ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) អះអាងថា ក្នុងរយៈពេល ៦ ថ្ងៃ កន្លងមកនេះ ការឃោសនាបោះឆ្នោតឃុំ-សង្កាត់ របស់គណបក្សនយោបាយបានប្រព្រឹត្តទៅដោយរលូន ដោយរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ។
លោក ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាថ្ងៃទី ២៧ ខែឧសភាថា៖ «ក្នុងរយៈពេល ៦ ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត និងរាជធានី បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីបណ្តាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងឃុំ-សង្កាត់»។
លោកថ្លែងថា គណបក្សនយោបាយដែលបានចូលរួមឃោសនាបោះឆ្នោតបានសហការផ្តល់ព័ត៌មាន និងគោរពតាមការរៀបចំ ចាត់ចែង និងសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ហើយគោរពបាននូវក្រមសីលធម៌ក្នុងការឃោសនាបោះឆ្នោត។
លោក ហង្ស ពុទ្ធា បន្ថែមថា អាជ្ញាធរមូលដ្ឋានបានផ្តល់កិច្ចសហការ ជួយសម្របសម្រួល រក្សាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធា្នប់ក្នុងឃុំ សង្កាត់ ពិសេសសណ្តាប់ធ្នាប់សាធារណៈដោយពុំមានការរើសអើង៕