ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​នៅថ្ងៃទី ២៦ ខែ​ឧសភា ឆ្នាំ ២០២២ បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងហោច​ណាស់ ៤ នាក់ ( ស្រី ១ នាក់ ) របួសធ្ងន់​ចំនួន ៤ នាក់ ( ស្រី ១ នាក់ ) របួសស្រាល ១ នាក់ ក្នុង​នោះ​មាន​បុរស​ម្នាក់​នៅ​ខត្ត​កំពង់ស្ពឺ​បាន​បើកបរ​ម៉ូតូ​ដួល​នៅលើ​ផ្លូវជាតិ​លេខ​ ៤ ហើយ​ត្រូវ​រថយន្ត​កិន​ស្លាប់​។

យោង តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង សណ្តាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅថ្ងៃទី ២៦ ខែ​ឧសភា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ និង របួស​ចំនួន ៩ នាក់ កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន ៧ លើក ។

ជាមួយ​គ្នានេះ នៅ​ថ្ងៃទី ​២៦ ខែឧសភា នៅវេលា​ម៉ោង​ ១៨ ​និង​ ៣៥​ នាទី​នៅលើ​ផ្លូវជាតិ​លេខ​ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៤៣-៤៤ ត្រង់​ចំណុច​ភូមិ​រលាំងសង្កែ សង្កាត់​សុព័រទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​ដួល​ត្រូវ​រថយន្ដ​កិន​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​។

តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា មុនពេល​កើតហេតុ​មាន​ម៉ូតូ ០១​ គ្រឿង ម៉ាក​ HONDA DREAM C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 1J1.646 អ្នកបើកបរ​ឈ្មោះ លឹម សុភក្ត្រា ភេទ​ប្រុស អាយុ​ ២៥ ​ឆ្នាំ រស់នៅ​ភូមិ​ជ័យឧត្តម ឃុំ​ព្រែ​ខ្សែ ខ ស្រុក​ពាមរក៍ ខេត្តព្រៃវែង បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត លុះ​មកដល់​ត្រង់​ចំណុច​ខាងលើ​ម៉ូតូ​ក៏បាន​ដួល​ហើយ​ខ្ទាត​ទាំង​ម៉ូតូ និង​មនុស្ស មក​ខាងឆ្វេង​ដៃ​ភ្លាមនោះ​ក៏មាន​រថយន្ដ ០២ ​គ្រឿង បើកបរ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច រថយន្ត​ទី​ ១ ​មិន​ស្គាល់​ម៉ាក និង​អត្តសញ្ញាណ​អ្នកបើកបរ​ (​បើក រត់គេច ក្រោយ​កើតហេតុ​) បាន​ទៅ​កិន​មនុស្ស​ដែល​ដួល និង​រថយន្ត​ទី​ ២ ​ម៉ាក HYUNDAI ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ​3E-8324 សណ្ដោង​សឺមីរ៉ឺម៉ក ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​ 4A-6246 មិនទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ ​(​ចុះ​រត់គេច​) បាន​ទៅ​កិន​ម៉ូតូ​ដែល​ដួល​នោះដែរ​ បណ្ដាល​ឱ្យឈ្មោះ លឹម សុភក្ត្រា ស្លាប់​នៅ​កន្លែង​កើតហេតុ​តែម្តង​។

ចំពោះ​វត្ថុតាង​រថយន្ត​ត្រូវ​បាន​កម្លាំង​នគរបាល​បាន​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ចំណែក​រថយន្ដ​មិន​ស្គាល់​ម៉ាក​កំពុងតែ​ស្រាវជ្រាវ​បន្ដ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕