ភ្នំពេញៈ រដ្ឋលេខាធិការ​ក្រសួងសា​ធារណការ និង​ដឹក​ជញ្ជូន​ លោកស្រី ឥម នីថារ៉ា តំណាង​លោកទេ​សរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាល​ពី​ថ្ងៃទី ២៦ ខែ​ឧសភា​នេះ បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​និស្សិត​ជយលាភី​អាហារូបករណ៍​រដ្ឋាភិបាល​អូស្ត្រាលី​ឆ្នាំ ២០២២ ក្រុម​ទី២ ចំនួន ២២ រូប មុន​ពេល​ដែល​ពួក​គេ​ចេញ​ដំណើរ​ទៅ​បន្ត​ការ​សិក្សា​របស់​ខ្លួន​ក្នុង​ខែ​កក្កដា ខាង​មុខ​នេះ។

យោង​តាម​ក្រសួង​សាធារណការ​បាន​ឱ្យ​ដឹង​ថា កម្មវិធី​អាហារូបករណ៍​នេះ​មាន​គោល​បំណង​ចូលរួម​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា​តាមរយៈ​ការ​ផ្ដល់​អាហារូបករណ៍​សម្រាប់​ការ​បណ្ដុះបណ្ដាល កម្រិត​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា នៅ​ប្រទេស​អូស្ត្រាលី លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​សំខាន់ៗ​មួយ​ចំនួន។ ក្នុង​នោះ​រួមមាន វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​គ្រប់គ្រង​ដី​ធ្លី សេវា​សាធារណៈ បច្ចេកវិទ្យា អប់រំ និង​វិស័យ​កសិកម្ម ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ប្រកប​ដោយ​បរិយាប័ន្ន និង​ចីរភាព។

ក្រោយ​បញ្ចប់​ការ​សិក្សា និស្សិត​ជយលាភី​ទាំង​អស់​នឹង​ត្រូវ​ត្រឡប់​មក​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា វិញ​ស្រប​តាម​ជំនាញ និង​សក្តានុពល​រៀងៗ​ខ្លួន។ ក្នុង​កិច្ច​សំណេះសំណាល​នេះ​ដែរ ក្រុម​និស្សិត​អាហារូបករណ៍ បាន​សួរ​សំណួរ​មួយ​ចំនួន​ទាក់ទង​នឹង​វិស័យ​សាធារណការ វិស័យ​ភ័ស្តុភារកម្ម វិទ្យាស្ថានតេជោ សែន សាធារណការ និង​ដឹក​ជញ្ជូន ប្រព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវ​គោក ផ្លូវ​ទឹក ការងារ​កំពង់ផែ និង​ការងារ​ស្លាក​លេខ​ពិសេស​ជាដើម។

និស្សិត​ជយលាភី​អាហារូបករណ៍​រដ្ឋាភិបាល​អូស្ត្រាលី​ឆ្នាំ ២០២២ ក្រុម​ទី២ ទាំង ២២ រូប​នោះ មាន​ស្ត្រី ១៣ រូប ដែល​មាន​សមាសភាព​ជា​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន​ឯកជន និង​មន្ត្រីអង្គការ​មិនមែន​រដ្ឋាភិបាល។

ពួក​គេ​នឹង​ចេញ​ដំណើរ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ចំនួន ១ រូប និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​តាម​សាកលវិទ្យាល័យ​ផ្សេងៗ​នៅ​ប្រទេស​អូស្ត្រាលី នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ ២០២២ ខាង​មុខ​នេះ៕