ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា កម្ពុជា និង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃទៀត​ប្តេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​កាន់តែ​សកម្ម​ដើម្បី​កសាង​អនាគត​ទ្វីបអាស៊ី និង​ពិភពលោក​ឱ្យ​ត្រចះត្រចង់ ព្រមទាំង​បន្ត​ពង្រឹង​ឯកភាព​អាស៊ាន​ដើម្បី​ប្រឆាំងនឹង​ឥទ្ធិពល​ការប្រកួតប្រជែង​ភូមិសាស្ត្រ នយោបាយ​។​

​លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ កម្ពុជា រួមជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​កាន់តែ​សកម្ម​ឡើង​ទៀត ក្នុង​ការកសាង​អនាគត​ដ៏​ត្រចះត្រចង់​សម្រាប់​ទ្វីបអាស៊ី និង​ពិភពលោក​»​។​

​លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៧ ស្ដីពី «​អនាគត​របស់​អាស៊ី​» នៅ​ថ្ងៃទី​២៧ ខែឧសភា នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន តាម​ប្រព័ន្ធ​វីដេអូ​។​

​លោក​ថ្លែងថា​៖ «​យើង​នឹង​បន្ត​ពង្រឹង​ម​ជ្ឈ​ភាព និង​ឯកភាព​អាស៊ាន ដើម្បី​ធានា​ឱ្យបាន​នូវ​ភាព​ធន់ និង​ភាពរឹងមាំ​របស់​អាស៊ាន ក្នុងការ​ប្រឆាំងនឹង​សម្ពាធ និង​ឥទ្ធិពល​ដែល​កើតចេញពី​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ខ្លាំងក្លា​ឡើងៗ ក៏ដូចជា​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​»​។​

​លោក ហ៊ុន សែន លើកឡើងថា កម្ពុជា រួមជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត នឹង​បន្ត​ជំរុញ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​រាល់​គំនិត​ផ្តួចផ្តើម និង​វិធានការ​នានា ដែល​ត្រូវបាន​ដាក់ចេញ ក៏ដូចជា​ការទាញយក​អត្ថប្រយោជន៍​ឱ្យបាន​ជា​អតិបរមា ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា​ជាមួយគ្នា​នឹង​ការបង្កើន​ការតភ្ជាប់​ទាំង​ផ្នែក​រូបវ័ន្ត និង​ផ្នែក​ឌីជីថល​។​

​នៅ​ចំពោះមុខ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​មកពី​បណ្ដា​ប្រទេស​អាស៊ី​ដទៃទៀត លោកនាយក​រដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជា​នឹង​រួបរួម​ជាមួយ​ប្រទេស​អាស៊ាន​ផ្សេងទៀត​ប្តេជ្ញា​នឹង​បន្ត​ខិតខំ​ពង្រឹងសមត្ថភាព​នៃ​សហគ្រាស​មីក្រូ​តូច និង​មធ្យម ព្រមទាំង​លើកកម្ពស់​សហគ្រិនភាព ក្នុងចំណោម​ស្ត្រី និង​យុវជន ក៏ដូចជា​ពង្រឹង​ការអភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ និង​បញ្ហា​ប្រឈម​នៃ​យុគសម័យ​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ សំដៅ​ព​ន្លឿ​ន​ការ​ស្តារឡើងវិញ នូវ​សង្គម​-​សេដ្ឋកិច្ច ក្រោយពី​វិបត្តិ​កូ​វីដ​១៩ ឱ្យបាន​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។​

​លោក​មាន​ក្តីសង្ឃឹម «​យ៉ាង​មុតមាំ​» ថា សន្និសីទ​នេះ​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត រវាង​គ្រប់​បណ្តា​ប្រទេស​ទាំងអស់ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​បន្ថែមទៀត​ជូន​ដល់​តំបន់ និង​សកលលោក​ទាំងមូល​៕​