ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​ វេង សាខុន និង​លោក Anthony Mcdonald​ នាយក​ធនាគារ​ ADB ​បាន​ជួបពិភាក្សា​ការងារ​នៅ​ថ្ងៃទី​ ២៧ ខែឧសភា ដើម្បី​សិក្សា និង​ស្វែងយល់​បន្ថែម​ពី​តម្រូវការ​ចាំបាច់​សម្រាប់​គម្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម​មួយចំនួន ដែល​ ADB អាច​ពិចារណា​ជួយឧបត្ថម្ភ​គាំទ្រ​ហិរញ្ញវត្ថុ​ក្នុង​ការស្តារ​សេដ្ឋកិច្ច បន្ទាប់ពី​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូវិដ​ ១៩ ​បាន​ធូរស្បើយ​។

ភាគី​ទាំង​ពីរបាន​លើក​យក​ប្រធានបទ​សំខាន់ៗ​មួយចំនួន​មក​ពិភាក្សា​គ្នា ដែល​ទាក់ទង​នឹង​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​កម្មវិធី​នានា​ដែល​ស្ថិតក្រោម​ជំនួយ​ឧបត្ថម្ភ​របស់ ADB ព្រមទាំង​បញ្ហា​ប្រឈម និង​គោលដៅ​អនាគត​ថា​ត្រូវធ្វើ​យ៉ាងណា​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​គោលនយោបាល និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​ ២០២២-២០៣០ និង​ជាពិសេស​ស្របទៅតាម​បរិបទ​នៃ​ការស្តារ​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ​ បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

រដ្ឋមន្ត្រី​បាន​ថ្លែងប្រាប់​នាយក​ធនាគារ​ ADB ​ថា គម្រោង​ទាំងអស់​បាននិង​កំពុង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កម្រិត​ជីវភាព និរន្តរភាព​នៃ​កំណើន​សេដ្ឋកិច្ច​គ្រួសារ និង​បង្កើត​ឱកាស​ការងារ តាមរយ:​ការប្រើប្រាស់​បច្ចេកវិទ្យា​សមស្រប ការធ្វើ​ពិធកម្ម​កសិកម្ម ការសម្រប​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ការធានា​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​តំបន់ឆ្នេរ និង​សមុទ្រ​ប្រកប​ដោយ​និរន្តរភាព ការជួយ​ដល់​សហគមន៍​នេសាទ សហគ្រាស​កែច្នៃ​ធន់​តូច និង​ការដាំ​ព្រៃកោងកាង​ឡើងវិញ លើកកម្ពស់​ទីផ្សារ​កសិករ​នៅតាម​សហគមន៍​។ សកម្មភាព​ទាំងនោះ​កំពុង​ចូលរួម​ស្តារ​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ​ បន្ទាប់ពី​វិបត្តិ​កូវីដ​ ១៩​។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ដើម្បី​ដើរ​ឱ្យទាន់​ស្ថានការណ៍​វិវឌ្ឍន៍​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ជាពិសេស​ក្នុង​បរិបទ​នៃ​ការស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ លោក​រដ្ឋមន្ត្រី​បាន​លើកសំណើ​ធ្វើការ​ពិនិត្យ​ពិចារណា​នូវ​លទ្ធភាព​ដល់​ការគាំទ្រ​លើ​គម្រោង​សំខាន់ៗ​មួយចំនួន​។ ក្នុងនោះ​រួមមាន​ទី​ ១- ការគាំទ្រ​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម ជាពិសេស​ការពង្រឹង​ផលិតភាព​ផលិតកម្ម​បន្លែ និង​ផ្លែឈើ​ហូប​ផ្លែ ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និង​តម្លៃ ដោយ​ធ្វើការ​ចងក្រង​ជា​សហគមន៍ និង​បណ្តុំ​ផលិត បណ្តាញ​ទីផ្សារ កន្លែង​ប្រមូលផ្តុំ រចនាសម្ព័ន្ធ​ទូ​ត្រជាក់ និង​ប្រព័ន្ធ​លើកដាក់​ និង​ដឹកជញ្ជូន​។ ទី​ ២- បន្តធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម ដើម្បី​លើកកម្ពស់​ខ្សែ​ច្រវាក់​តម្លៃបន្ថែម កសាង និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដែល​បម្រើ​ដល់​ផលិតកម្ម​ដំណាំ​កសិឧស្សាហកម្ម ការកែច្នៃ លើកកម្ពស់​ការផ្តល់​សេវា​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម ការសិក្សា​ស្រាវជ្រាវ និង​ផលិត​ពូជ សំដៅ​បង្កើន​ទិន្នផល ការគ្រប់គ្រង និង​ការប្រើប្រាស់​ជី ថ្នាំ​កសិកម្ម ព្រម​ទាំង​ការកសាង និង​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស និង​សមត្ថភាព​សហគមន៍ និង​វិស័យ​ឯកជន​សំដៅ​លើកកម្ពស់​សមត្ថភាព​ក្នុង​ការនាំចេញ​។ ទី​ ៣- បញ្ហា​ប្រឈម និង​ការលើក​កម្ពស់​អភិវឌ្ឍ​អនុវិស័យ​វារីវប្បកម្ម សំដៅ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ជាមួយ​តម្លៃ​ចំណី​សមស្រប ដើម្បី​បាន​ការផលិត​ប្រកប​ដោយ​និរន្តរភាព និង​ប្រកួត​ប្រជែង​ជាមួយ​ទីផ្សារ​ជាមួយ​ប្រទេស​ជិតខាង​។ ជាងនេះ​ទៅ​ទៀត​ការកសាង ខ្សែច្រវាក់​ផលិតកម្ម តម្លៃបន្ថែម ទីផ្សារ និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ​នៅតែ​ជា​អាទិភាព​ និង ទី ​៤- ការពង្រីក​ទំហំ​នៃ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម (Scale Up) និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ព្រមទាំង​ជំរុញ​ និង​ពង្រឹងសមត្ថភាព​ដល់​សហគមន៍​កសិកម្ម​ឱ្យ​ក្លាយជា​សហគ្រិនភាព​ជាមួយ​នឹង​ការចង​បណ្តុំ​អាជីវកម្ម​បន្លែ ផ្លែឈើ និង​សត្វ ទាំង​ផ្លូវច្បាប់ បច្ចេកទេស និង​ឥណទាន ដើម្បី​ជំរុញ​ផលិតភាព​ផលិតកម្ម​របស់​ពួកគាត់​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​ទាំង​បរិមាណ គុណភាព សុវត្ថិភាព និង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ​៕