ភ្នំពេញៈ ក្រសួង​សុខាភិបាល​ស្នើសុំ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អឺរ៉ុប​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំង ​២ ​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត បន្ទាប់ពី​មាន​ផលិតផល​សុខភាព​មកពី​បណ្តា​ប្រទេស​អឺរ៉ុប​ចំនួន​ប្រមាណ​ជាង ៤ ០០០ ​មុខ បាន​ចុះ​បញ្ជិកា​នៅ​ក្រសួង​សុខាភិបាល និង​បាន​ចរាចរ​នៅលើ​ទីផ្សារ​កម្ពុជា​។

ការស្នើសុំ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​លោក Chris Ilumphrey នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អឺរ៉ុប នា​ថ្ងៃទី ​២៦ ខែឧសភា នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​នា​ថ្ងៃទី​ ២៧ ខែឧសភា ថា៖ «​ឯកឧត្តម​រដ្ឋមន្ត្រី [​លោក ម៉ម ប៊ុនហេង​] បាន​ស្នើសុំ​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​សុខាភិបាល​ និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អឺរ៉ុប មិន​ត្រឹមតែ​អាស៊ាន​ទេ តែ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ផងដែរ ជាពិសេស​លើ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​»​។

បើតាម​ប្រភព​ដដែល លោក Ilumphrey បាន​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ និង​អាចឱ្យ​បើក​ដំណើរការ​ប្រទេស​បាន​ឡើងវិញ និង​អរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ឱ្យ​ជនបរទេស​ទាំងអស់​ស្នាក់នៅ​កម្ពុជា ដោយ​ឥតគិតថ្លៃ រួមទាំង​អ្នកវិនិយោគ និង ធុរៈជន​អឺរ៉ុប ផងដែរ​។

លោក​ថែមទាំង​បាន​អរគុណ​ដល់​ក្រសួង​សុខាភិបាល​ផងដែរ ដែល​តែងតែ​សហការ​គាំទ្រ​ដល់​ធុរកិច្ច​របស់​អឺរ៉ុប ជាពិសេស​ក្នុង​ការចុះ​បញ្ជិកា​ផលិតផល​សុខភាព និង​បាន​ស្នើសុំ​ឱ្យ​ក្រសួង​សុខាភិបាល​កម្ពុជា​បន្ត​គាំទ្រ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​លើ​វិស័យ​សុខាភិបាល​។

លោក ម៉ម ប៊ុនហេង បាន​កោតសរសើរ​ចំពោះ​ធុរៈកិច្ច​អាស៊ាន​-​អឺរ៉ុប ជាពិសេស​មូលនិធិ​អាស៊ី​-​អឺរ៉ុប ដែល​បាន​សហការ​គាំទ្រ​ក្រសួង​សុខាភិបាល​ក្នុង​ការ​រៀបចំ​វេទិកា​អាស៊ី​-​អឺរ៉ុប ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ និង​ឱសថ​អន់​គុណភាព​នៅ​កម្ពុជា ទោះបី​ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​ និង​កម្ពុជា​ប្រឈម​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក៏ដោយ​។

លោក​បញ្ជាក់ថា រហូត​មកដល់​ពេលនេះ​មាន​ផលិតផល​សុខភាព​មកពី​បណ្តា​ប្រទេស​អឺរ៉ុប​ចំនួន​ប្រមាណ​ជាង ៤ ០០០​ មុខ បាន​ចុះ​បញ្ជិកា​នៅ​ក្រសួង​សុខាភិបាល និង​បាន​ចរាចរ​នៅលើ​ទីផ្សារ​កម្ពុជា​៕