
ក្រុមមន្ត្រី ពិនិត្យផ្លែឈើដែលដាំនៅក្នុងភូមិធម្មជាតិរុនតាឯក។ រូបថតអាជ្ញាធរជាតិអប្សរា
សៀមរាបៈ ផ្លែម្នាស់ទឹកឃ្មុំរបស់គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកត្រូវបានដាក់លក់នៅមុខសួនធម្មជាតិអង្គរ ដែលអាជ្ញាធរជាតិអប្សរាទើបនឹងបើកសម្ពោធកាលពីថ្ងៃទី ១៩ ខែឧសភា។
គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកកំពុងប្រមូលផលម្នាស់ទឹកឃ្មុំ ដែលបានដាំបង្ហាញលើផ្ទៃដីជាង ២ ហិកតា។ ការដាំដុះគឺប្រើប្រាស់ជីធម្មជាតិសុទ្ធសាធ និងទទួលបានការកោតសរសើរថាមានឱជារសផ្អែមឆ្ងាញ់។
សាធារណជនអាចភ្លក់រសជាតិម្នាស់ទឹកឃ្មុំ ដែលដាំដោយអ្នកភូមិធម្មជាតិរុនតាឯកនៅសួនរុក្ខជាតិអង្គរ។ នេះបើយោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី ២៧ ឧសភា។
លោក ស៊ុន កែវពិសី អនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ប្រាប់ថា គម្រោងដាំបង្ហាញម្នាស់នៅក្នុងភូមិចាប់ផ្តើមពីឆ្នាំ ២០២១ មក ដោយឆ្នាំដំបូងដាំបានចំនួន ៦ ពាន់ដើមលើផ្ទៃដីកន្លះហិកតា និងទទួលផលល្អប្រសើរ។
ដោយទិន្នផលល្អដូច្នេះហើយទើបឆ្នាំ ២០២២ នេះគម្រោងបានបំបែកកូនម្នាស់ដាំជាបន្តបន្ទាប់ ដោយពង្រីកលើផ្ទៃដីសរុប ២ ហិកតាកន្លះ។
ចំពោះការប្រើប្រាស់ជីវិញ លោក ស៊ុន កែវពិសី ប្រាប់ថា គឺប្រើជីអាចម៍មាន់ និងប្រភេទជីកំប៉ុស្ត ហើយការប្រើជីធម្មជាតិ ដូច្នេះអ្នកជំនាញប្រាប់ថា បានទិន្នផលល្អមិនចាញ់ប្រើជីគីមីប៉ុន្មានទេ និងថែមទាំងមិនប៉ះពាល់សុខភាពទៀត។
ចំណែកទីផ្សារវិញ ការដាំនៅឆ្នាំនេះ គឺបេះលក់នៅសួនរុក្ខជាតិអង្គរ ដែលអាជ្ញាធរជាតិអប្សរាទើបនឹងសម្ពោធកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ ហើយមានការគាំទ្រច្រើនពីសាធារណជនដែលបានចូលទៅទស្សនាក្នុងសួនមួយនេះ។
ក្រៅពីម្នាស់ ក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនេះក៏មានដាំផ្លែឈើចម្រុះដទៃទៀត រួមមាន ផ្លែខ្នុរ ស្រកានាគ អំពៅ។ល។ បង្ហាញដល់ពលរដ្ឋក្នុងភូមិ និងលើកទឹកចិត្តដល់ពួកគេដាំដុះឱ្យបានច្រើនផងដែរ។
ចំពោះដំណាំម្នាស់វិញមានពលរដ្ឋ ៤ គ្រួសារហើយដែលចាប់អារម្មណ៍ ហើយគម្រោងនេះបានចែកពូជកូនសរុប ១ ២០០ កូន ដល់ពលរដ្ឋដោយឥតបង់ថ្លៃ ក្នុងន័យលើកស្ទួយកម្រិតជីវភាពពួកគេឱ្យមានភាពល្អប្រសើរ និងដែលពួកគេយកទៅដាំលើផ្ទៃដីដែលអាជ្ញាធរជាតិអប្សរាចែកជូន។ នេះជាការបញ្ជាក់របស់លោក ស៊ុន កែវពិសី។
លោក ស៊ុន កែវពិសី ក៏លើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីបន្តអភិវឌ្ឍន៍ភូមិនេះ ដូចជាបានបន្តរៀបចំជាផ្លូវថ្នល់ និងប្រព័ន្ធប្រឡាយ ៤ ខ្សែបន្ថែមទៀត សម្រួលដល់ការធ្វើដំណើរ និងយកទឹកស្រោចស្រពសម្រាប់ដំណាំកសិកម្មប្រជាពលរដ្ឋក្នុងភូមិទាំងមូលផងដែរ៕