ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា​ពេលវេលា​ដែល​កូនប្រុស​ច្បង​របស់​លោក គឺ លោក ហ៊ុន ម៉ាណែត ដែលជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល ខេមរភូមិន្ទ និង ជា​មេបញ្ជាការ​កងទ័ពជើងគោក​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​គឺ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង ហើយ​លោក​បញ្ជាក់ថា​៖ «​បើ​យើងខ្ញុំ​មិន​ធ្វើការ​បោះឆ្នោត ហើយ​ផ្ទេរអំណាច​ឱ្យ​កូន​ទើប​ជា​រឿង ដែល​គេ​និយាយ [​រិះគន់​] ត្រឹមត្រូវ​។ ខ្ញុំ​ទទួលយក​»​។

ឆ្លើយតប​ទៅនឹង​សំណួរ​ដែល​សួរ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​ ២៧ ស្ដីពី «​អនាគត​របស់​អាស៊ី​» នៅ​ថ្ងៃទី​ ២៧ ខែឧសភា នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​តាម​ប្រព័ន្ធ​វីដេអូ លោក ហ៊ុន សែន ថ្លែង​ថា គណបក្ស​ប្រជាជន​បានសម្រេច​ជា​ផ្លូវការ​រួចហើយ​អំពី​អនាគត​បេក្ខជន​នាយក​រដ្ឋមន្ត្រី​បន្តវេន ហើយ​ពេលវេលា​ដែល​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​គឺ «​ទុក​បញ្ហា​មួយ​អន្លឺ​»​។

សម្រាប់​ការបោះ​ជាតិ​ឆ្នាំ​ ២០២៣ គឺ​លោក​នៅតែ​ជា​បេក្ខជន នាយករដ្ឋមន្ត្រី រីឯ​លោក ហ៊ុន ម៉ាណែត គឺជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្តវេន​។

លោក​ថ្លែងថា​៖ «​សម្រាប់​ពេលវេលា​ដូច​ខ្ញុំ​បានបញ្ជាក់​គឺ​វា​ពេលណា​អាស្រ័យ​លើ​ស្ថានភាព ជាក់ស្តែង ដែល​នឹងត្រូវ​ផ្តល់ ហើយ​សម្រាប់​អ្នក​ដែល​ទិតៀន​សុំ​អញ្ជើញ​ទិតៀន​បន្តទៀត​ចុះ​។ យើងខ្ញុំ​នៅទីនេះ ប្រើប្រាស់​ការបោះឆ្នោត​។ បើសិនជា​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត វា​មិន​គ្រាន់តែ​បាត់​ ហ៊ុន ម៉ាណែត ទេ បាត់​ទាំង​ ហ៊ុន សែន តែម្តង​»​។

លោក ហ៊ុន សែន បន្តថា ការដែល​លោក​បណ្តុះបណ្តាល​លោក ហ៊ុន ម៉ាណែត គឺ​មិនមែន​ជា​ការបណ្តុះបណ្តាល​ ដើម្បី​យកមក​ឱ្យធ្វើ «​មេចោរ​» នោះទេ ដោយ​លោក​ចោទ​ជា​សំណួរ​ថា នៅលើ​ពិភពលោក​នេះ តើ​មាន​អ្នកណា​មិន​ចង់ឱ្យ​កូន​ខ្លួន​ធ្វើ​អ្នកធំ​។

លោក​ថា ប្រសិន​បើ​លោក ហ៊ុន ម៉ាណែត មិន​ស័ក្តិសម​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្តវេន​ទេ​នោះ ប្រហែល​ទាំង​រូបលោក​ក៏ដូចជា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ផ្សេងទៀត​ក៏​មិន​សម្រេច​តែងតាំង​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើជា​បេក្ខជន នាយករដ្ឋមន្ត្រី​បន្តវេន​នោះដែរ ហើយ​លោក​ក៏​មិន​យល់ព្រម​ឱ្យ​លោក ហ៊ុន ម៉ាណែត «​បំផ្លាញ​» គណបក្ស​ប្រជាជន​កម្ពុជា​នោះដែរ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ចោទ​សួរថា​៖ «​ដូច្នេះ​អ្នកដទៃ​ប្រឹងប្រែង​ ដើម្បី​ឱ្យ​កូន​ខ្លួនឯង​ឡើង​ធំ ហើយ​ខ្លួនឯង​ធ្វើការ​នេះ ធ្វើការ​នោះ ហេតុអ្វី​ខ្ញុំ​គ្មាន​សិទ្ធិ​ ដើម្បី​នឹង​គាំទ្រ​កូន​ខ្លួនឯង​ឱ្យ​កាន់​តំណែង​នេះ កាន់តំណែង​នោះ​? តើ​ខ្ញុំ​ត្រូវបាន​ដកហូត​សិទ្ធិ ឬ​យ៉ាងម៉េច​? ការបន្ត​វេន មិន​បន្តវេន វា​ចំណុះ​ទៅលើ​បញ្ហា​ប្រជាជន​បោះឆ្នោត​ឱ្យ​ឬ​អត់​? បើសិន​ជា​ប្រជាជន​បោះឆ្នោតឱ្យ​គឺ​បញ្ហា​នេះ​វា​មិនមែន​ជា​បញ្ហា​ការផ្ទេរ​តំណែង ដោយ​ចិត្ត​ឯង​នោះទេ គឺ​ប្រជាជន​ជា​អ្នកគាំទ្រ​»​។

លោក ហ៊ុន សែន បន្ថែមថា​នៅពេល​បោះឆ្នោត​ខាងមុខ បើសិន​ជា​ប្រជាជន​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន លោក ហ៊ុន សែន ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី ហើយ​មាន​លោក ហ៊ុន ម៉ាណែត ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្តវេន គឺ​បាន​សេចក្តីថា ប្រជាជន​យល់​ស្រប​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ហើយ​បន្តទៅ​ដឹកនាំ​ដោយ លោក ហ៊ុន ម៉ាណែត​។ លោក​ថា នេះ​គឺជា​រឿង​ធម្មតា​។

លោក​បញ្ជាក់ថា​៖ «​ប៉ុន្តែ​បើ​គណបក្ស​ប្រជាជន​ចាញ់ វា​បាត់​ទាំង ហ៊ុន សែន ហើយ​វា​បាត់​ទាំង ហ៊ុន ម៉ាណែត តែម្តង​។ បញ្ហា​វា​នៅ​កន្លែង​ហ្នឹង​។ បើ​យើងខ្ញុំ​មិន​ធ្វើការ​បោះឆ្នោត ហើយ​ផ្ទេរអំណាច​ឱ្យ​កូន​ទើប​ជា​រឿង​ដែល​គេ​និយាយ [​រិះគន់​] ត្រឹមត្រូវ​។ ខ្ញុំ​ទទួលយក​»​។

លោក ហ៊ុន សែន បន្តថា​៖ «​ប៉ុន្តែ​នៅពេល​ដែល​មាន​ការ​បោះឆ្នោត​បែបនេះ ខ្ញុំ​មិនអាច​ទទួល​យក​នូវ​ការទិតៀន​ណាមួយ​ទេ ហើយ​សុំ​អ្នកដទៃ​គិត​ខ្លួនឯង​ឱ្យបាន​ច្បាស់​មុននឹង​និយាយ​មកកាន់​ខ្ញុំ​។ តើ​អ្នកឯង​ចង់ឱ្យ​កូន​ខ្លួនឯង​រកស៊ី​មានបាន និង​មាន​ការងារ​ល្អ​ធ្វើ​ទេ​? សម្រាប់​ខ្ញុំ ខ្ញុំ​ជា​មនុស្ស​ដូច​គេ​ដែរ​។ បើ​អ្នកដទៃ​ជា​មនុស្ស ហើយ​មានការ​ចង់ឱ្យ​កូនចៅ កូន​ខ្លួនឯង ប្អូន​ខ្លួនឯង មាន​ការងារ​ធ្វើ​ល្អ ហេតុអ្វី​ខ្ញុំ​គ្មាន​សិទ្ធិ​? ខ្ញុំ​ត្រូវតែ​មាន​សិទ្ធិ​»៕