ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០២២ នឹងត្រូវ​ដាក់​ឱ្យ​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ០១ ខែមិថុនា រហូតដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ ​២០២២ តទៅ ហើយ​ចាប់ពី​ថ្ងៃទី​ ០១ ខែមករា ឆ្នាំ​ ២០២៣ តទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ និង​ធ្វើការ​ពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយណា​ដែល​មិនទាន់​បានប្រកាស​បង់ពន្ធ​នេះ​។

នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ដែល​បានចេញ​សេចក្តី​ជូនដំណឹង​ស្តីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០២២ នៅ​ថ្ងៃទី​ ២៧ ខែឧសភា នេះ​។

ចំពោះ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ត្រូវដាក់​លិខិត​ប្រកាស ឬ​យក​មក​ជាមួយ​នូវ​ប័ណ្ណ​សម្គាល់​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ និង​ធ្វើការ​បង់ពន្ធ​នៅ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅ​ធនាគារ​កាណាឌីយ៉ា​, ធនាគារ​អេស៊ីលីដា​, ធនាគារ​វឌ្ឍនៈ​, ធនាគារ​កម្ពុជា​សាធារណៈ , ធនាគារ​ជេ ត្រាស់ រ៉ូយ៉ាល់​, ធនាគារ​ស្ថាបនា​, ធនាគារ​ប្រៃសណីយ៍​កម្ពុជា​, ធនាគារ​វឌ្ឍនៈ​អាស៊ី ចំកាត់​, ធនាគារ ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា​, ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​អាច​បង់​តាមរយៈ​កម្មវិធី "GDT Taxpayer App​។

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើកឡើង​ថា៖ «​ចំពោះ​យានយន្ត​ដែលជា​កម្មសិទ្ធិ​របស់​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា ត្រូវ​ស្នើសុំ​មក​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ទទួលបាន​នូវ​លតាបត្រ បង់ពន្ធ (​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​)»​។

ប្រភព​ដដែល​បាន​បន្តថា ចំពោះ​យានយន្ត​របស់​ក្រសួង​-​ស្ថាប័ន ឬ​អង្គភាព​ដែល​ត្រូវ​ទទួលបាន​លតាបត្រ​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង យានជំនិះ​គ្រប់​ប្រភេទ (​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ ឬ​បង់​តាម​អាណត្តិ​បើកប្រាក់​) ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​បញ្ជី​សារពើ​ភណ្ឌ​យានយន្ត ទ្រព្យសម្បត្តិ​រដ្ឋ (​តារាង​កើនឡើង និង​ថយចុះ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រចាំឆ្នាំ​) ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

ជាមួយ​គ្នានេះដែរ ចំពោះ​យានយន្ត​ឯកជន​ជ្រក​ក្រោម ស្លាក​លេខ​រដ្ឋ ស្លាក​លេខ ខ.ម និង ន.ប ពុំ​អនុញ្ញាត​ឱ្យ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់ ឆ្នាំ​ ២០២២​ ទេ​។ ម្ចាស់​យានយន្ត​ទាំងនេះ​អាច​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០២២ បាន​លុះត្រាតែ​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នាំចូល​ស្របតាម​ច្បាប់​ និង​បទប្បញ្ញត្តិ ស្តីពី​គយ និង​ចុះបញ្ជី​យានយន្ត​នៅ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ឱ្យ​បាន​រួចរាល់​ជាមុនសិន​។

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់ថា៖ «​ចាប់ពី​ថ្ងៃទី​ ០១ ខែមករា ឆ្នាំ​ ២០២៣ តទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដើម្បី​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ និង​ធ្វើការ​ពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយ​ណា​ដែល​មិនទាន់​បានប្រកាស​បង់ពន្ធ​ក្នុង​ឆ្នាំ​កន្លងមក តាមច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន​»៕