កំពង់ស្ពឺៈ នគរបាល​ចំនួន ២៥៧ នាក់ (ស្រី ៣៥ នាក់) បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល «កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល» នៅ​សាលា​នគរបាល​ជាតិ​មិត្តភាព​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ជា​ផ្នែក​សំខាន់​នៃ​ការ​បណ្តុះបណ្តាល និង​ការ​បំប៉ន​ជំនាញ​ជូន​ដល់​កងកម្លាំង​នគរបាលជាតិ ដើម្បី​ឱ្យ​មាន​សមត្ថភាព និង​ជំនាញ​បច្ចេកទេស​ខ្ពស់ ក្នុង​ការ​បំពេញ​ភារកិច្ច។ នេះ​បើ​តាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

លោក​ឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធាន​សេនាធិការ និង​ជា​នាយក​សាលាន​គរបាល​ជាតិ​មិត្តភាព​កម្ពុជា-វៀតណាម បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នៅ​ថ្ងៃទី ២៦​ ឧសភា​ថា វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ក្នុង​ពេល​នេះ មាន​សិក្ខា​កាម​សរុប​ចំនួន ២៥៧ នាក់ (ស្រី ៣៥ នាក់) ដែល​មក​ពី​អគ្គលេខាធិការដ្ឋាន នាយកដ្ឋាន​អង្គភាព​ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​ចំនួន ១២។

លោក អ៊ុ អុន បាន​បញ្ជាក់​ថា ផ្ដើម​ចេញ​ពី​គោលន​យោបាយ និង​យុទ្ធសាស្ដ្រ​កំណែ​ទម្រង់​សាលាន​គរបាល​ជាតិ​មិត្តភាព​កម្ពុជា-វៀតណាម មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ធ្វើ​ជា​សេនាធិការ ជូន​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លើ​ការ​កសាង​ផែនការ​បណ្ដុះបណ្ដាល បំពាក់​បំប៉ន​មុខ​ជំនាញ ជូន​ដល់​កងកម្លាំង​នគរបាលជាតិ។

បន្ទាប់​ពី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ ២០១៥ សាលា​នគរបាល​ជាតិ មិត្តភាព​កម្ពុជា-វៀតណាម បាន​បើក​វគ្គ​បណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ​ជូន​កងកម្លាំង​នគរបាល​ជាតិ​ទូទាំង​ប្រទេស​បាន​ចំនួន ២២ វគ្គ មាន​សិក្ខាកាម​សរុប​ចំនួន ២ ៦៦៦ នាក់ ស្រី ១១៩ នាក់។

ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​ថ្លែង​កោត​សរសើរ​ចំពោះ​ថ្នាក់​ដឹកនាំ​សាលា និង​មន្ដ្រី​នគរបាល​ទាំង​អស់​នៃ​សាលាន​គរបាល​ជាតិ​មិត្តភាព​កម្ពុជា-វៀតណាម ដែល​បាន​យក​ចិត្ត​ទុក​ដាក់ និង​ទទួល​ខុស​ត្រូវ ចំពោះ​ការងារ​បណ្ដុះបណ្ដាល​កងកម្លាំង​នគរបាលជាតិ តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ក៏​ដូចជា​បន្ដ​ទៅ​ថ្ងៃ​អនាគត។

លោក​មាន​ប្រសាសន៍​ថា ការ​បណ្ដុះបណ្ដាល​នៅ​ពេល​នេះ គឺ​ពិត​ជា​មានសារៈ​សំខាន់។ នៅ​ចំពោះ​មុខ​នៃ​បញ្ហា​ប្រឈម តម្រូវ​ឱ្យ​កងកម្លាំង​ដែល​មាន​សមត្ថកិច្ច​ក្នុង​ការងារ​សន្ដិសុខ សណ្ដាប់​ធ្នាប់ ត្រូវ​មាន​សមត្ថភាព និង​ជំនាញ​បច្ចេកទេស​ខ្ពស់ ក្នុង​ការ​បំពេញ​ភារកិច្ច ព្រម​ជាមួយ​នេះ​ផង​ដែរ ត្រូវ​មាន​ភាព​រហ័សរហួន និង​ឈ្លាសវៃ​ក្នុង​ការ​កំណត់​មុខ​សញ្ញា ដើម្បី​ធ្វើ​ការ​បង្ក្រាប និង​សង្គ្រោះ​ក្នុង​ករណី​ដែល​មាន​ហេតុការណ៍​ផ្សេងៗ​កើត​ឡើង។

លោក​បន្ដ​ទៀត​ថា ការ​សិក្សា​នៅ​សាលា គ្រាន់តែ​ជា​ការ​សិក្សា​ទ្រឹស្ដី និង​បច្ចេកទេស​មួយ​ចំនួន ដែល​នឹង​ជួយ​ផ្ដល់​ចំណេះដឹង និង​ជំនាញ សម្រាប់​សិក្ខាកាម​ទាំង​អស់ អាច​យក​ទៅ​ប្រើប្រាស់​ជាក់​ស្ដែង​នៅ​ពេល​បំពេញ​ភារកិច្ច​តែ​ប៉ុណ្ណោះ។

ប៉ុន្ដែ​ការ​អនុវត្ត​ជាក់​ស្ដែង​ក្នុង​ពេល​បំពេញ​ភារកិច្ច គឺ​តម្រូវ​ឱ្យ​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ខិតខំ​បំពេញ​ភារកិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដោយ​ប្រើ​នូវ​កម្លាំង​កាយ ប្រាជ្ញា ស្មារតី និង​ភាព​វៃឆ្លាត​ក្នុង​ការ​ដោះស្រាយ​បញ្ហា ដែល​កើត​មាន​ឡើង​ចំពោះ​មុខ។

ក្នុង​នាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ចាន់ ស៊ីថា ក៏​បាន​ចែក​រំលែក​នូវ​មតិ​មួយ​ចំនួន​ក្នុង​ទិសដៅ​នៃ​ការ​កសាង​សមត្ថភាព និង​ការ​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​កងកម្លាំង​នគរបាលជាតិ។

ក្នុងនោះ ទី១ ត្រូវ​បន្ដ​ខិតខំ​ពង្រឹង​នគរបាល​ជាតិ​គ្រប់​ថ្នាក់ គ្រប់ផ្នែក ដែល​ជា​កម្លាំង​អនុវត្ត​ច្បាប់​ឱ្យ​មាន​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់ ជាមួយ​ការ​គោរព​ឱ្យ​បាន​ត្រឹមត្រូវ នូវ​ច្បាប់​របស់​រដ្ឋ លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស គោរព​សិទ្ធិ​សេរីភាព របស់​ប្រជាពលរដ្ឋ​ដោយ​ត្រូវ​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ត្រូវ​មាន​ភាព​ស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ​របស់​ខ្លួន ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិន័យ​សេចក្ដី​ថ្លៃថ្នូរ និង​ភាព​ស្អាតស្អំ​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ។

ទី២ ទន្ទឹម​នឹង​ការ​ជំរុញ​អនុវត្ត​គោលនយោបាយ ភូមិ-ឃុំ មាន​សុវត្ថិភាព ដើម្បី​ពង្រឹង​ឱ្យ​បាន​កាន់​តែ​រឹងមាំ​ថែម​ទៀត នូវ​សន្ដិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់​សាធារណៈ និង​គោរព​ច្បាប់ សំដៅ​ជំរុញ​ឱ្យ​បាន​ខ្លាំងក្លា​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ប្រកប​ដោយ​ចីរភាព​រយៈពេល​វែង​ជា​បន្ដទៀត និង​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ និង​សង្គម​ទាំង​មូល។

ទី៣ ត្រូវ​ដាក់​ចេញ​វិធានការ​បង្ការ ទប់ស្កាត់​ជា​មុន និង​ចាត់ចែង​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​បង្ក្រាប​ឱ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ចំពោះ​ហេតុការណ៍​ដែល​កើត​ឡើង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជាពិសេស​អំពើ​ប្លន់​ប្រដាប់​អាវុធ ឃាតកម្ម អំពើ​ហិង្សា​នានា ទំនាស់​នៅ​ក្នុង​សង្គម ឬ​បាតុភាព​បង្ក​ឱ្យ​បាត់បង់​សណ្ដាប់​ធ្នាប់​សាធារណៈ និង​រាល់​បទល្មើស​ទាំងឡាយ ទោះ​ក្រោម​រូបភាព​ណា​ក៏​ដោយ ត្រូវ​ខិតខំ​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​ជន​ប្រព្រឹត្ត ដើម្បី​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន។

ចំណែក​ចំណុច​ទី៤ លោក ចាន់ ស៊ីថា បាន​លើក​ឡើង​ថា ត្រូវ​បន្ដ​ខិតខំ​រៀបចំ​សណ្ដាប់​ធ្នាប់​សាធារណៈ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ ស្រប​តាម​ការ​វិវត្តន៍​រីក​ចម្រើន​របស់​ប្រទេស​ជាតិ។ ក្នុង​នោះ បញ្ហា​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ គឺ​សណ្ដាប់​ធ្នាប់​ចរាចរណ៍ ដែល​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត និង​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​ជា​រៀងរាល់​ថ្ងៃ។

លោក​បន្ត​ថា រីឯ​ចំណុច​ទី៥ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ខ្ពស់ ក្នុង​ការ​អនុវត្តភារ​កិច្ច​ខាង​លើ ត្រូវ​បន្ដ​ធ្វើ​ការ​កែ​ទម្រង់​នគរបាល​ជាតិ ឱ្យ​កា​ន់​តែស៊ី​ជម្រៅ ដោយ​ខិតខំ​បង្កើន​ការ​បណ្ដុះបណ្ដាល កសាង​សមត្ថភាព​កម្លាំង​នគរបាល​ជាតិ នៅ​គ្រប់​ថ្នាក់​ដោយ​ដើរ​ទន្ទឹម​នឹង​ការ​លើក​កម្ពស់​មនសិកា​វិជ្ជាជីវៈ ការ​គោរព​វិន័យ​សីលធម៌ ដើម្បី​លើក​កម្ពស់​គុណភាព សមត្ថភាព​របស់​កងកម្លាំង​នគរបាល​ជាតិ​ទាំង​មូល ក្នុង​ការ​ផ្ដល់​សេវា​សន្ដិសុខ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​កាន់​តែ​ទូលំទូលាយ ប្រកប​ដោយ​ភាព​ស្មោះត្រង់​រាក់ទាក់​គ្រប់​ទីកន្លែង និង​ទាន់​ពេលវេលា។

បន្ថែម​ពី​នេះ លោក​អគ្គស្នងការ​រង​បាន​លើក​ឡើង​ទៀត​ថា ចំពោះ​ការងារ​បណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ​ដល់​មន្ដ្រី​នគរបាល​ជាតិ សេនាធិការដ្ឋាន ត្រូវ​បន្ដ​កិច្ច​សហការ​ជាមួយ​អង្គភាព​ជំនាញ​ពាក់​ព័ន្ធនានា ដើម្បី​រៀបចំ​កម្មវិធី​សិក្សា និង​ខ្លឹមសារ​បង្ហាត់​បង្រៀន​ឱ្យ​ស្រប​តាម​សភាពការណ៍​វិវត្តន៍ថ្មីៗ​របស់​សង្គម​ជាតិ ក្នុង​នោះ​មុខ​វិជ្ជា​បច្ចេកទេស​ព័ត៌មានវិទ្យា ក៏​ដូចជា​មុខវិជ្ជា​សំខាន់​មួយ ដែល​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​បណ្ដុះបណ្ដាល និង​បំប៉ន​ដល់​កងកម្លាំង​នគរបាល​ជាតិ សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​មន្ដ្រី​នគរបាល​មាន​ការ​អភិវឌ្ឍ​លើ​ជំនាញ​បច្ចេកទេស​គួបផ្សំ​នឹង​សីលធម៌ គុណធម៌ ការ​គោរព​វិន័យ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុង​ការ​គោរព​ប្រតិបត្តិ​ច្បាប់ គោរព​សិទ្ធិ​មនុស្ស ស័ក្តិសម​ជា​អ្នក​បម្រើ​ប្រជាជន និង​សង្គម​ជាតិ​ដោយ​ស្មោះត្រង់៕