លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ រួម​នឹង​អភិបាលខេត្ត​ និង​អភិបាលស្រុក​-​ឃុំ ត្រូវ​ពិនិត្យ​លើ​ភូមិករ​របស់​ប្រជាពលរដ្ឋ​ដែល​បង្កើតឡើង​នៅក្នុង​តំបន់​ ៣ ​ឬ​តំបន់​ ២ ​នៃ​តំបន់​បឹង​ទន្លេសាប​ដែលមាន​តាំងពី​យូរយារ​មកហើយ​នោះ ដោយ​មិនត្រូវ​បណ្តេញចេញ​ ឬ​រើចេញ​នោះឡើយ​។

លោក​បាន​ថ្លែង​ដូចនេះ​នា​ព្រឹក​ថ្ងៃទី ​២៧ ខែឧសភា​នេះ​ស្តីពី​បឹង​ទន្លេសាប ដោយ​លោក​បាន​លើកឡើង​ថា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ រួម​នឹង​អភិបាលខេត្ត​ដែល​ពាក់ព័ន្ធ​នៅក្នុង​តំបន់​ទាំងនោះ​ត្រូវមាន​ការទទួល​ខុសត្រូវ​ក្នុង​ការរក្សាទុក​ប្រជាពលរដ្ឋ ភូមិករ​របស់​ពួកគាត់​នៅក្នុង​តំបន់​នោះ​ដដែល​។

បឹង​ទន្លេសាប​ត្រូវបាន​គ្របដណ្តប់​ដោយ​ ៦ ​ខេត្ត រួមមាន ខេត្ត​កំពង់ឆ្នាំង កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និង​ខេត្ត​បន្ទាយមានជ័យ​។

តំបន់​បឹង​ទន្លេសាប​ត្រូវបាន​បែងចែក​ជា​ ៣ ​តំបន់ ដែល​តំបន់​ទី​ ១​ គឺជា​តំបន់​រស់នៅ​របស់​ប្រជាជន​ដែល​អាច​ចុះបញ្ជី​ដីធ្លី និង​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​។ តំបន់​ទី​ ២ ​គឺជា​តំបន់​ដែល​នៅ​ចន្លោះ​រវាង​តំបន់​ ១ ​និង​តំបន់​ ៣ ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​អាច​អាស្រ័យផល​លើ​ទីតាំង​ដែល​ធ្លាប់មាន​កន្លងមក និង​តំបន់ ​៣ ជា​តំបន់​ព្រៃ​លិច​ទឹក និង​ជា​តំបន់​ហាមឃាត់ ការពារ​ដាច់ខាត ប៉ុន្តែ​ក៏​នៅតែមាន​ការរំលោភបំពាន​។

លោក​បាន​មានប្រសាសន៍​ថា៖ «​ម្សិលមិញ​នេះ ខ្ញុំ​បានដាក់​ចេញ​នូវ​បទបញ្ជា​ឱ្យ​ឯកឧត្តម​ ជា សុផារ៉ា ធ្វើការ​ពិនិត្យ​ជា​បន្តទៀត​ត្រូវ​ពិនិត្យ ពិចារណា​ដោយ​ផ្អែកទៅលើ​ស្ថានភាព​ជាក់ស្តែង​នៃ​ភូមិសាស្ត្រ​នីមួយៗ​ក្នុងការ​កាត់​ឆ្វៀល​ចេញពី​តំបន់​ ២ ​ឬ​តំបន់ ​៣ ​សម្រាប់​ទីតាំង​ដែលមាន​ប្រជាជន​រស់នៅ​ជាក់ស្តែង​កើតជា​ភូមិករ ជា​ឃុំ ជា​ស្រុក មាន​វត្តអារាម ហើយ​ភូមិ​ខ្លះ​បាន​កើតមាន​ជា​យូរយារ​ណាស់​មក​ហើយ​ដែរ​»​។

លោក​ថា ប្រជាពលរដ្ឋ​ខ្លះ​បាន​មក​រស់នៅក្នុង​តំបន់​ ៣ ​ឬ​តំបន់​ ២ តាំងពី​មុនពេល​យើង​កំណត់​ក្របខ័ណ្ឌ​តំបន់​ ១ តំបន់​ ២ និង​តំបន់​ ៣​ ទៅទៀត​។ ​ដែល​បាន​រស់នៅក្នុង​តំបន់​ ៣​ ជា​យូរយារ​ណាស់​មកហើយ​។

លោក ហ៊ុន សែន បាន​ថ្លែងថា៖ «​ខ្ញុំ​សុំ​បញ្ជាក់​ទៅ​ខេត្ត​ទាំង​ ៦​ នៅ​ជុំវិញ​បឹង​ទន្លេសាប​ត្រូវមាន​ការទទួល​ខុសត្រូវ​ចំពោះ​ប្រជាជន​ខ្លួនឯង ទាំង​ថ្នាក់​ខេត្ត ស្រុក ឃុំ ដោយ​ត្រូវ​ចៀសវាង​នូវ​ការ​ឆ្វៀល​ចេញ​នៅ​ភូមិករ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ ២​ ក្តី​ ឬ​តំបន់​ ៣ ​ក្តី​ដែល​ពួកគាត់​បាន​បង្កើតជា​យូរយារ​ណាស់​មកហើយ​នោះ​»​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បញ្ជា​ឱ្យ​មាន​ការកែសម្រួល​នូវ​ព្រំប្រទល់​តំបន់​ ២ ​និង​តំបន់ ​៣ ​ឡើងវិញ ដោយ​ផ្អែកលើ​ការជាក់ស្តែង ជាពិសេស​ផ្ទៃដី​ដែល​ចាំបាច់​ និង​សមហេតុ​សមផល​សម្រាប់​ការពារ​ព្រៃ​លិច​ទឹក​នៃ​បឹង​ទន្លេសាប​ក្នុងស្ថានភាព​ថ្មី​នៃ​ផ្ទៃ​បឹង​ដែល​មាន​ការ​គោករាក់ ហើយ​ដែល​ប្រជាជន​ធ្លាប់​បង្កបង្កើនផល​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា៖ «​វា​មិនមាន​ការពិបាក​ទេ យើង​ចុះហត្ថលេខា​បាន យើង​ក៏​អាច​លុប​វា​បាន​ដើម្បី​កែសម្រួល​ព្រំប្រទល់ និង​អំពាវនាវ​សុំ​កុំឱ្យ​ប្រជាជន​កាត់​បន្ថែម​តែ​ប៉ុណ្ណឹង ប៉ុន្តែ​សម្រាប់​ប្រជាជន​ដែល​បាន​កំពុង​អាស្រ័យផល​នៅ​ទីនោះ ដែល​មិនមែនជា​ពួក​ថៅកែ គឺ​ចាំបាច់​ត្រូវតែមាន​ការកែសម្រួល​បទដ្ឋាន​គតិយុត្ត​ និង​កែសម្រួល​បង្គោល​តំបន់​ដោយ​បំព្រួញ​បង្គោល​ចេញពី​តំបន់​ ៣​ ហើយ​ទម្លាក់​មក​តំបន់​ ២ ឬ​កែ​តំបន់​ ២​ មកជា​តំបន់​ ១»​។

ទាក់ទង​នឹង​ការកែសម្រួល​តំបន់​បឹង​ទន្លេសាប​នេះ​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ត្រូវ​ដឹកនាំ​សហការ​ជាមួយនឹង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​ទៀត ដូចជា​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, អាជ្ញាធរ​បឹង​ទន្លេសាប​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​រួម​នឹង​បណ្តា​ខេត្ត​ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប​ផងដែរ​៕