ព្រះសីហនុៈ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុបានឱ្យដឹងថា មន្ទីរបានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ៤៥ គម្រោង ដែលមានទុនវិនិយោគសរុប ៤៧ ៦១៦ ២៧១ ដុល្លារអាមេរិក ចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ ២០២២ នេះ។ នេះបើយោងតាមក្រសួងព័ត៌មាននៅថ្ងៃទី ២៧ ខែឧសភានេះ។

លិខិតអនុញ្ញាតសាងសង់ចំនួន ៤៥ គម្រោងនោះ មានផ្ទៃក្រឡាសំណង់សរុប ៨៤ ៧៨៨ ម៉ែត្រក្រឡា។ ក្នុងនោះមាន សំណង់សមត្ថកិច្ចក្រសួងចំនួន ៦ គម្រោងមានផ្ទៃ ក្រឡាសំណង់សរុប ៥៦ ៥៦២ ម៉ែត្រក្រឡា មានទុនវិនិយោគសរុប ៣៣ ៩៣៧ ២០០ ដុល្លារអាមេរិក, សំណង់សមត្ថកិច្ចខេត្តចំនួន ១៣ គម្រោងមានផ្ទៃក្រឡាសំណង់សរុប ២៣ ៥៨៧ ម៉ែត្រក្រឡា ដែលមានទុនវិនិយោគសរុប ១១ ៧៩២ ៦០០ ដុល្លារអាមេរិក, សំណង់សមត្ថកិច្ចក្រុងចំនួន ២៦ គម្រោងមានផ្ទៃ ក្រឡាសំណង់សរុប ៤ ៦៣៩ ម៉ែត្រការ៉េ និងទុនវិនិយោគសរុប ១ ៨៨៦ ៤៧១ ដុល្លារអាមេរិកផងដែរ។

ប្រភពដដែលបានឱ្យដឹងថា ក្នុងនោះគម្រោងទាំងនោះក៏មាន ៣ គម្រោង ត្រូវបានមន្ទីរចេញលិខិតឱ្យជូនម្ចាស់ធ្វើការកែសម្រួលប្លង់ និងបន្ថែមឯកសារពាក់ព័ន្ធនឹងបច្ចេកទេសផងដែរ។

មន្ទីរដែនដីខេត្តក៏បានស្នើឱ្យម្ចាស់ការដ្ឋានសំណង់ទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាតសាងសាង់ ត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដា បច្ចេកទេសដែលក្រសួង និងមន្រ្តីជំនាញបានកំណត់ ដើម្បីចៀសវាងនូវបញ្ហាណាមួយកើតឡើងជាយថាហេតុ។

ចាប់ពីឆ្នាំ ២០១៧ រហូតមកដល់ពេលបច្ចុប្បន្ននេះ មន្ទីរបានផ្តល់លិខិតអនុញ្ញាតសាងសង់ជាង ១ ៧៣១ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុប ១៥.៤៨១.៦១៥ ម៉ែត្រក្រឡា និងមានទុនវិនិយោគសរុប ៨.៤៧២.៤៨៣.៤២៧ ដុល្លារអាមេរិក។ ក្នុងនោះ ភាគច្រើននៃគម្រោង ដែលបានស្នើសុំសាងសង់ រួមមានគម្រោងអគារស្នាក់នៅរួម អគារពាណិជ្ជកម្ម អគារសណ្ឋាគារ និងអគារពហុមុខងារ។ ភាគច្រើនជាអគារខ្ពស់ៗមានកម្ពស់រហូតដល់ ៥៣ ជាន់ និងមានគម្រោងតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងរោងចក្រផ្សេងៗទៀតជាដើម ក្នុងគោលបំណងទ្រទ្រង់ឱ្យវិស័យសេដ្ឋកិច្ចកម្ពុជា។ នេះបើយោងតាមក្រសួងព័ត៌មានដដែលនេះ៕