​ ២,៤​ លាន​នាក់​។

ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស លោកស្រី​ ឱ វណ្ណឌីន ថ្លែង​ពីថ្ងៃ​ទី​ ២៦ ឧសភា តាមរយៈ​សារ​សំឡេង​ស្តីពី​វឌ្ឍនភាព​នៃ​យុទ្ធនាការ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​ថា ប្រមុខ​រាជរដ្ឋាភិបាល​មានការ​យកចិត្ត​ទុកដាក់ ដោយ​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់​ជាច្រើន​ក្នុងការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ រហូត​ទទួលបាន​ជោគជ័យ​។

លោកស្រី​ថា ក្នុង​យុទ្ធសាស្ត្រ​ទាំង​ ៦​ នោះ​ក៏មាន​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ហើយ​អ្វីដែល ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​ក្នុង​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​មាន ​២ ​សំខាន់ៗ គឺ ទី​ ១ ការយក​ប្រជាមានិត​ចិន​ជា​បង្អែក​ក្នុងការ​ស្វែងរក​វ៉ាក់សាំង​ជា​ជំនួយ និង​ការ​ទិញយក​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។

លោកស្រី​ថ្លែងថា​៖ «​ចំណុច​ទី​ ២ គឺ​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ផ្កា​រីក​ក្នុង​ការចាក់​វ៉ាក់សាំង​នេះ ដើម្បី​ឱ្យមាន​ភាពសុំា​របស់​សហគមន៍ ក៏ដូចជា​បុគ្គល​តាម​តំបន់​នីមួយៗ​ឱ្យ​បាន​ត្រឹមត្រូវ​»​។ លោកស្រី​បន្តថា ថ្វីដ្បិត ស្ថានភាព​នៃ​ការឆ្លង​វីរុស​កូវីដ ​១៩ ​មាន​ភាពល្អ​ប្រសើរឡើង ប៉ុន្តែ​ការការពារ ការប្រុងប្រយ័ត្ន​ត្រូវតែ​ប្រកាន់ខ្ជាប់​ដដែល ដើម្បី​កុំឱ្យ​មានការ​ឆ្លង​ជាថ្មី​ឡើងវិញ​៕