ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​ទៅ​តំណាង​បណ្តា​ប្រទេស​នៃ​សហភាព​អឺរ៉ុប​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ អាណត្តិ​ទី៥ នៅ​ថ្ងៃទី ៥ ខែ​មិថុនា​ខាង​មុខ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​កសាង​នូវ​ប្រជាធិបតេយ្យ​ឱ្យ​មាន​ភាព​ចម្រុះ​នៅ​មូលដ្ឋាន និង​កសាង​នូវ​ភាព​ម្ចាស់​ការ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។

លោក ស ខេង បាន​ថ្លែង​បែប​នេះ នៅ​ថ្ងៃទី ២៦ ខែ​ឧសភា ក្នុង​អំឡុង​ពេល​ដែល​លោក បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​នៃ​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ចំនួន ៤ ប្រទេស ដែល​ដឹកនាំ​ដោយ​លោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ចូល​ជួប​ពិភាក្សា​ការងារ។

ក្នុង​ជំនួប​នេះ​ដែរ ភាគី​សហភាព​អឺរ៉ុប​មាន​បំណង​ចង់​ស្វែង​យល់​បន្ថែម​ពី​ដំណើរការ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ព្រម​ទាំង​ចង់​ដឹង​អំពី​ស្ថានភាព​ទូទៅ​នៃ​ដំណើរ​ការ​ឈាន​ទៅ​រក​ការ​បោះឆ្នោត​នៅ​ថ្ងៃទី ៥ ខែ​មិថុនា។

លោក ស ខេង បាន​សម្តែង​នូវ​ការ​អរគុណ​ដល់​សហភាព​អឺរ៉ុប​ដែល​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ការ​បោះឆ្នោត​ឃុំ-សង្កាត់ កាល​ពី​លើក​ទី១ ហើយ​ការ​បោះឆ្នោត​សម្រាប់​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នា​ពេល​នេះ គឺ​ជា​លើក​ទី៥ ហើយ។

លោក ស ខេង បាន​ជម្រាប​ជូន​ទៅ​ដល់​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ទាំង ៤ ប្រទេស​ថា ស្ថានភាព​ទូទៅ​នៃ​យុទ្ធនាការ​បោះ​ឆ្នោត ព្រម​ទាំង​ការ​បោះឆ្នោត គឺ​អនុវត្ត​ទៅ​តាម​ការ​កំណត់ ក្នុង​នោះ​លោក​បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ដោយ​ឃើញ​ពី​វឌ្ឍនភាព​នៃ​ការ​បោះឆ្នោត​មួយ ទៅ​ការ​បោះឆ្នោត​មួយ ដោយ​ប្រជាពលរដ្ឋ​កាន់​តែ​មាន​ការ​យល់ដឹង និង​មាន​ការ​គាំទ្រ​​ដល់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​ពួក​គាត់​ពេញ​ចិត្ត។

ឆ្លៀត​ឱកាស​នេះ​ដែរ លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​សម្រាប់​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នាពេល​នេះ​ជា​គោល​បំណង​កសាង​នូវ​ប្រជាធិបតេយ្យ​ឱ្យ​មាន​ភាព​ចម្រុះ​នៅ​មូលដ្ឋាន និង​កសាង​នូវ​ភាព​ម្ចាស់​ការ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។

ជាមួយ​គ្នា​នេះ លោក​បាន​បង្ហាញ​ក្តី​សង្ឃឹម ជឿជាក់​ថា នៅ​ថ្ងៃ​បោះឆ្នោត នឹង​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង ដែល​រំខាន​ដល់​ការ​បោះឆ្នោត​នោះ​ទេ ដោយ​ដំណើរការ​ល្អ​នៃ​ការ​បោះឆ្នោត​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​អនុវត្ត​ស្រប​ទៅ​តាម​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ពី​គោលការណ៍​ប្រជាធិបតេយ្យ​ពហុបក្ស។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​សន្តិសុខ ដែល​ក្រសួង​បាន​សហការ​ជាមួយ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​បរិយាកា​សសេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្រៅ​ពី​នោះ​ស្ថិត​ក្នុង​សមត្ថកិច្ច​ដោះ​ស្រាយ​របស់ (គ.ជ.ប) ដែល​ជាស្ថាប័ន​ពិនិត្យ​ទៅ​លើ​បញ្ហា​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បោះឆ្នោត។

ក្រៅ​ពី​ការងារ​ដែល​បាន​លើក​ឡើង​ទាំង​នេះ លោក ស ខេង និង​លោក-លោកស្រី ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ក៏​បាន​ជជែក​ផ្លាស់ប្ដូរ​យោបល់​ទៅ​លើ​កិច្ចការ​មួយ​ចំនួន​ដែល​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង ២ សម្រាប់​នាពេល​អនាគត​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​បោះឆ្នោត និង​ក្នុង​នោះ​ក៏​បាន​ជជែក​ពិភាក្សា​អំពី​លទ្ធភាព​នៅ​ក្នុង​ការ​ធ្វើ​ទស្សនកិច្ច​ផ្លាស់ប្តូរ​បទពិសោធ​ទៅ​វិញ​ទៅ​មក សំដៅ​ធ្វើ​យ៉ាងណា​គាំទ្រ​ដល់​ដំណើរការ​ពង្រឹង​ប្រជាធិបតេយ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​របស់​កម្ពុជា​ផង​ដែរ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​យក​ឱកាស​នេះ​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប​ឱ្យ​បន្ត​គាំទ្រ​ដល់​កិច្ចការ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​អនុវត្ត​ក្នុង​ការ​ពង្រឹង​ភាព​ជា​ម្ចាស់​ការ​របស់​ថ្នាក់​មូលដ្ឋាន ជាពិសេស​ គឺ​បន្ត​ជួយ​គាំទ្រ​ការ​ចែក​រំលែក​បទពិសោធ​ពាក់ព័ន្ធ​នឹង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដើម្បី​មាន​សមត្ថភាព​កាន់​តែ​សមស្រប បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក៏​ដូចជា​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួន៕