​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​ទេសចរណ៍ចំនួន​ ១៥​ សហគ្រាស ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល ដែលជា​ការបើក​លើក​ទី​៨២​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​ ២៧ ខែឧសភា នេះ​បានឱ្យដឹងថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​លើក​ទី​៨២​ ដល់​កម្មករនិយោជិត​ចំនួន ៩៨៨​ នាក់ នៃ​សហគ្រាស​ទាំង ​១៥ នៃ​វិស័យ​ទេសចរណ៍​។​

​ក្រសួង​បាន​បន្តថា ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក នឹង​ផ្ញើ​សារ អំពី​ការបើកប្រាក់​ឧបត្ថម្ភរ​បស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរ​សព្ទ ដែល​ពួកគេ​បានផ្តល់​មកឱ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល សហគ្រាស​នាពេល​កន្លងមក​។​

​ប្រាក់ឧបត្ថម្ភ​នេះ​នឹងត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យាការងារ ក្នុងនោះ​ចំនួន​៣០​ដុល្លារ​អាមេរិក សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ១១ ​ថ្ងៃ ដល់ ២០​ ថ្ងៃ​, ៤០ ​ដុល្លារ​អាមេរិក សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ចាប់ពី ២១​ ថ្ងៃ ដល់ ១​ ខែ​។​

​ក្រសួង​បាន​រំឭក​ផងដែរ​ថា ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​ខកខាន មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ១០​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរ​សព្ទ​ពី​ធនាគារ វី​ង (​ខេ​ម​បូ​ឌា ម​.​ក​)​។

​ក្រសួង​បាន​បន្តថា៖ «​ក្នុងករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​សហគ្រាស​ទាំង​ ១៥ នេះ មិនបាន​ទទួល​សារ​ទូរ​សព្ទ ពី​ធនាគារ វី​ង​នោះ សូម​បងប្អូន​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​របស់ខ្លួន ទៅ​រដ្ឋបាល​សហគ្រាសរ​បស់​ខ្លួន​»៕​