កំពង់ចាមៈ គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​កំពង់ចាម​បាន​បង្កើត​គណៈកម្មការ ដើម្បី​ធ្វើការ​ស៊ើបអង្កេត ករណី​គណបក្ស​ប្រជាជន​កម្ពុជា ប្តឹង​បេក្ខជន​គណបក្ស​ភ្លើងទៀន​ចំនួន ១៥ នាក់​នៅ​ឃុំ​ទាំង ១១ នៃ ស្រុក​កងមាស ករណី​គណបក្ស​ភ្លើងទៀន​ផ្តល់ប្រាក់​ដល់​សកម្មជន​របស់ខ្លួន ក្រោយពី​បានធ្វើ​ការផ្សះផ្សា​មិន​ត្រូវរ៉ូវ​គ្នា​នៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​។

លោក​ ឈីម ចាន់ធឿន ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ត​កំពង់ចាម ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៦ ខែឧសភា​ថា តាម​ពាក្យបណ្តឹង​ដែល​បាន​យកមក​ដាក់​នៅ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្តកំពង់ចាម​កាលពី​អំឡុង​ម៉ោង ៥ ល្ងាច​ថ្ងៃទី​ ២៥ ខែឧសភា ឆ្នាំ​ ២០២២ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្តឹង​បេក្ខជន​គណបក្ស​ភ្លើងទៀន​ចំនួន ១៥ ​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទាមទារ​ផាកពិន័យ​ជា​ប្រាក់ ២០​ លាន​រៀល និង​ប្តឹង​ឱ្យ​ផាកពិន័យ​គណបក្ស​ភ្លើងទៀន​ចំនួន ៣០ លាន​រៀល​។

លោក​បន្តថា គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​កំពង់ចាម​មាន​រយៈពេល​ ៣ ​ថ្ងៃ ក្នុង​ការ​ដោះស្រាយ​បណ្តឹង​នេះ ដោយ​ក្នុង​នោះបាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត និង​ដោះស្រាយ ប៉ុន្តែ​បើ​គូភាគី​ទំនាស់​មិន​ពេញចិត្ត​អាច​បន្ត​ប្តឹងទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទៀត​បាន​។

លោក មឿន ផា ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា​ស្រុក​កងមាស ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២៦ ខែឧសភា ថា​លោក​បានដាក់​ពាក្យ​ប្តឹង​ បន្ទាប់ពី​លោក​ គង់ រ៉ៃយ៉ា ដែលជា​បេក្ខជន​ឈរ​លេខរៀង​ទី​ ១ របស់​គណបក្ស​ភ្លើងទៀន​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពី​ការចែក​លុយ​ក្នុង​រោងបុណ្យ​ក្នុង​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មាន​ទាំង​វីដេអូ និង​រូបថត​។

លោក​បញ្ជាក់ថា បើសិន​ជា​លោក គង់ រ៉ៃយ៉ា ​នេះ ចែក​នៅក្នុង​ទីស្នាក់ការ​របស់​គណបក្ស​ភ្លើងទៀន មិន​អី​នោះទេ ប៉ុន្តែ​នេះ​បាន​ចែក​នៅក្នុង​រោងបុណ្យ ដោយមាន​ពាក់​ទាំង​អាវ​របស់​គណបក្ស​ថែមទៀត ដែល​នេះ​បង្ហាញ​ពី​ចេតនា​នយោបាយ​។

លោក​ថ្លែងថា​៖ «​ម្សិល​ម្ង៉ៃ ​(​ថ្ងៃទី​ ២៥ ​ឧសភា​)​ យើង​ដាក់​ពាក្យបណ្តឹង ហើយ​ម្សិលមិញ គេ​ហៅ​ទៅ​ផ្សះផ្សា​មុននឹង​ទៅ​ផ្សះផ្សា ខ្ញុំ​បាន​ប្រជុំ​ជាមួយ​មេធាវី និង​អ្នកច្បាប់​។ គេ​ឱ្យ​សម្រុះសម្រួល​គ្នា យើង​អត់​មាន​សម្រុះសម្រួល​ទេ យើង​រក​ផ្លូវច្បាប់​ឱ្យជួយ​យើង​។ ទី​១ ឱ្យ​ដក​បេក្ខភាព ព្រោះ​វា​រំលោភច្បាប់ ទី២ ឱ្យ​ពិន័យ​ជា​ប្រាក់ តាមច្បាប់ ប្រមាណ​ ២០ លាន​រៀល​»​។

បើតាម​លោក មឿន ផា បេក្ខជន​របស់​គណបក្ស​ភ្លើងទៀន​មាន​ចំនួន ១៨ នាក់ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការចែក​លុយ​នេះ ប៉ុន្តែ​គណបក្ស​ប្រជាជន​បាន​ប្តឹង​តែ​បេក្ខជន​ចំនួន ១៥ នាក់​ទៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ដោយ​មិន​ទទួល​យក​ការសម្របសម្រួល​នៅ​ថ្នាក់ឃុំ​សង្កាត់​នេះ គណបក្ស​ក៏​បន្ត​ប្តឹងទៅ​ថ្នាក់​ខេត្ត​ទៀត​។

លោក​បញ្ជាក់ទៀតថា បើ​ការដោះស្រាយ​នៅ​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត​មិនអាច​ទទួល​យក​បាន​ទៀត គណបក្ស​នឹង​បន្ត​សិក្សា​ជាមួយ​មេធាវី និង​អ្នកច្បាប់​បន្ត​ប្តឹងទៅ​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត​បន្តទៀត​។

លោក គង់ រ៉ៃយ៉ា ប្រធាន និង​ជា​បេក្ខជន​ឃុំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៦ ខែឧសភា​ថា លោក​រួមទាំង​បេក្ខជន តំណាង​គណបក្ស​ភ្លើងទៀន ទាំង​ ១១​ ឃុំ​នៃ​ស្រុក​កងមាស​បាន​ទទួល​លិខិតអញ្ជើញ​ពី​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឃុំ​នីមួយៗ ដើម្បី​ជួប​សាកសួរ​ពី​ពាក្យបណ្ដឹង​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​ ២៦ ខែឧសភា​។

លោក​បន្តថា ករណី​ចែក​លុយ​នេះ គឺ​លោក​ទទួលបាន​ថវិកា​ ១ ១០០ ដុល្លារ​អាមេរិក​ពី​ក្រុមការងារ​គណបក្ស​ភ្លើងទៀន និង​សប្បុរសជន​មួយចំនួន ដើម្បី​ចែកជូន​ដល់​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​ភ្លើងទៀន​នៅតាម​ឃុំ​ចំនួន​ ១១ ឃុំ នៃ​ស្រុក​កងមាស​។ បើ​ផ្អែក​តាមច្បាប់ គ្មាន​អង្គហេតុ​ណា​ប្តឹង​បានទេ ដោយសារ​តែ​ថវិកា និង​សម្ភារ​គឺ​ចែកជូន​ដល់​បេក្ខជន​របស់​គណបក្ស​ឃុំ មិនមែន​ចែកជូន​ទៅ​អ្នកគាំទ្រ​ឬ អ្នកបោះឆ្នោត​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ច្បាប់​គ្មាន​ហាមឃាត់ មិនឱ្យ​ចែក​នៅ​ទីសាធារណៈ​ទេ​។ យើង​នៅតែមាន​ទំនុកចិត្ត និង​ជឿជាក់ថា សកម្មភាព​របស់​យើង​ធ្វើ​មិន​ខុសច្បាប់​ទេ​។ យើង​សំណូមពរ​ដល់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​កំពង់ចាម​ឱ្យ​សម្របសម្រួល​បញ្ចប់​សំណុំរឿង ដើម្បីឱ្យ​យើង​មានឱកាស​ឃោសនា​បោះឆ្នោត​ទៀត ដោយសារ​តែ​មួយរយៈ​នេះ ក្រុម​សកម្មជន​គណបក្ស​ភ្លើងទៀន​គ្មាន​ឱកាស​ឃោសនា​ទេ​»​។

លោក សោម សូរីដា អ្នកនាំពាក្យ គជប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២៦ ខែឧសភា​ថា ការផ្តល់ ឬក៏​ចែក​ប្រាក់​ទៅឱ្យ​គណបក្ស​ឃុំ ដែល​ចំណុះឱ្យ ស្រុក​កងមាស បើ​ធ្វើការ​ពិនិត្យ​បទ​ប្បញ្ញត្តិ​នៅក្នុង​ច្បាប់ គឺ​ច្បាប់​ហាម​ចែក​អំណោយ​ដល់​អ្នកបោះឆ្នោត នៅក្នុង​គោលបំណង​ទិញ​ទឹកចិត្ត​របស់​អ្នកបោះឆ្នោត​តែប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ ករណី​នេះ ជា​ករណី​ដែល​គណបក្ស​ផ្តល់​ថវិកា​ដល់​គណបក្ស​ថ្នាក់ក្រោម ដែល​ពុំ​មាន​ចែង​នៅក្នុង​ច្បាប់​នោះទេ អ៊ីចឹង​ទេ រាល់​ការផ្តល់​អំណោយ​មិនត្រូវ​ភ្ជាប់​ការទិញ​ទឹកចិត្ត​របស់​អ្នកបោះឆ្នោត​»៕

វីដេអូ៖