ស្ទឹងត្រែងៈ យ៉ាងហោចណាស់​អ្នកនេសាទ​ចំនួន​ ៨៥ ​នាក់​ត្រូវបាន​មន្ត្រីជលផល និង​ឆ្មាំ​ទន្លេ​បាន​ធ្វើការ​អប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា ដើម្បី​បញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​តំបន់​អភិរក្ស​ក្នុង​រដូវ​បិទ​នេសាទ​នេះ​។ នេះ​បើ​យោងតាម​ក្រសួង​ព័ត៌មាន​ថ្ងៃទី​ ២៧ ​ខែឧសភា​នេះ​។

រដ្ឋបាលខេត្ត​ស្ទឹងត្រែង​បានប្រកាស​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកបរបរ​នេសាទ​ពី​រដូវ​បិទ​នេសាទ​ចាប់ពី​ថ្ងៃទី​ ១ ខែឧសភា ដល់​ថ្ងៃទី ៣០ ខែកញ្ញា​ឆ្នាំ​ ២០២២ ​នេះ ដើម្បី​ការពារ​ត្រី​មេពូជ​នា​អំឡុងពេល​បង្ក​កំណើត​ខ្ពស់​នេះ​។ ទោះយ៉ាងណា​ក៏ដោយ​ក្នុង​រដូវ​បិទ​នេសាទ​នេះ ប្រជានេសាទ​នៅតែ​អាច​ប្រើប្រាស់​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដូចជា សៃយ៉ឺន លប សំណាញ់ សន្ទូច​ផ្លែ ១ អង្រុត ចាន់ តុម ទូ កញ្ច្រែង​ដងត្រី និង​ឧបករណ៍​មួយចំនួន​ទៀត​ដែល​ច្បាប់​អនុញ្ញាត សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​។

ក្នុង​រដូវ​បិទ​នេសាទ​នេះ ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង​បាននិង​កំពុង​តែ​អនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស​ជលផល ដោយ​មន្ត្រីជលផល មន្ត្រី​ឆ្មាំ​ទន្លេ ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​សហគមន៍​នេសាទ​នៅក្នុង​តំបន់​គ្រប់គ្រង​អភិរក្ស​ត្រី​មេ​ពូជ​។ ក្នុងនោះ​ក៏មាន​វិធានការ​អប់រំ​ផងដែរ​។ កម្លាំងចម្រុះ​បាន​រឹបអូស​យក​មង​សរុប​បាន​ចំនួន​ ៩៤៦០ ម៉ែត្រ សន្ទូចរនង​ ៧៥០ ​ផ្លែ ក្បាល​ឆក់​ចំនួន​ ២ អាគុយ​ ១ ថ្នង​ ១ និង​តម្រូវឱ្យ​ប្រជានេសាទ​ចំនួន​ ៨៥​ នាក់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លួច​ចូលធ្វើ​នេសាទ​ក្នុង​តំបន់ហាមឃាត់​។ នេះ​បើ​យោងតាម​ប្រភព​ដដែល​។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង​កាលពីពេល​ថ្មីៗ​នេះ​ក៏បាន​ចូលរួម​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ជលផល និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ដល់​សហគមន៍​នេសាទ​ក្នុង​ភូមិ​កាងដែក ភូមិ​ស្មាកោះ ស្ថិតក្នុង​ឃុំ​កោះ​ស្រឡាយ ស្រុក​សៀម​បូក​ផងដែរ​៕

វីដេអូ៖