កំពតៈ រដ្ឋបាល​ខេត្ត​កំពត​ បាន​ប្រកាស​ជូន​ដំណឹង​ស្តីពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ដូស​ទី៥ ជូន​ដល់​មន្ត្រី​ជួរ​មុខ និង​ក្រុម​គោលដៅ​អាទិភាព​ ចាប់​ពី​ថ្ងៃទី ៩ ខែ​មិថុនា ខាង​មុខ​នេះ​ទៅ។

សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​កំពត ចុះ​ថ្ងៃទី ២៥ ខែ​ឧសភា​នេះ បាន​ជូន​ដំណឹង​ដល់​មន្ត្រី​ជួរ​មុខ​ និង​ក្រុម​គោលដៅ​អាទិភាព ដែល​មាន​អាយុ​ចាប់​ពី ១២ ឆ្នាំ​ឡើង ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូស​ទី៤ រួច ហើយ​មាន​គម្លាត​យ៉ាង​តិច ៣ ខែ​ឡើង​ឱ្យ​ដឹង​ថា ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ដូសទី៥ នេះ​នឹង​ចាប់​ផ្តើម​ចាក់​ជូន​ចាប់​ពី​ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២២ នេះ​តទៅ។

ការ​ចាក់​នេះ គឺ​ចាប់​ពី ម៉ោង ៨:០០ នាទី ដល់​ម៉ោង ១៧:០០ នាទី ដោយ​ឈប់​សម្រាក​អាហារ​ថ្ងៃ​ត្រង់​ម៉ោង ១២:០០ ដល់​ម៉ោង ១៤:០០ នាទី​រសៀល ហើយ​ពុំ​មាន​ការ​ឈប់​សម្រាក​ថ្ងៃ​សៅរ៍-អាទិត្យ និង​ថ្ងៃ​បុណ្យ​ឡើយ។

ចំពោះ​មន្ត្រី​សុខាភិបាល​ជួរ​មុខ ទាំង​រដ្ឋ និង​ឯកជន មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​ជាប់​កិច្ចសន្យា អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច និង​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី ៦០ ឆ្នាំ​ឡើង ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូស​ទី៤ រួច ហើយ​មាន​គម្លាត​យ៉ាង​តិច ៣ ខែ​ឡើង សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូស​ទី៥ ចាប់​ពី​ថ្ងៃទី ០៩ ខែ​មិថុនា​នេះ។

ដោយ​ឡែក ចំពោះ​ក្រុម​មនុស្ស​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ដែល​មាន​អាយុ​ចាប់​ពី ១២ ឆ្នាំ​ឡើង នឹង​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូស​ទី៥ ចាប់​ពី​ថ្ងៃទី ២០ ខែ​មិថុនា​ផង​ដែរ។

អ្នក​ដែល​ទៅ​ចាក់​វ៉ាក់សាំង ត្រូវ​ភ្ជាប់​ជាមួយ​នូវ​បណ្ណ័​ចាក់​វ៉ាក់សាំង​កូវីដ ១៩ អត្តសញ្ញាណបណ្ណ​សញ្ញាតិ​ខ្មែរ បណ្ណ​សម្គាល់​ខ្លួន​មន្ត្រី​រាជការ បណ្ណ​សម្គាល់​ខ្លួន​មន្ត្រី​ជាប់​កិច្ចសន្យា ឬ​ឯកសារ​ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​ចុះ​ឈ្មោះ កាល​ពី​ចាក់​ដូសទី១ ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​បន្ត​បញ្ចូល​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ការ​ចាក់​វ៉ាក់សាំង។

រដ្ឋបាល​ខេត្ត​កំពត សង្ឃឹម និង​ជឿជាក់​ថា លោក-លោកស្រី ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ទាំង​រដ្ឋ និង​ឯកជន មន្ត្រី​រាជការ មន្ត្រី​ជាប់​កិច្ចសន្យា គ្រូបង្រៀន កង​កម្លាំង​ប្រដាប់​អាវុធ សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ក្នុង​ខេត្ត​កំពត​ទាំង​អស់ នឹង​មក​ទទួល​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ការពារ​សុខភាព រួម​ចំណែក​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍​ជាពិសេស​ប្រភេទ​វីរុស​បំប្លែង​ខ្លួន​ថ្មី៕