​ភ្នំពេញៈ អង្គការ ​WCS ​បានឱ្យដឹង​នៅ​ថ្ងៃទី ​២៧ ​ខែឧសភា​នេះ​ថា ចាប់តាំងពី​ខែកក្កដា ឆ្នាំ ​២០១៩ ​មក គម្រោង​អង្កេត​តាមដាន​សុខភាព​សត្វព្រៃ ​(Wild Health Net) ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​កាត់បន្ថយ​ការគំរាមកំហែង​នៃ​សហរដ្ឋអាមេរិក​បានរ​ក​ឃើញ​ហេតុការណ៍​សត្វព្រៃ​ឈឺ​ និង​ស្លាប់​ជាង ​១០០ ​ករណី នៅ​ទូទាំងប្រទេស ហើយ​បានផ្តល់​ការបណ្តុះបណ្តាល​ដល់ដៃ​គូ​របស់​បណ្តាញ​បាន​ជាង ​៤០០ ​នាក់​។

​គម្រោង​អង្កេត​តាមដាន​សុខភាព​សត្វព្រៃ​នេះ ​ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​ ២០១៨ ក្នុង​គោលបំណង​គាំទ្រ​ការកសាង​សមត្ថភាព​ស្ថាប័ន​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​សកម្មភាព​អង្កេត​តាមដាន​សុខភាព​សត្វព្រៃ​នៅក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម ដែលមាន​ប្រទេស​កម្ពុជា ឡាវ និងវៀតណាម​) ដើម្បី​ស្រាវជ្រាវ ពិនិត្យ​តាមដាន និង​រាយការណ៍​អំពី​ប្រភេទ​ជំងឺឆ្លង​ដែល​គ្រោះថ្នាក់​ជាពិសេស ​(EDPs)​ ដែល​កើត​លើ​សត្វព្រៃ​។​

​អង្គការ​ WCS​ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​សមិទ្ធផល​សំខាន់ៗ​មួយចំនួន​ដែល​គម្រោង​សម្រេចបាន​រួមមាន ការរកឃើញ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​លើស​ត្វ​ជ្រូកព្រៃ ការឆ្លើយតប​ក្នុងន័យ​សុខភាព​តែមួយ​ដោយ​សហ​ស្ថាប័ន​ចំពោះ​ការផ្ទុះ​ជំងឺ​ផ្តាសាយ H5N1 និង​កិច្ចសហការ​រៀបចំ​យុទ្ធនាការ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពក​ស្បែក​លើ​សត្វពាហនៈ​ជាមួយ​នាយកដ្ឋាន​សុខភាព​សត្វ ដើម្បី​ការពារ​ពពួកសត្វ ទំពារ​អៀង​ព្រៃ​»​។​

​ការបង្ហាញ​ពី​ការឈឺ​និង​ស្លាប់​របស់​សត្វព្រៃ​ជាង​ ១០០ ​ករណីនេះ​ត្រូវបាន​ធ្វើឡើង ក្រោយ​ពេលដែល​អង្គការ​ WCS​ បានរៀបចំ​កិច្ចប្រជុំ​ចុងក្រោយ​សម្រាប់​គម្រោង​អង្កេត​តាមដាន​សុខភាព​សត្វព្រៃ​(Wild Health Net) ដើម្បី​បំណង​ចែករំលែក​សកម្មភាព​ការងារ​របស់​គម្រោង​ និង​សមិទ្ធផល​សម្រេចបាន​ក្នុង​រយៈពេល​បី​ឆ្នាំកន្លងមក​កាលពី​សប្តាហ៍​មុន​។​

​កិច្ចប្រជុំ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ពិភាក្សា​អំពី​ឱកាស​សម្រាប់​ដៃគូ​របស់​បណ្តាញ​អង្កេត​តាមដាន​សុខភាព​សត្វព្រៃ​ក្នុងកំឡុងពេល​អន្តរកាល​នេះ​ដើម្បី​រក្សា និង​ធានា​ដល់​និរន្តរភាព​របស់​បណ្តាញ និង​ផ្តល់នូវ​ឱកាស​សម្រាប់​ដៃគូ​របស់​បណ្តាញ​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព​នៃ​គម្រោង​អង្កេត តាមដាន​សុខភាព​សត្វព្រៃ​នៅ​កម្ពុជា និង​ពិនិត្យ​លទ្ធភាព​ថា​ តើ​គម្រោង​នេះ​អាច​បន្ត​និរន្តរភាព​នាពេល​អនាគត បាន​យ៉ាងដូចម្តេច​តាមរយៈ​កិច្ចសហការ​បន្ត​និង​ការចូលរួម​ពី​ស្ថាប័ន​រដ្ឋាភិបាល​និង​ដៃគូ​របស់​បណ្តាញ​សុខភាព​តែមួយ​៕