ភ្នំពេញៈ ក្នុង​រយៈពេល ​៦ ​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់ មាន​ពាក្យបណ្ដឹង​ចំនួន ៣៣ ពាក់ព័ន្ធ​នឹង​ការឃោសនា​នេះ​ត្រូវបាន​ដាក់ចូល​ទៅកាន់​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត (​គឃ.សប​)​។

លោក ហង្ស ពុទ្ធា សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នា​ថ្ងៃទី​ ២៧ ខែឧសភា ថា​៖ «​ចំពោះ​ករណី​បណ្តឹង​អំពី​ការឃោសនា​បោះឆ្នោត គិត​ត្រឹម​ថ្ងៃទី ២៦ ខែ​ឧសភា ឆ្នាំ ២០២២ នេះ​មាន​ពាក្យបណ្ដឹង​ចំនួន ៣៣ ត្រូវបាន​ដាក់ចូល​ទៅកាន់ គឃ.សប​»​។

លោក​បន្តថា ក្នុងចំណោម​ពាក្យបណ្ដឹង​ទាំងនោះ​មាន ៧ បណ្ដឹង​ត្រូវបាន​ផ្សះផ្សា​ជា​សះ គឃ.សប បានចេញ​លិខិត​ជូនដំណឹង​ចំនួន ១​ បណ្តឹង ដើមបណ្តឹង​បាន​ដក​ពាក្យបណ្តឹង​វិញ​ចំនួន ១​ បណ្តឹង ហើយ​បណ្តឹង​ចំនួន​ ១៨​ កំពុង​ដោះស្រាយ​។

លោក ហង្ស ពុទ្ធា បន្ថែមថា​មាន​ចំនួន​ ៦ ​បណ្តឹង​ផ្សះផ្សា​មិនជា​សះ ដែល​ក្នុងនោះ​មាន​ ៤​ បណ្តឹង​បាន​ដាក់​បន្ត​ពី​ គឃ.សប និង​កំពុង​ដោះស្រាយ​នៅ​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គធ.ខប​) ដោយឡែក ១ ​បណ្តឹង​ទៀត​បានដាក់​បន្ត​ពី គឃ.សប ហើយ គធ.ខប បានចេញ​លិខិត​ជូនដំណឹង​រួចហើយ​៕