ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) អំពាវនាវ​ដល់​គ្រប់​ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​ទាំង​អស់ ជួយ​សម្រួល អនុញ្ញាត​ឱ្យនិយោជិត កម្មករ បាន​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៥ ខែ​មិថុនា។

គជប បញ្ជាក់​ក្នុង​សេចក្តី​អំពាវនាវ​ផ្សព្វផ្សាយ​នា​ថ្ងៃទី ២៧ ខែ​ឧសភា​ថា អនុលោម​តាម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​នេះ ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវ​ការ​ឆ្នាំ ២០២១ មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ របស់​ខ្លួន។

គជប បញ្ជាក់​ថា៖ «ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ស្រប​តាម​​ច្បាប់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សូម​អំពាវនាវ​ចំពោះ​គ្រប់​ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​ទាំង​អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​សម្រួល និង​បង្ក​លក្ខណៈ​ងាយ​ស្រួល អនុញ្ញាត​ឱ្យ​និយោជិត កម្មករ-កម្មការិនី បាន​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី ៥ ខែ មិថុនា ឆ្នាំ ២០២២ នៅ​តាម​ឃុំ-សង្កាត់ ដែល​ពួក​គាត់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត»។

គជប សង្ឃឹម «យ៉ាង​មុតមាំ» ថា គ្រប់​ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថាន​ទាំង​អស់ នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​និយោជិត កម្មករ-កម្មការិនី​បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ​ជា​កំណត់៕

វីដេអូ៖