ភ្នំពេញៈ ​អង្គការ​សហប្រជាជាតិ​បានប្រកាស​មិន​ចូលរួម​ជួយ​គាំទ្រ​ក៏ដូចជា​រៀបចំ ឬ​សង្កេតការណ៍​ចំពោះ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​-​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២ ​នេះ​ទេ ប៉ុន្តែ​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល ក៏ដូចជា​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ត្រូវ​ធានា​ឱ្យមាន​ដំណើរ​ការបោះ​ឆ្នោត​មួយ​ប្រកប​ដោយ​បរិយាប័ន្ន ស្មោះត្រង់ និង​សន្តិវិធី​ក្នុង​ក្របខ័ណ្ឌ​នៃ​ការគោរព​សិទ្ធិមនុស្ស​ឱ្យបាន​ពេញលេញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៥ ខែឧសភា បញ្ជាក់ថា អង្គការ​សហប្រជាជាតិ​អាច​ធ្វើការ​ផ្ដល់​ជំនួយ ឬ​ការគាំទ្រ​ទៅលើ​ការបោះឆ្នោត​បាន​ដោយ​ផ្អែកលើ​កត្តា​មួយចំនួន​ដូចជា ១- ​សេចក្ដី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ ឬ​មហាសន្និបាត​ដែល​ផ្តល់​អាណត្តិ ឱ្យ​អង្គការ​សហប្រជាជាតិ​ផ្ដល់ជំនួយ​លើ​ការបោះឆ្នោត និង​ ២- សំណើ​ជា​លាយលក្ខណ៍អក្សរ ជា​ផ្លូវការ សុំ​ជំនួយ​លើ​ការបោះឆ្នោត​ពី​អាជ្ញាធរ​ជាតិ​សមស្រប​ណាមួយ​។ បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន បន្ទាប់មក​គឺ​ការ​វាយតម្លៃ លើ​តម្រូវការ​ការបោះឆ្នោត​ដោយ​ផ្នែក​លើ​ការទទួល​បន្ទុក​ជំនួយការ​បោះឆ្នោត​នៃ​នាយកដ្ឋាន​កិច្ចការ​នយោបាយ និង កសាង​សន្តិភាព​ (DPPA)​។ ការអនុម័ត​របស់​ជន​បង្គោល​ទទួល​បន្ទុក​ជំនួយការ​បោះឆ្នោត (​អគ្គលេខាធិការ​រង​នៃ​នាយកដ្ឋាន​កិច្ចការ នយោបាយ និង​កសាង​សន្តិភាព (DPPA) ដែល​ត្រូវការ​ជា​ចាំបាច់​មុនពេល​ដែល​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​ផ្ដល់​ ឬ​ធ្វើការ​ប្តេជ្ញា​លើ​គម្រោង​ជំនួយ លើ​ការបោះឆ្នោត​។

សំណើសុំ​ជំនួយការ​បោះឆ្នោត​ត្រូវតែ​ធ្វើឡើង ដោយ​រដ្ឋ​សមាជិក​ទៅកាន់​អង្គការ​សហប្រជាជាតិ​។ សំណើ​នេះ​មិនអាច​ធ្វើឡើង​ដោយ​គណបក្ស​នយោបាយ សង្គម​ស៊ីវិល ឬ​អង្គការ​ផ្សេងទៀត​នោះទេ​។ ដោយសារ​តម្រូវការ​ខាងលើ ពេលបច្ចុប្បន្ន​នេះ​មិនទាន់​មាន​ការផ្តល់​ជំនួយ​លើ​ការបោះឆ្នោត​ណាមួយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​នោះទេ​។

ទោះជា​យ៉ាងណា​ការិយាល័យ​ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​តាមដាន​ស្ថានភាព សិទ្ធិមនុស្ស​ជាទូទៅ​នៅ​ប្រទេស​កម្ពុជា​ហើយ​កិច្ចការ​នេះ​ក៏​នឹង​បន្ត​ក្នុងអំឡុងពេល​បោះឆ្នោត​ផងដែរ​។ អង្គការ​សហប្រជាជាតិ​នឹង​នៅតែ​បន្ត​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ទៅលើ​ដំណើរការ​វិវឌ្ឍន៍​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី ផូលីន តាម៉េស៊ីស តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ថ្លែងថា​៖ «​នៅ​ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ខ្ញុំ​សូម​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា មេដឹកនាំ​គណបក្ស​នយោបាយ​ព្រមទាំង​អ្នកគាំទ្រ​របស់​ពួកគេ​ទាំងអស់​ចូលរួម​ធានាឱ្យមាន​ដំណើរ​ការបោះ​ឆ្នោត​មួយ​ប្រកប​ដោយ​បរិយាប័ន្ន ស្មោះត្រង់ និង​សន្តិវិធី​ក្នុង​ក្របខ័ណ្ឌ​នៃ​ការគោរព​សិទ្ធិមនុស្ស​ឱ្យបាន​ពេញលេញ​។ បរិការណ៍​នេះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ឆ្លុះបញ្ចាំង​ពី​ការសម្ដែង​ឆន្ទៈ​ដោយ​សេរី​របស់​ប្រជាពលរដ្ឋ​កម្ពុជា​»​។

លោក ហង់ ពុទ្ធា អ្នកនាំពាក្យ គជប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៦ ខែឧសភា​ថា អង្គការ​សហប្រជាជាតិ គឺជា​ស្ថាប័ន​កណ្តាល​អន្តរជាតិ​មួយ​ក្នុង​ការជំរុញ​ឱ្យមាន​ការរីកចម្រើន​នៅលើ​ពិភពលោក និង​ធ្វើ​អ្វី​ទៅតាម​ដែល​ខ្លួន​អាចធ្វើ​បាន ប៉ុន្តែ​បើ​ប្រទេស​សាមី​មិន​ទទួលយក ក៏​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​មិនមាន​ឥទ្ធិពល​ក្នុងការ​សម្រេចចិត្ត​ណាមួយ​នោះដែរ​។

លោក​បន្តថា​ ពាក់ព័ន្ធ​ទៅនឹង​ការបោះឆ្នោត​នៅ​កម្ពុជា​នេះ អង្គការ​សហប្រជាជាតិ​បានប្រកាស​មិន​ចូលរួម ហើយ​អំពាវនាវ​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ វា​គឺជា​គោលការណ៍​របស់​ពិភពលោក​។ ដោយឡែក​ការបោះឆ្នោត​នៅ​កម្ពុជា ស្ថាប័ន គ.ជ.ប ជា​អ្នកទទួល​ខុសត្រូវ​ក្នុងការ​រៀបចំ​ឱ្យ​ដំណើរការ​នៃ​ការប្រព្រឹត្ត​ទៅ​នៃ​ការបោះឆ្នោត ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្ដិធម៌ ពិសេស​អាច​ទទួលយក​បាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។

លោក​ថ្លែងថា​៖ «​ភាគី​ពាក់ព័ន្ធ​មាន គជប គណបក្ស​នយោបាយ ម្ចាស់ឆ្នោត អ្នក​សង្កេតការណ៍ ប៉ុន្តែ​នៅក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល គជប កំពុង​អនុវត្ត​នេះ មាត្រា​ទី​ ៨ បញ្ជាក់ថា គណបក្ស​នយោបាយ​មាន​សិទ្ធិ​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​របស់ខ្លួន ហើយ​នៅក្នុង​មាត្រា​ទី ​១០ បញ្ជាក់ថា អង្គការ​មិនមែន​រដ្ឋាភិបាល​អាច​ដាក់​អ្នកសង្កេតការណ៍​របស់​ខ្លួន ដែល​អាច​នេះ​មាន​ក៏បាន មិនមាន​ក៏បាន​»​។

លោក​បន្តថា ទោះបី​អវត្តមាន​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ក៏ដោយ ក៏​មិន​ប៉ះពាល់​ដល់​ភាពត្រឹមត្រូវ​ និង​ដំណើរការ​បោះឆ្នោត​នោះ​​ទេ​។ ម្យ៉ាងទៀត​ការបោះឆ្នោត​នៅ​កម្ពុជា​នេះ​បាន​ផ្អែកទៅលើ​ច្បាប់​ជា​ធរមាន ដែល​ច្បាប់​មួយចំនួន​ទៀត​ក៏បាន​ចូលរួម​ផ្តល់យោបល់​ពី​សំណាក់​អតីតមន្ត្រី​អង្គការ​សហប្រជាជាតិ និង​អ្នកជំនាញ​មកពី​បណ្តា​ប្រទេស​សំខាន់ៗ​ផងដែរ​។

លោក ឯម សុវណ្ណារ៉ា អ្នកតាមដាន និង​ជា​អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៦ ខែឧសភា​ថា អង្គការ​សហប្រជាជាតិ​ជា​ស្ថាប័ន​មួយ​ដែល​ត្រូវ​បានឱ្យ​តម្លៃ​ដែលមាន​លក្ខណៈ​ស្តង់ដា និង​ឱ្យ​តម្លៃ​ពេញលេញ​ទៅលើ​យន្តការ​នៃ​ការរៀបចំ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​ណាមួយ​។ ដូច្នេះ បើ​ខ្វះ​ការចូលរួម​ពី​ស្ថាប័ន​នេះ គឺ​ពិបាក​ក្នុង​ការទទួល​ស្គាល់​ពេញលេញ​ដែរ​។

លោក​ថ្លែងថា​៖ «​មិន​ថា គាត់​បដិសេធ ឬ​ទទួលស្គាល់​ទេ ប៉ុន្តែ​គាត់​មិន​ចូលរួម​នេះ ប្រហែល​គាត់​នៅ​ស្ទាក់ស្ទើរ​អំពី​យន្តការ​នៃ​ការបោះឆ្នោត​របស់​យើង​ថា គាត់​ទទួលស្គាល់​ ឬ​មិន​ទទួលស្គាល់​។ នេះ​ជា​ការ​លំបាក​។ ប៉ុន្តែ បើ​គាត់​ចូលរួម​បើ​ទោះ​ក្នុង​ក្របខ័ណ្ឌ​ណាមួយ​ក៏ដោយ វា​បញ្ជាក់​ពី​ភាពទូលំ​ទូលាយ​នៃ​ការឱ្យ​តម្លៃ​ថា តម្លាភាព ឬ​សេរី និង​យុត្តិធម៌​ច្រើនជាង​ការមិន​ចូលរួម​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី ​២៦ ខែឧសភា​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅពេល​នេះ គឺពាក់ព័ន្ធ​ទៅនឹង​ផ្ទៃក្នុង​របស់​កម្ពុជា បើទោះបី​បរទេស​ណាមួយ​ចូលរួម ឬ​មិន​ចូលរួម​ជា​សិទ្ធិ​របស់​បរទេស​នោះ​។ ទោះជា​យ៉ាងណា​លោក​មាន​សុទិដ្ឋិនិយម​ថា ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​បទពិសោធ​ជ្រៅជ្រះ តាមរយៈ​ការ​បាន​ឆ្លងកាត់​ការបោះឆ្នោត​ជាង ១០​ លើក ទាំង​ការបោះឆ្នោត​ថ្នាក់ជាតិ និង​ថ្នាក់​មូលដ្ឋាន​។

លោក​ថ្លែងថា​៖ «​ការចូលរួម ឬ​មិន​ចូលរួម​ជា​សិទ្ធិ​របស់​បរទេស និង​ជា​រឿង​របស់​បរទេស ពីព្រោះ​ការបោះឆ្នោត​នេះ គឺជា​រឿង​ផ្ទៃក្នុង​របស់​កម្ពុជា បញ្ហាសំខាន់​មានតែ​ប្រជាជន​កម្ពុជា​ទេ ដែលមាន​សិទ្ធិ និង​វាយតម្លៃ​ទៅលើ​សភាពការណ៍​បោះឆ្នោត និង​ទទួលស្គាល់ ឬ​មិន​ទទួល​ស្គាល់​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​»​។

លោក​បញ្ជាក់​ទៀត​ថា កាលពី​ការបោះឆ្នោត​ឆ្នាំ ២០១៨ បណ្តា​ប្រទេស​មួយចំនួន​មិន​ទទួល​ការបោះឆ្នោត​នេះ និង​ចាត់ទុក​ការបោះឆ្នោត​នេះ មាន​លក្ខណៈ​ក្លែងក្លាយ ប៉ុន្តែ​ធាតុពិត​ប្រទេស​ទាំងអស់​នោះ​បាន​ទទួល​ស្គាល់​រាជរដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​រហូត​ដល់​បច្ចុប្បន្ននេះ​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៦ ឧសភា​ថា កម្ពុជា​តែងតែ​ទទួលបាន​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ​ក្នុង​ដំណើការ​រៀបចំ​ការបោះឆ្នោត ប៉ុន្តែ​នៅពេល​នេះ ស្ថាប័ន​នេះ យល់ឃើញ​ថា កម្ពុជា​អាច​ចាត់ចែង​ដំណើរការ​នៃ​ការបោះឆ្នោត​នេះ ដោយ​ខ្លួនឯង​បាន​ហើយ​មាន​ទាំង​ធនធាន និង​បច្ចេកទេស​ដែល​បង្ហាញថា កម្ពុជា​មាន​ឯករាជភាព​របស់ខ្លួន​។

លោក​បន្តថា កម្ពុជា ក្នុង​រយៈពេល​កន្លងមក​នេះ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រឹង​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ជាពិសេស​ប្រជាពលរដ្ឋ​បាន​យល់ច្បាស់​ពី​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ ដោយមាន​ការចូលរួម និង​គ្រប់គ្រង​ជោគវាសនា​របស់ខ្លួន​។ មួយទៀត ផែនការ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក៏បាន​បង្ក​លទ្ធភាព​ងាយស្រួល​ដល់​ថ្នាក់ក្រោម​ជាតិ​តាមរយៈ​ការទម្លាក់​កញ្ចប់​ថវិកា​សម្រាប់​ការអភិវឌ្ឍ​មូលដ្ឋាន​។

លោក​ថ្លែងថា​៖ «​ការសង្កេតការណ៍​បោះឆ្នោត​ក្នុង​ពិភពលោក ភាគច្រើន​មិនដែល​មាន​ក្រៅពី​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត គេ​រៀបចំ​ដោយ​ខ្លួនគេ គេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការទទួល​ខុសត្រូវ​រៀបចំ​ការបោះឆ្នោត​។ អ្វីៗ​ពាក់ព័ន្ធ​ទៅនឹង​ការបោះឆ្នោត​មានតែ គជប ទេ​មាន​អំណាច​ចាត់ចែង​ដំណើរការ និង​ក្រៅពីនោះ ជា​អ្នក​បម្រើ​សេវាកម្ម​ដល់ គជប​។ អ៊ីចឹង​ទេ មិនបាច់​មាន​បរទេស ក៏​យើង​រៀបចំ​ខ្លួនឯង​បាន​ហើយ​»៕

វីដេអូ៖