លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​មិនអាច​ដាក់ខ្លួន​ទៅក្នុង​អន្ទាក់​បំណុល​របស់​អ្នកណា​ទាំងអស់ ហើយ​ចិន​ក៏​មិនមែន​ជា​ប្រទេស​តែមួយគត់​ដែល​កម្ពុជា​ខ្ចីប្រាក់​នោះដែរ ដែល​នឹង​ធ្វើឱ្យ​កម្ពុជា​ក្លាយ​អន្ទាក់​បំណុល​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នោះទេ ហើយ​ចិន​ក៏​គ្មាន​បំណង​ដាក់​កម្ពុជា​ជា​អន្ទាក់​បំណុល​របស់ខ្លួន​ផងដែរ​។

លោក ហ៊ុន សែន បាន​ថ្លែង​ដូចនេះ​ក្នុង​ការ​ឆ្លើយតប​នឹង​សំណួរ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​ ២៧ ស្តីពី​អនាគត​របស់​អាស៊ី​នា​ថ្ងៃ​សុក្រ​នេះ​តាម​ប្រព័ន្ធ​អនឡាញ ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​រយៈពេល​ ២ ​ថ្ងៃ​នៅ​ថ្ងៃទី ​២៦-២៧ ខែ​ឧសភា ឆ្នាំ​ ២០២២​។

លោក​មាន​ប្រសាសន៍​ថា៖ «​អ្វីដែល​យើងខ្ញុំ​ខ្ចី យើង​មាន​ការប្រុងប្រយ័ត្ន​ខ្លួនឯង យើងខ្ញុំ​មានច្បាប់​ទាក់ទង​នឹង​ការខ្ចី​បុល ហើយ​បើ​គិត​មកដល់​ពេលនេះ ពិដាន​សម្រាប់​ការខ្ចី​របស់​យើង​ដែល​គេ​អនុញ្ញាត​ឱ្យ​ខ្ចី​រហូតដល់​ ៤០% ​នៃ​ផលិតផល​ក្នុង​ស្រុក យើងខ្ញុំ​ទើបនឹង​ខ្ចី​ ២៣% ​ប៉ុណ្ណោះ ដែល​នៅ​សេសសល់​ទំហំ​សម្រាប់​ការខ្ចី​បន្តទៀត​»​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បញ្ជាក់​ដែរថា កម្ពុជា​មិនមែន​ចេះតែ​ខ្ចី​ដោយ​មិនបាន​គិតគូរ​អំពី​ស្ថានភាព​បំណុល​ដែល​យើង​អាច​ដោះស្រាយបាន​នោះទេ​។ ដូច្នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​យល់ថា​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹងដាក់​អន្ទាក់​កម្ពុជា​តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ឱ្យ​កម្ពុជា​នោះទេ ហើយ​លោក​ក៏​មិន​គិត​ដែរ​ថា ជប៉ុន​ដាក់​អន្ទាក់​កម្ពុជា​លើ​បញ្ហា​ការខ្ចី​បុល​ពី​ជប៉ុន​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នេះដែរ​។

លោក ហ៊ុន សែន មានប្រសាសន៍​ថា៖ «​ខ្ញុំ​សុំ​បញ្ជាក់ថា កម្ពុជា​នឹងមិន​ដាក់ខ្លួន​ទៅជា​កូនបំណុល​របស់​អ្នក​ណាមួយ​នោះទេ ព្រោះ​យើង​មិនអាច​ខ្ចី​តែ​ពី​ចិន​តែមួយ​ទេ គឺ​យើង​អាច​ខ្ចី​ពី​ជប៉ុន កូរ៉េ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធនាគារ​ពិភពលោក និង​ខ្ចី​ពី​ធនាគារ​អឺរ៉ុប​ផងដែរ​»​។

ជាមួយ​គ្នានេះដែរ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា វា​ច្បាស់​ណាស់ ចិន​បានផ្តល់​ជា​មូលដ្ឋាន​សម្រាប់​កម្ពុជា ដែល​នេះ​ជា​បញ្ហា​ពិតប្រាកដ ហើយ​លោក ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរ​កាលពី​ឆ្នាំមុន​ថា បើ​លោក​មិន​ពឹង​ចិន​តើ​ឱ្យ​លោក​ពឹង​អ្នកណា​?

លោក​បាន​ថ្លែងថា៖ «​នេះ​ជាស​ម្ដី​ពិត​របស់ខ្ញុំ ហើយ​ខ្ញុំ​សុំ​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ថា យើងខ្ញុំ​មិនអាច​ក្លាយ​ទៅជា​កូនបំណុល​តែមួយគត់​ហើយ​ជា​អន្ទាក់​បំណុល​ដែល​ចិន​ត្រូវដាក់ ហើយ​ចិន​ក៏​គ្មាន​បំណង​ដាក់​កម្ពុជា​ជា​អន្ទាក់​បំណុល​របស់​ចិន​នោះដែរ​»៕

វីដេអូ៖