លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ព​ជើងគោក និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បាន​ថ្លែងថា អាជីព​ជា​បុគ្គលិក​សុខាភិបាល​ជា​អាជីព​តំណាងឱ្យ​ព្រះអាទិទេព​ក្នុង​ការជួយសង្គ្រោះ​ជីវិត​មនុស្ស​ឱ្យ​រួច​ផុតពី​ជំងឺ​ដង្កាត់ និង​គ្រោះភ័យ​ផ្នែក​សុខភាព​នានា​។

លោក​បានលើក​ឡើង​បែបនេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល​របស់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​ ២៧ ខែមករា ឆ្នាំ ​២០២២​។

លោក​ក៏បាន​សាទរ​ចំពោះ​ភាពជោគជ័យ​នៃ​ការគ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែលជា​សមិទ្ធផល​សម្រេច​បានរួម​គ្នា​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ទូទាំង​ប្រទេស ហើយ​ស្ថានភាព​នៃ​ការជួបជុំ​ក្នុងថ្ងៃនេះ គឺ​មាន​លក្ខណៈ​ប្រកបដោយ​ភាពសប្បាយ​រីករាយ ដោយ​ខុស​ផ្ទុយគ្នា​ស្រឡះ​ពី​ស្ថានភាព​កាលពី​ឆ្នាំ​ ២០២១ កន្លងទៅ​។

លោក ហ៊ុន ម៉ាណែត បាន​ប្រសាសន៍ថា៖ «​អាជីព​ជា​បុគ្គលិក​សុខាភិបាល មានគុណ​តម្លៃ​ឧត្តុង្គឧត្តម​ថ្លៃថ្នូរ​សម្រាប់​សង្គមជាតិ ឬ​អាច​និយាយ​ម្យ៉ាង​ទៀតថា​ជា​អាជីព​តំណាង​ឱ្យ​ព្រះអាទិទេព​ក្នុង​ការជួយសង្គ្រោះ​ជីវិត​មនុស្ស​ឱ្យ​រួច​ផុតពី​ជំងឺ​ដង្កាត់ និង​គ្រោះភ័យ​ផ្នែក​សុខភាព​នានា នាំមក​នូវ​ការជួបជុំ​ត្រេកអរ​សប្បាយ​រីករាយ និង​សុភមង្គល​ក្នុង​សង្គម​គ្រួសារ​នីមួយៗ​»​។

ផ្តើមចេញពី​គោល​គំនិត​នេះ រាជរដ្ឋាភិបាល​តែង​បាន​ខិតខំ​បង្កើន​ធនធាន និង​កិច្ចសហប្រតិបត្តិការ​កៀរគរ​ជំនួយ​ជាតិ និង​ដៃគូ​អភិវឌ្ឍ​អន្តរជាតិ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​នៃ​ប្រព័ន្ធ​សុខាភិបាល​រួមមាន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​, ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​, ការបំពាក់​ឧបករណ៍​បរិក្ខារ ជាដើម ដែល​បម្រើ​ឱ្យ​ការផ្តល់សេវា​សុខាភិបាល​នៅ​ទូទាំង​ប្រទេស​។ នេះ​បើតាម​ការលើកឡើង​របស់​លោក ហ៊ុន ម៉ាណែត​។

លោក​បាន​បញ្ជាក់​ទៀត​ថា៖ «​ជា​លទ្ធផល​កម្ពុជា​សម្រេចបាន​នូវ​សមិទ្ធផល និង​វឌ្ឍនភាព​សំខាន់ៗ​ជាច្រើន​ក្នុង​នោះ​ស្ថានភាព​សុខភាព​សាធារណៈ​ត្រូវបាន​កែលម្អ​ជា​លំដាប់​រួមជាមួយ​នឹង​ការយកចិត្ត​ទុកដាក់​ក្នុងការ​ពង្រឹង​គុណភាព​សេវា​សុខាភិបាល​នៅ​គ្រប់​កម្រិត​»​។

ជាក់ស្តែង កម្ពុជា​ក៏បាន​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់ខ្លួន​គួរឱ្យកត់​សម្គាល់ ដែល​ក្នុងនោះ​មាន​គោលដៅ​ចំនួន ៤ ត្រូវបាន​សម្រេច​មុន​កាលបរិច្ឆេទ​កំណត់ គឺ​ការកាត់បន្ថយ​អត្រា​មរណៈ​កុមារ​, ការលើក​កម្ពស់​សុខភាព​មាតា​, ការប្រយុទ្ធ​នឹង​មេរោគ​អេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និង​ជំងឺឆ្លង​នានា​។

ឆ្លៀតឱកាស​នោះដែរ លោក ហ៊ុន ម៉ាណែត ក៏បាន​បញ្ជាក់​ដែរថា កត្តា​ជោគជ័យ​នៃ​ការគ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា គឺ​បាន​មក​ដោយ​កត្តា ០២ យ៉ាង​គឺ ទី​ ១ ប្រទេស​កម្ពុជា​មាន​ថ្នាក់ដឹកនាំ​កំពូល គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដឹកនាំ​ដោយ​តម្កល់​ការសង្គ្រោះ​អាយុជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជា​កត្តា​អាទិភាព​ចម្បង​បំផុត​។

កត្តា​ទី​ ២ គឺ​ការចូលរួម​ពី​សំណាក់​ប្រតិបត្តិករ​នានា រួមមាន កងទ័ព​អាវស​នៅ​ទូទាំងប្រទេស​ជាមួយ​មន្ត្រី​រាជការ​គ្រប់​ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ក្នុង​នាម​ជា​កម្លាំង​សរុប​របស់​ជាតិ​រួម​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន​។

លោក​ថា៖ «​គ្រប់គ្នា​បានរួម​គ្នា​យ៉ាង​សស្រាក់​សស្រាំ​ជា​កម្លាំង​មហា​សាមគ្គី​ក្នុង​ការបំពេញ​គ្រប់​ភារកិច្ច​ដោយ​មិន​ខ្លាច​នឿយហត់ និង​ប្រកប​ដោយ​ពលិកម្ម​គ្រប់បែបយ៉ាង​សំដៅ​ធ្វើយ៉ាងណា​សង្គ្រោះ និង​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ចាស់​ក្មេង​ឱ្យ​រួច​ផុតពី​មាត់ជ្រោះ​មរណៈ​នៃ​ជំងឺ​កូវីដ ​១៩»៕