មណ្ឌលគិរីៈ នគរបាលស្រុកកោះញែកបានឱ្យបុរសជាម្ចាស់ទីតាំងបើកបញ្ជល់មាន់តាមអនឡាញម្នាក់ឈ្មោះ ម៉ាត់ អាយុ ២៨ ឆ្នាំធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់សកម្មភាពល្មើសច្បាប់បញ្ជល់មាន់ស្ថិតនៅ ភូមិក្លងឡៃ ឃុំសុខសាន្ត ស្រុកកោះញែកនៅថ្ងៃទី ២៧ ខែឧសភានេះ។
យោងតាមមជ្ឈមណ្ឌលប្រចាំបញ្ជារបស់កងម្លាំងនគរបាលបានឱ្យដឹងថា ប្រជាពលរដ្ឋមូលដ្ឋានបានសុំអន្តរាគមន៍តាមទូរស័ព្ទពីសមត្ថកិច្ចនៅវេលាម៉ោង ១១:២០ នាទី ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២២ ពីការលេងល្បែងនេះ។ ករណីលេងល្បែងបញ្ជល់មាន់តាមអនឡាញនេះមានម្ចាស់ទីតាំងឈ្មោះ ម៉ាត់។ គាត់បានជួលផ្ទះគេទៅបើកល្បែងបញ្ជល់មាន់តាមអនឡាញ ស្ថិតនៅ ភូមិក្លងឡៃ ឃុំសុខសាន្ត។
ក្រោពីទទួលបានដំណឹងនេះ នគរបាលស្រុកកោះញែកបានចុះទៅអន្តរាគមន៍ភ្លាមៗផងដែរ។ ប៉ុន្តែក្រុមអ្នកលេងបានឈប់លេង និងគេចខ្លួនមុនសមត្ថកិច្ចទៅដល់។ ចំពោះម្ចាស់ទីតាំង សមត្ថកិច្ចបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់បើកលេងបន្តទៀត។ សមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងនេះ ទើបតែបើកលេងបាន ១ ថ្ងៃប៉ុណ្ណោះ៕