
ពិធីចែកក្បាលដីជូនប្រជាពលរដ្ឋ ៣៤ គ្រួសារក្នុងភូមិវត្តលៀប។ រូបថត រដ្ឋបាលខេត្ត
បាត់ដំបងៈ អាជ្ញាធរខេត្តបាត់ដំបងបានកាត់ឆ្វៀលផ្ទៃដី ៤ ៤៦៧ ម៉ែត្រការ៉េបែងចែកជូនដល់ប្រជាពលរដ្ឋ ៣៤ គ្រួសារ នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្នុង ១ គ្រួសារទទួលបាន ១ ក្បាលដី ហើយនឹងធ្វើបណ្ណកម្មសិទ្ធិស្របច្បាប់នៅពេលខាងមុខ។
រដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងកាលពីថ្ងៃទី ២៥ ខែឧសភា ថាក្រៅពីបែងចែកក្បាលដីដល់ប្រជាពលរដ្ឋ អាជ្ញាធរក៏កាត់ផ្ទៃដីទំហំ ២ ១៥៥ ម៉ែត្រការ៉េ សម្រាប់ធ្វើជាផ្លូវសាធារណៈផងដែរ។
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានថ្លែងក្នុងពិធីប្រគល់ដីថា៖ «ទោះបីជាកាត់ជូននេះមានការយឺតយ៉ាវបន្តិច ប៉ុន្តែការកាត់ដីចេញពីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មិនមែនជារឿងងាយស្រួលទេ ដោយត្រូវការនីតិវិធីជាច្រើន ទើបអាចធ្វើការកាត់ចេញពីទ្រព្យសម្បត្តិរដ្ឋ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋបាន»។
លោកក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានក្បាលដីហើយត្រូវបន្តនីតិវិធីរបស់ខ្លួនជាបន្តទៀត តាមការណែនាំរបស់មន្ដ្រីជំនាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដើម្បីបានសិទ្ធិស្របច្បាប់លើម្ចាស់កម្មសិទ្ធិដីដែលប្រជាពលរដ្ឋទើបទទួលបានក្បាលដីនាពេលនេះ។
លោក សឿម ប៊ុនរិទ្ធិ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី ២៥ ខែឧសភា ថាការផ្តល់ជូនក្បាលដីដល់ប្រជាពលរដ្ឋ ៣៤ គ្រួសារនេះ គឺជាការយកចិត្តទុកដាក់ដោះស្រាយលំនៅសមរម្យសម្រាប់ប្រជាពលរដ្ឋមួយចំនួនដែលបានរស់នៅលើចំណីផ្លូវមានន័យថា ពេលអាជ្ញាធរពង្រីកផ្លូវប៉ះចំកន្លែងដែលពលរដ្ឋស្នាក់នៅគឺត្រូវដោះស្រាយទីកន្លែងសម្រាប់ពួកគាត់ឱ្យបានសមរម្យ ចំណែកមួយវិញទៀត គឺដោះស្រាយសម្រាប់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅលើដីចំណីស្ទឹងឱ្យទៅនៅកន្លែងដែលមានសុវត្ថិភាព។
លោកថ្លែងថា៖ «ចំណីស្ទឹងកន្លែងច្រាំងខ្លះវាបាក់វាអី អាចមានហានិភ័យចំពោះការរស់នៅរបស់គាត់ ហើយគាត់រស់នៅនេះក៏អត់ស្របច្បាប់ដែរ មានកន្លែងខ្លះវាបាក់ ដោយសារទឹកជំនន់ម្តងៗ វាអត់មានសុវត្ថិភាពក្នុងការរស់នៅ អ៊ីចឹងយើងត្រូវសម្របសម្រួលឱ្យគាត់បាននៅទីតាំងរស់នៅមួយសមរម្យ»។
លោកថា ដីដែលពលរដ្ឋទទួលបាននោះគឺ ទំហំ ៤ គុណ ៨ ម៉ែត្រមានផ្លូវ ទឹក ភ្លើង ប្រើប្រាស់គ្រប់គ្រាន់ ព្រមទាំងមានសួនច្បារសម្រាប់លម្ហែ ឬហាត់ប្រាណបានផងដែរ។ យ៉ាងណាក៏ដោយ ពលរដ្ឋដែលទទួលបានក្បាលដីនេះត្រូវបន្តអនុវត្តតាមនីតិវិធីច្បាប់ជាធរមានជាក់ស្តែងអ្នកខ្លះត្រូវរស់នៅលើដីនោះរហូតដល់ ១០ ឆ្នាំ និងខ្លះត្រឹម ៥ ឆ្នាំទើបអាចទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់យកមកប្រើប្រាស់។
លោកថ្លែងថា៖ «យើងមិនមែនឱ្យក្បាលដីហើយឱ្យបណ្ណកម្មសិទ្ធិភ្លាមទេ យើងដឹងហើយពាក់ព័ន្ធប្រជាពលរដ្ឋ កាលណាយើងឱ្យភ្លាមបានន័យថា កិច្ចការហ្នឹងយើងដឹងហើយជួនកាលគាត់លក់ទៅនៅកន្លែងហ្នឹងវិញដដែល»៕