ភ្នំពេញៈ អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​អូរប្រឡាយ​ក្នុង​ក្រុងព្រះសីហនុ កុំ​ចាក់ដី ឬ​សាងសង់​សំណង់​ផ្សេងៗ រំលោភ​លើ​ចំណី​អូរ ប្រឡាយ និង​ត្រូវ​ចូលរួម​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការកកស្ទះ​ផ្លូវទឹក បង្ក​ជា​ទឹកជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ឆ្នាំនេះ​។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ លោក បូរី វង្សសានិត ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២៥ ឧសភា​ថា ចាប់តាំងពី​ដើមឆ្នាំ​ ២០២២ ក្រុមការងារ​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​បាន​បន្ត​ចុះ​ស្ដារ​ប្រព័ន្ធ​អូរ ប្រឡាយ​ប្រមាណ ២៧ គីឡូម៉ែត្រ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​ ដោយសារ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ឆ្នាំនេះ​។

លោក​ប្រធាន​មន្ទីរ​ថ្លែងថា កន្លងមក ភូមិសាស្ដ្រ ក្រុងព្រះសីហនុ តែងតែ​ទទួលរង​នូវ​ការជន់លិច នៅពេល​មាន​ជំនន់​ទឹកភ្លៀង ពិសេស​ពេល​រដូវវស្សា​មកដល់ ដោយសារតែ ភូមិសាស្ដ្រ​ក្នុង​ខេត្ដ​មាន​ការកើនឡើង​យ៉ាងគំហុក​នៃ​ការវិនិយោគ​ធ្វើឱ្យ​មាន​ការកកស្ទះ​នូវ​សំរាម​ជាច្រើន​តាម​ប្រព័ន្ធ​អូរប្រឡាយ​មួយចំនួន​ដែល​បង្ក​ជា​បញ្ហាលំបាក​ដល់​ការរស់នៅ និង​ការប្រកបរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​បញ្ហា​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​ខេត្ដ​បាន​ខិតខំ​ប្រឹងប្រែង​រក​ដំណោះស្រាយ​ល្អប្រសើរ​មួយចំនួន ដូចជា ការស្តារ​ប្រព័ន្ធ​អូរប្រឡាយ ដែល​មាន​សំរាម​កកកុញ ជួស​ជុស​ប្រព័ន្ធ​លូ​ដែល​ខូចខាត និង​រៀបចំ​ប្រព័ន្ធ​បណ្តាញ​លូ​ថ្មី​មួយចំនួន​ទៀត ដែលមាន​ប្រវែង​សរុប ២៧ គីឡូម៉ែត្រ​នៅតាម​តំបន់​នានា​ក្នុង​ក្រុង​ព្រះសីហនុ​ ដើម្បី​បញ្ចៀស​ការ​ជន់លិច​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​អូរ ប្រឡាយ​ក្នុង​ក្រុង​ព្រះសីហនុ សូមកុំ​ចាក់ដី​រំលោភ​លើដី​ចំណី​អូរ ប្រឡាយ ឬក៏​សាងសង់​សំណង់​ផ្សេងៗ​នៅលើ​ទីតាំង​ដី​ចំណី​អូរប្រឡាយ ពីព្រោះ​វា​អាច​បង្ក​ធ្វើឱ្យ​កកស្ទះ នៅតាម​បណ្ដាញ​អូរ​ប្រឡាយ​ពេល​មាន​ភ្លៀង​ធ្លាក់​នា​រដូវវស្សា​នេះ​»​។

លោក វង្សសានិត លើកឡើងថា សំរាម​ក៏​ជា​បញ្ហា​មួយ​ដែរ​រដ្ឋបាល​ខេត្ដ​បាន​យក​ចិត្ដ​ទុកដាក់​ដោះស្រាយ​។ ដូច្នេះ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​រដ្ឋបាល​ខេត្ដ​-​ក្រុង ដើម្បី​កុំឱ្យ​សំរាម​ហូរ​ធ្លាក់​ទៅ​កកស្ទះ​នៅតាម​អូរ​ប្រឡាយ​នា​រដូវវស្សា​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​បញ្ហា​នេះ​គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​។ យើង​មិនអាច​ទៅគ្រប់​គ្រង គ្រប់​ទីកន្លែង​បាន​ទាន់ពេលវេលា​ទេ​ក្នុងពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​បញ្ហា​សំរាម គឺ​វា​នាំឱ្យ​កកស្ទះ​មុខទឹក ដូច្នេះ​សូម​ពលរដ្ឋ​ចូលរួម​ទាំងអស់​គ្នា​គ្រប់គ្រង ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​កុំឱ្យ​ធ្លាក់ចូល​អូរ​ប្រឡាយ​។ បើ​យើង​ជួយ​គ្នា​ម្នាក់​បន្តិចៗ យើង​នឹង​អាច​ដោះស្រាយ​បញ្ហា​សំរាម​កកស្ទះ​តាម​អូរ​ប្រឡាយ​នា​រដូវវស្សា​នេះ​បាន​»​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៥ ឧសភា ដែរ​ថា ការស្ដារ​អូរប្រឡាយ​ទាំង ៥ ខ្សែ ប្រវែង​សរុប ២៧ គីឡូម៉ែត្រ គឺជា​គម្រោង​ដែល​រដ្ឋបាល​ខេត្ដ​បានធ្វើ​នាពេល​កន្លងមក ដើម្បី​បញ្ចៀស​ការជន់លិច នៅពេល​មាន​ភ្លៀង​ធ្លាក់​ក្នុង​ភូមិសាស្ត្រ​ខេត្ត-​ក្រុង ព្រះសីហនុ​។ លោក​បានឱ្យ​ដឹងថា​៖ «​ការងារ​ស្តារ​អូរ​ប្រឡាយ​ធម្មជាតិ​ចំនួន ៥ ខ្សែ​នេះ​មាន​ប្រវែង​សរុប​ជាង ២៧ គីឡូម៉ែត្រ រួមមាន ការសាងសង់​លូ​ប្រអប់​ប្រវែង​សរុប ១ ៤៣៦ ម៉ែត្រ ដែលមាន ២ កំណាត់ ដែល​កំណាត់​ទី ​១ លូ​ប្រអប់​ទំហំ ២,៥ ម៉ែត្រ គុណ ៣ ម៉ែត្រ ប្រវែង ១ ០៣៥ ម៉ែត្រ សាងសង់​ឡើង​ចាប់ពី​ផ្លូវ​លេខ​ ៨១៨៨ ដល់​កែង​អូរស្តេច​មឹក និង​កំណាត់​ទី ​២ មាន​ទំហំ​ ២​ ម៉ែត្រ គុណ​ ៤ ម៉ែត្រ ប្រវែង ៤០០ ម៉ែត្រ និង​មាន​ទ បង្ហូរទឹក ប្រវែង ៣០ ម៉ែត្រ ចាប់ពី​ស្ពាន​អូរ​ស្តេច​មឹក​ដល់​សមុទ្រ​»​។

លោកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំខេត្ត​ព្រះសីហនុ​សង្កេតឃើញ ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​តែងតែ​ចុះទៅ​ស្ដារ​អូរ​ប្រឡាយ ពិសេស​នៅតាម​ទីតាំង​ដែល​ធ្លាប់មាន​ការកកស្ទះ និង​ជន់​លិច​ខ្លាំង​នា​រដូវវស្សា​។ លោកស្រី​បន្តថា​៖ «​រាល់ដង​មូលហេតុ​ដែលនាំឱ្យ​មាន​ការជន់​លិច​គឺ​មកពី​មានការ​កកស្ទះ​សំរាម​នៅមុខ​ទឹក អូរ ប្រឡាយ​។ ប៉ុន្ដែ​ឥឡូវ​យើង​ឃើញថា ខាង​ក្រុមហ៊ុន​ប្រមូល​សំរាម ក៏បាន​យក​ចិត្ដ​ទុកដាក់​ប្រមូល​សំរាម​ឱ្យបាន​ទាន់​ពេលវេលា​ដែរ​»៕

វីដេអូ៖