មណ្ឌលគិរីៈ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ និង​ពង្រឹង​ការងារ​សន្តិសុខ​នៅ​ពេល​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២២ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត។

កិច្ច​ប្រជុំ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត និង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក-លោកស្រី​ស្នងការ​រង​លោក-លោកស្រី នាយការិយាល័យ​ជំនាញ​ អធិការនគរបាល ក្រុង-ស្រុក ទាំង ៥ និង វរសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង ២ មន្រ្តី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង ២១ ឃុំ-សង្កាត់ សរុប​ចំនួន ៦៥ រូប។

លោក​ស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​មន្រ្តី​ពាក់ព័ន្ធ​ឱ្យ​ពង្រឹង​លើ​ផែនការ ស្ដីពី​កិច្ច​ការពារ​សន្ដិសុខ រក្សា​សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ​សម្រាប់​យុទ្ធនា​ការ​នៃ​ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ ២០២២ រហូត​ដល់​ការ​រាប់​សន្លឹក​ឆ្នោត​ និង​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ និង​ណែនាំ​បន្ថែម​អំពី​ក្រម​សីលធម៌ វិន័យ អាកប្បកិរិយា ឥរិយាបថ វិជ្ជាជីវៈ និង​ក្រមសីលធម៌​របស់​កងកម្លាំង​នគរបាលជាតិ និង​បម្រាម​មួយ​ចំនួន​ចំពោះ​នគរបាល និង​ភ្នាក់ងារ​សន្តិសុខ​បោះ​ឆ្នោត។

ក្រៅ​ពី​នោះ​ក៏​ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​សារទូរលេខ​ចំពោះ​ការ​ជូន​ដំណឹង​ស្ដីពី​ការ​ណែនាំ​របស់​អគ្គស្នងការ​នគរបាលជាតិ​លេខ ០៣២ និង​ពង្រឹង​សន្តិសុខ​សណ្តាប់​ធ្នាប់ និង​សុវត្ថិភាព សណ្ដាប់​ធ្នាប់​សាធារណៈ​ក្នុង​ការ​បោះឆ្នោត​ឱ្យ​មាន​ការ​ស្ងប់ស្ងាត់ និង​រលូន និង​មាន​តម្លាភាព។

លោក​ស្នងការ​ក៏​បាន​ជំរុញ​ឱ្យ​ពង្រឹង​លើ​ការងារ​សន្តិសុខ, ពង្រឹង​វេន​ប្រចាំបញ្ជា ប្រចាំការ​កម្លាំង​ល្បាត ត្រៀម​សម្ភារ និង មធ្យោបាយ​ធ្វើ​ដំណើរ​ក្នុង​ពេល​ចេញ​ប្រតិបត្តិការ ២៤ ម៉ោង/ម៉ោង ត្រៀម​កម្លាំង​សម្រាប់​ចេញ​អន្តរាគមន៍​នៅ​ពេល​សភាពការណ៍​ណា​មួយ​ដែល​បាន​កើត​ឡើង​ជាយថាហេតុ។ លើស​ពី​នោះ​ក៏​ត្រូវ​ក្តាប់​ឱ្យ​បាន​រាល់​ការងារ​សន្តិសុខ សណ្តាប់​ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​រស់នៅ​ឱ្យ​បាន​ច្បាស់លាស់​ផង​ដែរ៕