ភ្នំពេញៈ កយកា​ (KOICA) និង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​បានធ្វើការ​ពិភាក្សា​អំពី​ផែនការ​សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​ស្តីពី កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​សម្រាប់​គ្រូ​បង្គោល​របស់​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​សម្រាប់​រយៈពេល​ ៣​ ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០២២ ដល់​ឆ្នាំ​ ២០២៤​។

កិច្ចពិភាក្សា​នេះ​ត្រូវបាន​ធ្វើឡើង​នា​ថ្ងៃទី ​២៦ ខែឧសភា​នេះ​រវាង​ កយកា និង​ក្រោម​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ី​នៃ​សាកលវិទ្យាល័យ​កូរ៉េ និង វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ (NIDIR) ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ (Zoom Meeting)​។

ភាគី​ កយកា ​ដឹកនាំ​ដោយ លោក នោ ហ្យន់ជូន ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (​កយកា-KOICA) ​ប្រចាំ​ប្រទេស​កម្ពុជា​។ ចំណែក​ភាគី​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ ដឹកនាំ​ដោយ​លោក​ ទាន សំណាង ប្រធាន​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ កយការ ​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​ជំនួប​នោះ ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​អំពី​ផែនការ​សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​សម្រាប់​គ្រូ​បង្គោល​របស់​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ សម្រាប់​រយៈពេល​ ៣ ​ឆ្នាំ ចាប់ពី​ឆ្នាំ​ ២០២២ ដល់​ឆ្នាំ​ ២០២៤»​។

វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ី​នៃ​សាកលវិទ្យាល័យ​កូរ៉េ​បាន​បង្ហាញ​ផែនការ​សម្រាប់​វគ្គបណ្ដុះ​បណ្ដាល និង​បាន​ស្នើឱ្យ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​លម្អិត​មួយ​ដោយ​ផ្លាស់ប្តូរ​យោបល់​ពី​គ្រប់ភាគី​។

ក្នុង​ឱកាស​នោះ លោក នោ ហ្យន់ជូន បាន​មានប្រសាសន៍​ថា ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ វគ្គ​បណ្តុះបណ្តាល​ទាំងអស់​របស់​ កយកា ​ត្រូវបាន​ប្តូរ​ទៅ​វគ្គ​បណ្តុះបណ្តាល​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ (​អនឡាញ​) ហើយ​ទោះបីជា​ការគំរាមកំហែង​ពី​ជំងឺ​កូវីដ​ ១៩ បាន​ថយចុះ​ក៏ដោយ ក៏​ កយកា ​មាន​គម្រោង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ទាំងអស់​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ​(​អនឡាញ​) រួមទាំង​ឆ្នាំនេះ​ផងដែរ​”​។

លោក​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ជា​សំណាងល្អ បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ទីស្នាក់ការ​កណ្តាល​ កយកា យើង​បានធ្វើការ​ផ្លាស់ប្តូរ​ផែនការ​របស់​យើង និង​ចាប់ផ្តើម​វគ្គ​សិក្សា​ថ្មី ដោយ​ការសិក្សា​ដោយផ្ទាល់​វិញ ដែលជា​វគ្គ​បណ្តុះបណ្តាល​ផ្អែកលើ​ការអញ្ជើញ​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​ដោយផ្ទាល់​»៕