គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​សម្រេច​ធ្វើ​ការ​ពន្យារ​ពេល​ដាក់ និង​ការ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នក​សង្កេត​ការណ៍​ជាតិ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ ២០២២ ដោយសារ​ការ​ស្នើសុំ​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ឱ្យ​មាន​ការ​ពន្យារ​ពេល​នេះ។

លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​លើក​ឡើង​នៅ​ថ្ងៃទី ២៦ ខែ​ឧសភា​ថា យោង​តាម​ប្រតិទិន​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ ២០២២ កាល​បរិច្ឆេទ​នៃ​ការ​ដាក់ និង​ការ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ជាតិ ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ២៥ ខែ​ ឧសភា ឆ្នាំ ២០២២។

លោក​បាន​បន្ត​ថា៖ «ដោយ​មាន​សំណូមពរ​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ស្នើសុំ​មក គ.ជ.ប ឱ្យ​ពន្យារ​ពេល​នៃ​ការ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ជាតិ ដោយ​មូលហេតុ​សាមី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល រៀបចំ​អ្នក​សង្កេតការណ៍​របស់​ខ្លួន​មិន​បាន​ទាន់​ពេលវេលា»។

ក្នុង​គោល​បំណង​ឱ្យ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​ឱកាស​បាន​ដាក់​អ្នក​សង្កេតការណ៍​របស់​ខ្លួន ចូលរួម​សង្កេតការណ៍​មើល​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ ២០២២ នេះ គ.ជ.ប បាន​សម្រេច​ពន្យារ​ពេល​នៃ​ការ​ដាក់ និង​ការ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ជាតិ រហូត​ដល់​ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង ១៧:៣០ នាទី។

លោក ប្រាជ្ញ ចន្ទ បាន​បន្ត​ថា៖ «សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ អនុវត្ត​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ជំរុញ​ឱ្យ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ ២០២២ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ជោគជ័យ និង​មានត​ម្លាភាព»៕